ជំនួយការវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤

សៀង ផុន ហៅ ផា មានអាយុ ២៥ ឆ្នាំ និងមានស្រុកកំណើតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ តំបន់៤២ ភូមិភាគកណ្តាល។[1] ផា បានចូលរៀននៅអាយុ ៩ ឆ្នាំ ក្នុងប្រព័ន្ធអប់រំសម័យសង្គមចាស់ នៅសាលាបឋមសិក្សាល្អៀត។ គាត់បានសិក្សារហូតដល់អាយុ ១៤ ឆ្នាំ ហើយបានបញ្ចប់ត្រឹមថ្នាក់ទី៨ មុននឹងឈប់រៀន និងវិលទៅជួយឪពុកម្តាយធ្វើស្រែចម្ការនៅស្រុកកំណើត។

នៅខែមិថុនា ឆ្នាំ១៩៧៣ ផា បានចូលបម្រើក្នុងកងទ័ពស្រុកព្រែកប្រសព្វ។ ក្នុងឆ្នាំដដែល គាត់ត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិខេត្តកំពង់ចាម។ នៅទីនោះ គាត់បានរងរបួស ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិហាន់ជ័យ។ ក្រោយមក គាត់បានរត់ត្រឡប់ទៅផ្ទះជាមួយឈ្មោះ ឆុន និង ផុន។ នៅខែធ្នូ ឆ្នាំ១៩៧៣ អង្គការបានចាត់តាំង ផា ឱ្យទៅបម្រើការងារនៅវរសេនាតូចលេខ ៤១០ នៃតំបន់៤២ ក្រោមការដឹកនាំរបស់ឈ្មោះ វេង ដែលជាលេខាវរសេនាតូចលេខ ៤១០ (ក្រោយមកត្រូវអង្គការចាប់ខ្លួន)។ នៅខែមីនា ឆ្នាំ១៩៧៤ វេង បានធ្វើការអប់រំ ផា ដោយលើកឡើងថា ខ្មាំងខ្លាំងជាងបដិវត្តន៍ និងបានជំរុញឱ្យស្រឡាញ់បុណ្យស័ក្តិ ការស៊ីផឹក និងការរស់នៅបែបហ៊ឺហា អស់រយៈពេលប្រមាណមួយខែ។ ក្នុងឆ្នាំដដែល ផា ត្រូវបានបញ្ចូលជាភ្នាក់ងារ សេ.អ៊ី.អា ដោយមាន វេង ជាអ្នកទទួលស្គាល់។ ភារកិច្ចរបស់គាត់រួមមាន ការបំផុសឱ្យយុទ្ធជនក្នុងអង្គភាពរត់ទៅផ្ទះ ឬរត់ចូលតំបន់ខ្មាំង ការធ្វើឱ្យបែកការណ៍នៅពេលចូលសមរភូមិ និងការពង្រីកបណ្តាញភ្នាក់ងារ សេ.អ៊ី.អា បន្ថែមទៀត ។

ក្រោយមក ផា បានបំផុសឱ្យ ថន, ពៅ និង អាត ដែលជាយុទ្ធជននៅវរសេនាតូចលេខ ៧០១ រត់ទៅផ្ទះ។ នៅឆ្នាំ១៩៧៤ ផា និង ហេង បានបំផុសយុទ្ធជនពីរនាក់ទៀត គឺ ផា និង យ៉េន ឱ្យរត់ត្រឡប់ទៅផ្ទះ។ នៅខែកញ្ញា ឆ្នាំ១៩៧៤ វេង បានចាត់តាំង ផា ឱ្យធ្វើជាកងការពារផ្ទាល់ ក្នុងពេលចេញទៅប្រជុំនៅភូមិអំពិល។ បន្ទាប់ពីកិច្ចប្រជុំចប់ វេង បានណែនាំឱ្យ ផា ស្គាល់ឈ្មោះ សេ ដែលមានតួនាទីជាអនុលេខាវរសេនាតូចលេខ ៣១១ នៃកងពលលេខ ១១៧ និងជាភ្នាក់ងារ សេ.អ៊ី.អា ម្នាក់ (ក្រោយមកត្រូវអង្គការចាប់ខ្លួនដែរ)។ នៅខែធ្នូ ឆ្នាំ១៩៧៤ វេង បានហៅ ផា ទៅប្រជុំនៅភូមិផ្នៀង សង្កាត់ង្ទាន។ អ្នកចូលរួមមាន សែ, ពៅ, កេង, ហេង, នា និង ផុន។ ខ្លឹមសារនៃកិច្ចប្រជុំ គឺការអនុវត្តផែនការរបស់​បណ្តាញភ្នាក់ងារ សេ.អ៊ី.អា។ នៅខែមករា ឆ្នាំ១៩៧៥ ផា, សែន, នា និង កេង បានកសាងបណ្តាញ​​ភ្នាក់ងារ សេ.អ៊ី.អា បន្ថែមបាន ២ នាក់ គឺ ថែ និង ក្រាញ់។ អ្នកទាំងពីរត្រូវបានបញ្ចូលជាភ្នាក់ងារ សេ.អ៊ី.អា ដោយមាន វេង ជាអ្នកទទួលស្គាល់។ នៅខែមេសា ឆ្នាំ១៩៧៥ ឈ្មោះ រាប ដែលជាសមាជិកកង​ពលលេខ ១៧៤ បានហៅ ផា ទៅប្រជុំនៅភូមិគៀនជ្រៃ។ អ្នកចូលរួមមាន វេង, ហេង, ស៊ីម​, ផៃ, សឿន, វុធ, ឯក, រាប, នា និង សែ។ ក្នុងកិច្ចប្រជុំនោះ វេង បានណែនាំឱ្យសមាជិកទាំងអស់ស្គាល់គ្នាទៅវិញទៅមក ហើយលើកឡើងថា នៅសមរភូមិ ប្រសិនបើចាប់បានខ្មាំង ត្រូវបញ្ជូនទៅឱ្យ តុល ដែលមានតួនាទីជាលេខាតំបន់៤២ ដើម្បីបញ្ចូលជាភ្នាក់ងារ សេ.អ៊ី.អា បង្កប់នៅតាមមូលដ្ឋាន សម្រាប់ត្រៀមផែនការវាយបកប្រឆាំងបដិវត្តន៍វិញ។

លើសពីនេះ កិច្ចប្រជុំលើកឡើងពីផែនការកម្ទេចរោងចក្រនៅខេត្តកំពង់ចាម និងការរៀបចំកម្លាំងសម្រាប់សកម្មភាពប្រឆាំងបដិវត្តន៍នាពេលខាងមុខ។ ក្នុងនោះ ប្រសិនបើអាចគ្រប់គ្រងស្ថានការណ៍បានទូទាំងប្រទេស គ្រោងនឹងយកវរសេនាតូចលេខ ៤០៧ របស់ឈ្មោះ ស៊ីម ទៅឈរជើងនៅព្រែកក្តាម ដើម្បីត្រៀមទប់ទល់កម្លាំងបដិវត្តន៍។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈ្មោះ រាប បានដាក់ផែនការឱ្យ ផា ប្រមូលកម្លាំងទាហាននៅវាលវង់ ដើម្បីប្រគល់ទៅឱ្យឈ្មោះ តុល សម្រាប់ប្រើប្រាស់ជាកម្លាំងភ្នាក់ងារ សេ.អ៊ី.អា ក្នុងផែនការវាយបកប្រឆាំងបដិវត្តន៍វិញ។ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ ផា បានប្រមូលទាហាននៅវាលវង់បានប្រមាណ ៥០ នាក់។ នៅខែមិថុនា ឆ្នាំ១៩៧៥ ផា, ថន, អាត និង ហេង បានប្រមូលអាវុធពីបន្ទាយបានចំនួន ៥ ដើម។ លុះដល់ខែ​កក្កដា ឆ្នាំ១៩៧៥ ឈ្មោះ សែ បានហៅ ផា ទៅប្រជុំនៅក្បាលថ្នល់ ខាងជើងក្រុងកំពង់ចាម។ អ្នកចូលរួមប្រជុំរួមមាន រាប, វេង, ស៊ីម, សែ, នា, ហេង, ផៃ, អាត, ពៅ, ថន និង ញ៉េម។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំ គឺឱ្យសមាជិកទាក់ទងជាមួយភ្នាក់ងារ សេ.អ៊ី.អា ចាស់ៗ ដែលបានបង្កប់ខ្លួននៅតាមអង្គភាពផ្សេង​ៗ បន្តកសាងបណ្តាញភ្នាក់ងារថ្មី ដោយជ្រើសរើសអ្នកដែលត្រូវបានចាត់ទុកថាមានសមានចិត្តមិនល្អ និងរៀបចំផែនការវាយយកក្រុងកំពង់ចាមនៅខែកញ្ញា ឆ្នាំ១៩៧៦។

នៅខែសីហា ឆ្នាំ១៩៧៥ ផា និង នា កសាងកម្លាំងភ្នាក់ងារ សេ.អ៊ី.អា បានម្នាក់ឈ្មោះ សឿន ដែលមានតួនាទីជាភស្តុភារវរសេនាតូចលេខ៣១១។ សឿន ត្រូវបានអប់រំ និងទទួលស្គាល់ជាភ្នាក់ងារ សេ.អ៊ី.អា។ បន្ទាប់មក នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ផា សឿន និង នា បានធ្វើសកម្មភាពបំផុសយុទ្ធជនក្នុងអង្គភាពឱ្យមានទំនោរចាកចេញពីអង្គភាព។ នៅខែមករា ឆ្នាំ១៩៧៦ ផា និង សែ បានកសាងកម្លាំងថ្មីម្នាក់ទៀតឈ្មោះ ភី ដែលជាយុទ្ធជននៅវរសេនាតូចលេខ៣១១។ លុះដល់ខែកុម្ភៈ ឆ្នាំ១៩៧៦ អ្នកទាំងពីរបានកសាងភ្នាក់ងារ សេ.អ៊ី.អា ម្នាក់ទៀតឈ្មោះ វ៉ាន់ ដែលមានតួនាទីជាអនុក្រុមនៅវរសេនាតូចលេខ៧០១។ ក្នុងការទាក់ទងនោះ ពួកគេបានលើកឡើងអំពីការសម្លាប់ឪពុករបស់វ៉ាន់ដោយអង្គការ។ នៅខែមីនា ឆ្នាំ១៩៧៦ ផា បានចាត់តាំង វ៉ាន់ ឱ្យទៅស្ទាក់បាញ់រថយន្តនៅខាងលិចជំរំត្រឿង ចម្ងាយប្រហែល ២០០ ម៉ែត្រ ប៉ុន្តែសកម្មភាពនោះមិនបានសម្រេច ដោយសារបាញ់ខុសគោលដៅ។ នៅខែមេសា ឆ្នាំ១៩៧៦ ឈ្មោះ នា បានហៅ ផា ទៅប្រជុំនៅព្រែកដើមចាន់។ អ្នកចូលរួមប្រជុំមាន វេង, ស៊ីម, ហេង, ផៃ, សែ, នា, ឈាន, ផួង, វ៉ាត, យន, សឿន, ពៅ, ឯក និងញ៉េម។ ក្នុងកិច្ចប្រជុំនោះ វេង លើកឡើងថា ចលនាប្រឆាំងបដិវត្តន៍នៅទូទាំងប្រទេសកំពុងមានសកម្មភាពកាន់តែខ្លាំងឡើង ព្រមទាំងណែនាំឱ្យសមាជិកស្គាល់គ្នាទៅវិញទៅមក និងបន្តកសាងបណ្តាញភ្នាក់ងារ សេ.អ៊ី.​អា បន្ថែមទៀត។ លើសពីនេះ ក៏មានការរៀបចំផែនការវាយយកក្រុងកំពង់ចាមនៅខែកក្កដា ឆ្នាំ១៩៧៦ ហើយប្រសិនបើមិនអាចអនុវត្តបានទេ នឹងពន្យារពេលទៅខែកញ្ញា ឆ្នាំ១៩៧៦ វិញ។ ការបែងចែកភារកិច្ចមានដូចជា៖ សែ, នា និង ឈាន ត្រូវវាយចេញពីតំបន់ភ្នំប្រុស-ភ្នំស្រី ឆ្ពោះចូលក្រុងកំពង់ចាម។ ស៊ីម ទទួលភារកិច្ចវាយចេញពីតំបន់វត្តថ្មី។ ដួង ទទួលភារកិច្ចស្ទាក់កម្លាំងបដិវត្តន៍នៅផ្លូវព្រែកដើមចាន់។ យន ត្រៀមស្ទាក់កម្លាំងបដិវត្តន៍នៅព្រែកក្តាម។ តុល ត្រូវសហការជាមួយ យន នៅតំបន់ព្រែកក្តាម។ ផា ត្រូវដឹកនាំកម្លាំងមួយកងពលតូច ត្រៀមវាយនៅតំបន់ភ្នំប្រុស-ភ្នំស្រី ហើយបើអាចវាយយកក្រុងកំពង់ចាមបាន នឹងបន្តសកម្មភាពទៅកាន់ទីក្រុងភ្នំពេញ។

នៅខែឧសភា ឆ្នាំ១៩៧៦ ឈ្មោះ ឯក បាននាំ ផា ទៅជួបស្ត្រីម្នាក់ឈ្មោះ ហ៊ុន ដែលមានតួនាទីជាប្រធានសហករណ៍ឃុំក្រឡា ស្រុកកំពង់សៀម។ លុះដល់ខែកក្កដា ឆ្នាំ១៩៧៦ ឈ្មោះ ស៊ីម បានហៅ ផា ទៅប្រជុំនៅខាងត្បូងវត្តថ្មី។ អ្នកចូលរួមមាន ដួង, ហេង, ផៃ, ឯក, សឿន, នា, សែ, វឿន, ខា, ពៅ, ប៉ុន និង វន។ នៅក្នុងកិច្ចប្រជុំនោះ ស៊ីម បានដាក់ផែនការឱ្យបន្តកសាងបណ្តាញភ្នាក់ងារ សេ.អ៊ី.អា ណែនាំឱ្យស្គាល់គ្នាទៅវិញទៅមក និងចាត់តាំងឱ្យ ផា លួចបាញ់កម្មាភិបាលនៅសាលាជួនណាត ព្រមទាំងរៀបចំឱ្យសហករណ៍បញ្ចេញស្បៀងផ្គត់ផ្គង់ទៅក្រុមចោរព្រៃនៅតំបន់បឹងធំ។ នៅខែតុលា ឆ្នាំ១៩៧៦ ស៊ីម បានណែនាំឱ្យ ផា ស្គាល់ឈ្មោះ យ៉ន ដើម្បីសហការគ្នាក្នុងសកម្មភាពស្ទាក់បាញ់កម្មាភិបាល។ បន្ទាប់មក នៅខែធ្នូ ឆ្នាំ១៩៧៦ ផា និង យ៉ន បានកសាងកម្លាំងភ្នាក់ងារ សេ.អ៊ី.អា បានម្នាក់ទៀតឈ្មោះ សុន ដែលមានតួនាទីជាអនុក្រុមនៅវរសេនាតូចលេខ៧០១។ នៅចុងឆ្នាំ១៩៧៦ ស៊ីម បានចាត់តាំង ផា ឱ្យទៅការពារកម្មាភិបាលម្នាក់ ហើយមុនពេលចេញដំណើរ បានណែនាំផែនការថា ប្រសិនបើមានការផ្ទុះអាវុធនៅខាងក្រៅ ត្រូវឆ្លៀតឱកាសបាញ់សម្លាប់កម្មាភិបាលរូបនោះ។ លុះដល់ខែមេសា ឆ្នាំ១៩៧៧ អង្គការបានដក ផា ឱ្យត្រឡប់មកអង្គភាពវរសេនាតូចលេខ៧០១ វិញ។ នៅពេលនោះ ឈ្មោះ រាប បានដាក់ផែនការឱ្យ ផា ទៅការពាររោងចក្រចំការកៅស៊ូអណ្ដូង និងចាំស្វែងរក​ឱកាសកម្ទេចកម្មាភិបាលដែលមកពីភូមិភាគនិរតី ព្រមទាំងកម្ទេចរោងចក្រកៅស៊ូចំការអណ្ដូងផងដែរ​។

នៅក្នុងអំឡុងពេលនោះ ផា បានបាត់បង់ការទាក់ទងជាមួយបណ្តាញភ្នាក់ងារ សេ.អ៊ី.អា រហូតដល់ខែកក្កដា ឆ្នាំ១៩៧៧។ នៅដើមខែកក្កដា ឆ្នាំ១៩៧៧ ក្រោយពេលវិលត្រឡប់មកអង្គភាពលេខ៧០១ វិញ រាប បានហៅ ផា ទៅប្រជុំនៅជើងភ្នំប្រុស-ភ្នំស្រី។ អ្នកចូលរួមមាន វឿន, វន, ប៉ុន, ខា, ឈាន, អិន, រិត, អេន, រាប, រេន, អឿន, វ៉ន និង ឈាន។ កិច្ចប្រជុំនោះបានរំឭកឱ្យបន្តកសាងបណ្តាញភ្នាក់ងារ សេ.អ៊ី.អា បន្ថែមទៀត និងរៀបចំផែនការវាយយកក្រុងកំពង់ចាម។ នៅខែកក្កដា ឆ្នាំ១៩៧៧ ដដែល តាមការចាត់តាំងរបស់អង្គការ ផា, ខា និងឈាន ត្រូវបានបញ្ជូនឱ្យទៅបង្ក្រាបក្រុមចោរព្រៃដែលកំពុងធ្វើសកម្មភាពប្រឆាំងបដិវត្តន៍។ ក្នុងអំឡុងពេលនោះ ផា បានទាក់ទងជាមួយឈ្មោះ សឿន ដែលមានតួនាទីជាគណៈឃុំត្រពាំងបី ដើម្បីសាកសួរព័ត៌មានអំពីទីតាំងរបស់ក្រុមចោរព្រៃ។ សឿន បានប្រាប់ថា ក្រុមចោរព្រៃកំពុងស្ថិតនៅតំបន់ខាងកើតភូមិ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ផា បានដឹកនាំកម្លាំងទ័ពទៅស្វែងរក និងបង្វែរដានក្រុមចោរព្រៃចំនួន ៥ លើក។

នៅខែសីហា ឆ្នាំ១៩៧៧ កម្លាំងរបស់ ផា បានចាប់ខ្លួនចោរព្រៃចំនួន ៣ នាក់ នៅតំបន់ខាងលិចថ្មពួន​។ ផា បានធ្វើការសួរចម្លើយ និងទទួលបានព័ត៌មានថា បុគ្គលម្នាក់ឈ្មោះ ឡុក ដែលមានតួនាទីជាប្រធានភូមិក្តុល ឃុំថ្មពួន ស្រុកព្រៃឈរ តំបន់៤១ ជាអ្នកផ្គត់ផ្គង់ស្បៀងអាហារដល់ក្រុមចោរព្រៃទាំងនោះ។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៧៧ ឈ្មោះ រាប បានដក ផា ឱ្យត្រឡប់មកកាន់អង្គភាពវរសេនាតូចលេខ ៧០១ វិញ។ បន្ទាប់មក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៧ រាប បានហៅ ផា ទៅប្រជុំ និងរំឭកអំពីផែនការចាស់ ដោយចាត់តាំងឱ្យ ផា ដឹកនាំកម្លាំងមួយកងពលតូច ដើម្បីត្រៀមកម្ទេចកម្លាំងបដិវត្តន៍ដែលមកពីភូមិភាគនិរតី និងចូលមកកាន់តំបន់៤១ ព្រមទាំងនៅរោងចក្រកៅស៊ូចំការអណ្ដូង នៅពេលមានការផ្ទុះអាវុធនៅក្រុងកំពង់ចាមក្នុងខែកញ្ញា ឆ្នាំ១៩៧៧។ ក្នុងខែកញ្ញា ឆ្នាំ១៩៧៧ ផា និង សូត បានលួចបង្ហូរទឹកចេញពីស្រែ បណ្តាលឱ្យសន្ទូងខូចខាតប្រមាណ ១ ហិកតា។ លុះដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៧៧ នៅពេលឈ្មោះ លី បានធ្វើឱ្យមានការផ្ទុះឃ្លាំងគ្រាប់បែកនៅក្រុងកំពង់ចាម ឈ្មោះ រាប បានចាត់តាំងឱ្យ ផា និង សូត ដឹកនាំកម្លាំងត្រៀមចំនួន ២០ នាក់ ទៅឈរជើងនៅជុំវិញឃ្លាំងអាវុធ និងតំបន់កើតហេតុ ដើម្បីរង់ចាំបញ្ជាពី រាប សម្រាប់ចាប់ផ្តើមសកម្មភាពប្រដាប់អាវុធ។ ទោះជាយ៉ាងណា ផែនការរបស់ រាប មិនបានសម្រេចតាមការគ្រោងទុកឡើយ ហើយមិនមានការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធនោះទេ។ នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន សៀង ផុន ហៅផា។

*****

កំណត់ចំណាំ៖ ចម្លើយសារភាពរបស់អ្នកទោសក្នុងរបបខ្មែរក្រហម ភាគច្រើនទទួលបានដោយការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ សៀង ផុន ហៅ ផា ដែលមានតួនាទីជាជំនួយការវរសេនាតូច ៧០១ វរសេនាធំ ៦០១ កងពល ១៧៤ ភូមិភាគកណ្តាល មិនអាចយកទៅសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ចម្លើយសារភាពនេះ សាកសួរដោយឈ្មោះ ហេង និងហុង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៧ ហើយ ក្នុងចម្លើយសារភាពមានឈ្មោះកម្មាភិបាលខ្មែរក្រហមជាប់ពាក់ព័ន្ធប្រមាណ ៣៤នាក់។

*****

[1] ឯកសារចម្លើយសារភាព J00107 របស់ឈ្មោះ សៀង ផុន ហៅ ផា មាននាទីជាជំនួយការវរសេនាតូច៧០១ វរសេនា​ធំ៦០១ កងពល១៧៤ ភូមិភាគកណ្តាល។ ក្នុងចម្លើយសារភាពមានបញ្ជាក់ឈ្មោះចំនួន៣៤ នាក់ មានជាប់ពាក់ព័ន្ធនឹងកម្លាំង សេ.អ៊ី.អា។ ឯកសារមានចំនួន២០ ទំព័រ មានចុះហត្ថលេខាអ្នកសួរឈ្មោះ ហេង និង ហុង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៧។

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin