រត់គេចពីការចាក់ថ្នាំសម្លាប់

(កណ្ដាល)៖ ប្រុញ ណយ មានអាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ណយ ធ្លាប់បានរស់នៅជាមួយម្តាយចុង និងមិនមានឱកាសទទួលបានការសិក្សារៀនសូត្រឡើយ។ នៅពេលនោះគាត់មានភារកិច្ចមើលថែផ្ទះសំបែង និងការងារចិញ្ចឹមសត្វ និងដាក់ចំណីជ្រូក។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់តំបន់ដែល ណយ រស់នៅហើយគាត់ត្រូវបានជម្លៀសចេញពីទីលំនៅទៅតំបន់មាត់ទន្លេ និងបន្តទៅភូមិទួលទ្រាល។ ក្នុងនាមជាប្រជាជនថ្មី ការរស់នៅមានភាពលំបាកខ្លាំង ដោយសារត្រូវបង្ខំឱ្យធ្វើការងារធ្ងន់ៗជាច្រើនប្រភេទ រាប់ចាប់តាំងពីការច្រូតស្រូវ និងដាំពោត។

នៅក្នុងរបបខ្មែរក្រហម ណយ បានរៀបការតាមរយៈការរៀបចំរបស់អង្គការ។ ក្រោយមកគាត់បានពពោះកូនម្នាក់ ប៉ុន្តែកូននោះបានបាត់បង់ជីវិតទៅវិញក្នុងរបបនោះ។ ប្ដីរបស់ ណយ ត្រូវចាត់តាំងឱ្យធ្វើការជាអ្នកជាន់រហាត់ទឹកនៅពេលថ្ងៃ និងជាន់អង្ករនៅពេលយប់។ ចំណែកឯរបបអាហារដែលទទួលបានត្រឹមតែបបរលាយជាមួយពោត និងដំឡូងចំនួនពីរវែកក្នុងមួយពេល។ ការបង្ខំឱ្យធ្វើការងារធ្ងន់ហួសកម្លាំង ស្របពេលដែលអាហារមិនគ្រប់គ្រាន់ បានធ្វើឱ្យ ណយ ធ្លាក់ខ្លួនមានឈឺជាទម្ងន់។

ក្នុងអំឡុងពេលមានជំងឺ ណយ ត្រូវបានព្យាបាលដោយប្រើប្រាស់ថ្នាំដែលខ្មែរក្រហមផលិតឡើងដោយដៃ ហៅថាថ្នាំអាចម៍ទន្សាយ។ ថ្នាំទាំងនោះមិនមានប្រសិទ្ធភាពក្នុងការព្យាបាលឡើយ ទើបអង្គការសម្រេចបញ្ជូនទៅមន្ទីរពេទ្យ។ នៅទីនោះ គ្រូពេទ្យបានប្រាប់ថាត្រូវចាក់ថ្នាំដើម្បីព្យាបាល ប៉ុន្តែមានអ្នកលួចប្រាប់ ណយ ថាការចាក់ថ្នាំនោះគឺដើម្បីសម្លាប់ចោល ព្រោះអង្គការយល់ឃើញថាការទុកអ្នកជំងឺដែលព្យាបាលមិនជា គឺខាតបង់ថ្នាំ និងកម្លាំង។ នេះស្របតាមគោលការណ៍របស់ខ្មែរក្រហមដែលថា ទុកមិនចំណេញ ដកចេញមិនខាត។ ដោយការភ័យខ្លាច ណយ បានសម្រេចចិត្តរត់ចេញពីមន្ទីរពេទ្យដើម្បីគេចខ្លួន ប៉ុន្តែត្រូវអង្គការចាប់ដាក់ពន្ធនាគារ។ ណយ បាននិយាយថា ពេលដែលគាត់អាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ត្រូវចាត់ទុកថាជាសំណាងដ៏ធំធេងសម្រាប់គាត់។

ណយ បាននិយាយថានៅក្នុងរបបខ្មែរក្រហម គាត់បាត់បង់មិត្តភក្តិជិតស្និទ្ធម្នាក់ឈ្មោះ នឿយ ដែលត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅគុកស-៣។ ណយ នៅតែចងចាំមិនភ្លេចនូវឈ្មោះមេកង និងមេភូមិដែលគ្រប់គ្រងនៅតំបន់សារិកាកែវ ឈ្មោះ អយ និង ប៊ូ។ រឿងរ៉ាវដ៏ខ្លោចផ្សាមួយទៀតដែលបានដឹង គឺករណីនារីម្នាក់ឈ្មោះ នាងកុលាប នៅភូមិអរិយក្សត្យ ដែលបានបដិសេធសេចក្តីស្រឡាញ់ពីកម្មាភិបាលខ្មែរក្រហម ត្រូវបានចាប់ដាក់គុក ហើយបន្ទាប់មកយកទៅសម្លាប់ចោល។

ក្រោយពេលរបបខ្មែរក្រហមដួលរំលំ ណយ និងស្វាមីបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ និងប្រកបរបរជាអ្នកធ្វើស្រែចម្ការ និងត្បាញមុងកន្ទេល។ បច្ចុប្បន្ន ណយ មានកូនសរុបចំនួន១០នាក់ ប៉ុន្តែបានស្លាប់បាត់បង់ជីវិតម្នាក់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតបានស្លាប់នាពេលក្រោយមកទៀត៕

សម្ភាសន៍ដោយ៖ ប៊ុង វ៉េងលៀក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin