មិនមានកម្លាំងសែងសាកសពលោកតាទៅកប់
(តាកែវ) ពៅ មានអាយុ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ នៅក្នុងភូមិព្រៃលៀប ចាប់ផ្ដើមមានទាហានវៀតកុង ចូលមក និងមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ពៅ បានភៀសទៅរស់នៅភូមិជាវប្ដី ដើម្បីគេចពីការទម្លាក់គ្រាប់បែកនេះ។
នៅឆ្នាំ១៩៧២ នៅភូមិជាវប្ដី មានការទម្លាក់គ្រាប់ដូចគ្នា ហេតុនេះហើយបានជាគ្រួសាររបស់ពៅ ផ្លាស់ទីលំនៅទៅទីក្រុងភ្នំពេញបន្តទៀត។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្មែរក្រហម បានជម្លៀស គ្រួសាររបស់ពៅ មកភូមិព្រៃលៀប ស្រុកគីរីវង់វិញ។ ពៅ បានចំណាយពេលកន្លះខែក្នុងការធ្វើដំណើរមកភូមិព្រៃលៀប។ នៅភូមិព្រៃលៀប សហករណ៍បានចែកអង្ករឲ្យប្រជាជន១៧ មេសា ដាំហូបតាមផ្ទះ និងធ្វើស្រែប្រវាស់ដៃ។
ក្រោយមក ប្រធានសហករណ៍ បានជម្លៀសគ្រួសាររបស់ពៅ ឲ្យទៅនៅភូមិខ្វាវ និងចាប់ផ្ដើមធ្វើស្រែចម្ការ រួមគ្នា និងចែកផលតាមចំនួនសមាជិកគ្រួសារ។ ពៅ បានឲ្យដឹងថា គ្រួសារគាត់ទទួលបានស្រូវ ឬដំណាំផ្សេងៗបន្តិចបន្តួច បើប្រៀបធៀបទៅប្រជាជនដែលមានសមាជិកគ្រួសារច្រើន។
នៅឆ្នាំ១៩៧៦ អង្គការបានជម្លៀស ពៅ ឲ្យទៅស្រុកត្រាំកក់ តំបន់១០៥។ នៅតំបន់១០៥ ការរស់នៅមានសភាពលំបាកនិងហូបចុកមិនគ្រប់គ្រាន់ ហើយត្រូវធ្វើការងារធ្ងន់ធ្ងរ។ ពៅ បានបន្តថា នៅតំបន់១០៥ មានប្រជាជន ១៧ មេសា ស្លាប់ជាបន្តបន្ទាប់ដោយសារការអត់ឃ្លាន ក្នុងនោះក៏មានលោកតារបស់ពៅដែរ។ តាមសម្ដីរបស់ពៅ បន្ទាប់ពីតាស្លាប់ កូនចៅមិនមានកម្លាំងសែងសាកសពរបស់តាយកទៅកប់នោះទេ គឺទុករហូតដល់សហករណ៍ចាត់មនុស្ស ៤នាក់ឲ្យមកជួយសែងទៅកន្លែងកប់។ នៅកន្លែងបញ្ចុះសព បងប្អូនរបស់ ពៅ បានជីករណ្ដៅរាក់មួយ ដើម្បីកប់លោកតា និងដាក់ថ្មដើម្បីចំណាំទីកន្លែង។
នៅស្រុកត្រាំកក់ ពៅ បានពពោះ និងសម្រាលបានកូនស្រីម្នាក់។ ពៅ បានឲ្យដឹងថា ការងាររបស់ស្រ្ដីពពោះជិតគ្រប់ខែ និងក្រោយពេលសម្រាលកូនគឺ លាយជី, កាប់ដើមពារាននគរ និងមើលក្មេងៗ។ ពៅ បានបន្តថា នៅពេលដែលគាត់សម្រាលកូនបាន៣ខែ អង្គការបានប្ដូរគាត់ឲ្យរែកដីដំបូក, រែកអាចម៌គោ និងរែកជីដាក់ស្រែ។ បន្ទាប់មក នៅពេលដែលកូនធំបន្តិច អង្គការបានឲ្យ ពៅ ចូលទៅធ្វើការងារ ដកស្ទូង និងច្រូត នៅក្នុងសហករណ៍ជាមួយប្រជាជន១៧ មេសា ផ្សេងទៀត។
ពៅ រស់នៅស្រុកត្រាំកក់ រហូតដល់ខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ នៅពេលដែលអ្នកស្ម័គ្រចិត្តចុះទៅសម្ភាស ពៅ មានជំងឺភ្នែក និងបេះដូង។ អាការនៃជំងឺរបស់គាត់គឺឧស្សាហ៍ហត់។ ពៅ ត្រូវលេបថ្នាំបេះដូង និងលើសឈាមជាប្រចាំ។
សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី១២ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៧ មករា ឆ្នាំ២០២៥