សុខ អឿន៖ “គិតមើលទៅមិនរស់ទេ”

(កណ្ដាល)៖ សុខ អឿន ភេទស្រី មានអាយុ ៦៨ឆ្នាំ ជាកសិកររស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អឿន មានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះម្នាក់ស្លាប់។ នៅពេលរំឭកពីរបបខ្មែរក្រហម អឿន បាននិយាយថា “ងាប់ក៏ងាប់ទៅ មិនស្ដាយទេ នៅរបបខ្មែរក្រហម”។
កាលពីកុមារភាព អឿន បានឈប់រៀនត្រឹមថ្នាក់ទី១១។ នៅរបប លន់ នល់ ដោយសារមានការបាញ់ផ្លោងពីភូមិបែកចាន គ្រួសាររបស់អឿន បានទៅរស់នៅភូមិកំបូល អស់រយៈពេលបីឆ្នាំ។ នៅទីនោះ គ្រួសាររបស់អឿន ប្រកបរបរឡើងត្នោត និងទទួលបានជំនួយពីសហរដ្ឋអាមេរិក។ អឿន ចងចាំថា ប្រជាជនមួយគ្រួសារ ទទួលបានអង្ករមួយបាវ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់អឿន មករស់នៅភូមិក្រាំងម្កាក់។ អឿន បានចូលធ្វើការក្នុងកងចល័ត ដោយត្រូវដកស្ទូង និងលើកប្រព័ន្ធភ្លឺស្រែនៅភូមិត្រពាំងរកា និងវត្តស្ងួនពេជ្រ។ ឪពុករបស់អឿន ធ្វើការងារឡើងត្នោត ចំណែកម្ដាយរបស់អឿន ដាំបន្លែនៅភូមិក្រាំងម្កាក់។ នៅពេលដើរឆ្លងកាត់មុខផ្ទះ ខ្មែរក្រហមមិនដែលអនុញ្ញាតឲ្យ អឿន ចូលជួបម្ដាយនោះទេ។
ក្រោយមក ខ្មែរក្រហមបញ្ជូន អឿន ទៅធ្វើការក្នុងកងស្រួច ដោយត្រូវជីកប្រឡាយ និងលើកទំនប់ ដែលមានកម្ពស់៣០ម៉ែត្រ នៅវត្តកោះទ្រា ស្រុកអង្គរបូរី ខេត្ដតាកែវ។ នៅពេលរែកដីមិនរួច មិត្តម្នាក់របស់អឿន ឈ្មោះ សុខ បានផ្ដាំអឿនថា “បងឯងមើលទៅខ្ញុំអត់រស់ទេ បងឯងយកអាវឲ្យម៉ែខ្ញុំផង”។ នៅទីនោះ អឿន បានឃើញកងទ័ពខ្មែរក្រហមជាច្រើន ដែលលើកទំនប់បានស្លាប់ដោយសារធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ក្នុងមួយពេល អឿន និងសមាជិកដែលមានគ្នាប្រាំមួយនាក់ (មួយពួក) ទទួលបានបបរ ឬបាយម្នាក់មួយវែក និងសម្លត្រកួន ឬព្រលិតមួយចានចែកគ្នាហូប។ ជួនកាល គឺមានតែពោតស្ងោរប៉ុណ្ណោះ។ អឿន និយាយថា នៅពេលនោះគាត់មានជំងឺខ្វាក់មាន់ និងពិបាកក្នុងការធ្វើការងារ។ អឿន បន្ដថា “ពិបាកវេទនាណាស់ [នៅក្នុង]កងចល័ត” ដោយគាត់ត្រូវធ្វើការទាំងថ្ងៃទាំងយប់ តាំងពីព្រឹករហូតដល់ម៉ោង១០យប់ ហើយគាត់គិតថា គាត់ប្រហែលជាមិនរស់នោះទេ។
ក្រោយមក នៅពេល អឿន និងមិត្តសុខ ត្រលប់ពីខេត្តតាកែវវិញ អ្នកទាំងពីរត្រូវដើរអស់រយៈពេលបីថ្ងៃ ទើបមកដល់វត្តអង្គ។ អឿន និយាយថា គាត់ដើររហូតទាល់តែហើមជើង ហើយនៅពេលគាត់ដើរមកដល់រោងជីវភាព ទើបគាត់បានសម្រាកហូបបាយ។
នៅភូមិក្រាំងម្កាក់ អឿន ត្រូវជញ្ជូនកណ្ដាប់ស្រូវពីវត្តកោះ ទៅដល់វត្តសិម្ពលី ក្នុងមួយថ្ងៃពីរជើង។ អឿន ក៏ត្រូវដកស្ទូង ដូចជាត្រូវយកគុម្ពស្រូវទៅជ្រលក់ជាមួយជីលាមក(មនុស្ស) មុននឹងស្ទូងជាដើម។ នៅពេល អឿន ស្ទូងមិនទាន់ការកំណត់ មេកងខ្មែរក្រហមដែលមានវ័យក្មេងបានសួរគាត់ថា “មិត្តឯងសតិអារម្មណ៍ទៅណា?”។ អឿន ត្រូវធ្វើការទាំងហាលភ្លៀង និងនៅពេលសម្រាក គាត់មិនហ៊ានទាំងបោកគក់ និងយកខោអាវទៅហាលនោះទេ។ ក្រៅពីនេះ អឿន ត្រូវធាក់រហាត់ទឹក បាចទឹក និងចុះវាយ កណ្តុរស្រែ ទាំងខ្លាចឈ្លើងទាម។
នៅពេល អឿន មានជំងឺ ខ្មែរក្រហមបានយកថ្នាំច្រកដបទឹកក្រូច មានទឹកពណ៌ក្រហម រួចចាក់ឲ្យគាត់នៅមន្ទីរពេទ្យស្ថិតនៅក្នុងភូមិប្រាំបីមុម។ មួយសប្តាហ៍ក្រោយមក ដៃរបស់អឿន បានហើម ទើបមេកងហៅពេទ្យមកវះ និងព្យាបាលដៃរបស់អឿន ដោយផ្តល់ថ្នាំល្អទើបគាត់បានជាសះស្បើយ ប៉ុន្តែបន្សល់ទុកស្លាកស្នាមរហូតមកដល់សព្វថ្ងៃ។ អឿន ចាំបានថា នៅពេលនោះខ្មែរក្រហមមិនអនុញ្ញាតឲ្យម្ដាយមកសួរសុខទុក្ខគាត់នោះទេ។ នៅពេល អឿន ស្នាក់នៅមន្ទីរពេទ្យ គាត់បានឃើញខ្មែរក្រហមយកកន្ទេលរុំសាកសព និងសែងយកទៅចោលនៅខាងត្បូងស្ទឹង។
នៅរបបខ្មែរក្រហម អឿន ដឹងថាវត្តព្រៃពួច ត្រូវបានខ្មែរក្រហមបំផ្ទុះគ្រាប់បែក និងធ្វើជាកន្លែងចិញ្ចឹមជ្រូក។ អឿន រំឭកថា នៅពេលខ្មែរក្រហមយកនិស្សិតមួយចំនួនទៅធ្វើជាមេកង នៅពេលនោះ អឿន បានប្រាប់ថាគាត់ចង់ទៅធ្វើដែរ ប៉ុន្តែមេកងមិនអនុញ្ញាត។ ក្រោយមកទើប អឿន ដឹងថាអ្នកទាំងនោះ ត្រូវបានមេកងយកទៅសម្លាប់នៅភូមិជ្រៃហូរព្នៅ។ ក្រៅពីនេះ ខ្មែរក្រហមក៏បានរៀបការឲ្យ អឿន ទាំងបង្ខំដែរ។ នៅថ្ងៃនោះ ខ្មែរក្រហមបានហៅបុរសនិងស្រ្តីចំនួនដប់នាក់ ទៅរៀបការនៅរោងជីវភាព ក្នុងវត្តអង្គ ប៉ុន្តែបុរសដែលត្រូវរៀបការជាមួយអឿនមិនបានមកចូលរួមនោះទេ។ ក្រោយមក ទើប អឿន ដឹងថាបុរសនោះត្រូវបានខ្មែរក្រហមសម្លាប់។
នៅចុងឆ្នាំ១៩៧៨ នៅពេល អឿន កំពុងបោកកណ្ដាប់ស្រូវ គាត់បានឮដំណឹងថាកងទ័ពវៀតណាមចូលមក។ អឿន បានរត់ទៅរកម្ដាយនៅភូមិក្រាំងម្កាក់ និងត្រលប់ទៅរស់នៅភូមិត្រពាំងរកាវិញ៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

