កងឈ្លបឃុំមេបុណ្យដែលទទួលការស្រឡាញ់ពីប្រជាជន
(ខេត្តព្រៃវែង) យិន៖ “ខ្ញុំទទួលបានក្តីស្រឡាញ់ពីប្រជាជនដោយសារមិនរាយការណ៍ពីការប្រព្រឹត្តិកំហុសឆ្គងរបស់ប្រជាជនប្រាប់ដល់អង្គការ” ។ សុខ យិន មានអាយុ៦៥ឆ្នាំ(២០២៤) បច្ចុប្បន្នរស់នៅភូមិចចក១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គាត់មានបងប្អូន៥នាក់។ យិន ឈប់រៀនត្រឹមថ្នាក់ទី១០(សង្គមចាស់) នៅបឋមសិក្សាក្នុងភូមិ។ គាត់អាចអាន និងសរសេរអក្សរខ្មែរបានខ្លះៗ។
នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ យិន រស់នៅភូមិចចក១ ឃុំមេបុណ្យ។ កងឈ្លបភូមិបានបែងចែកប្រជាជនជាក្រុម និងជាសហករណ៍។ គ្រួសាររបស់ យិន ស្ថិតនៅក្នុងសហករណ៍មួយដែលមានសមាជិកចំនួន២៧គ្រួសារ។ យិន ត្រូវបានកងឈ្លបចាត់ឲ្យទៅធ្វើការក្នុងក្រុមកងចល័តភូមិ។ គាត់ត្រូវជីក និងលើកដីធ្វើផ្លូវថ្នល់, ជីកប្រឡាយ, និងលើកភ្លឺស្រែ។ ក្នុង១ថ្ងៃ យិន និងមិត្ត៣នាក់ត្រូវជីក និងរែកដី ឲ្យបានប្រវែង១០០ម៉ែត្រ។ ចំពោះការហូបចុកក្នុងរបបខ្មែរក្រហមវិញ ពីដំបូងមានអាហារហូបគ្រប់គ្រាន់ រហូតដល់ចុងឆ្នាំ១៩៧៧ ទើបសហករណ៍មានការខ្វះខាតអង្ករតម្រូវឲ្យប្រជាជនទាំងអស់ហូបបបរជំនួស។
នៅកងចល័ត យិន ឃើញការបែងចែកយុវជន-យុវនារី ជាប្រធាន “ក” ប្រធាន “ខ” និងចែកជាកងចល័តនារី និងបុរសផ្សេងពីគ្នា។ ក្រៅពីការងារក្នុងកងចល័ត យិន ក៏ត្រូវអង្គការខ្មែរក្រហមចាត់ឲ្យធ្វើជាកងឈ្លបភូមិ ចុះយាមតាមផ្ទះប្រជាជននៅពេលយប់។ ដោយសារគាត់មានការអាណិតអាសូរប្រជាជន គាត់មិនដែលធ្លាប់ធ្វើបាបអ្នកប្រព្រឹត្តិខុសម្តងណាឡើយ។ ដូច្នេះ គាត់ទទួលបានការគោរពស្រលាញ់ពីប្រជាជនក្នុងភូមិ។
យិន លើកឡើងថា កងឈ្លបខ្មែរក្រហមដាក់ទណ្ឌកម្មមកលើប្រជាជនដែលប្រព្រឹត្តិខុស ឬប្រជាជនដែលអង្គការចោទប្រកាន់ថាក្បត់ ដោយប្រើត្បូងចក និងគល់ឫស្សី។ យិន ក៏ធ្លាប់ឃើញកងឈ្លបរំលោភបំពានលើនារីភេទដែរ។ ក្នុងរបបខ្មែរក្រហមឪពុករបស់ យិន ត្រូវបាននាំយកទៅសម្លាប់ដោយសារតែគាត់ជាទាហាន លន់ នល់ ដែលមានស័ក្តិ៥។ រីឯបងប្រុសរបស់ យិន ជាយោធាខ្មែរក្រហមក៏ត្រូវបានខ្មែរក្រហមសម្លាប់ដែរ ដោយចោទប្រកាន់ថាចូលដៃជាមួយវៀតណាម។ នៅក្នុងរបបខ្មែរក្រហម យិន អំឡុងពេលទៅធ្វើការគាត់ឃើញកងឈ្លបយកព្រះវិហារ វត្ត ធ្វើជាកន្លែងចិញ្ចឹមសត្វពាហនៈ និងបរិវេណវត្តយកទៅដាំដំណាំផ្សេងៗ។
ក្រោយពីរបបខ្មែរក្រហមដួលរលំ យិន បានរៀបការនៅពាក់កណ្តាលឆ្នាំ១៩៧៩។ ក្រោយពីរៀបការរួច គាត់បានចូលបម្រើការងារជាទាហានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មួយរយៈក៏ឈប់មកប្រកបរបបធ្វើស្រែជាមួយគ្រួសារវិញ។ បច្ចុប្បន្ន យិន មានជំងឺប្រចាំកាយ គឺជំងឺលើសសម្ពាធឈាម។
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
សម្ភាសន៍ដោយ វៃ សូរិយ៉ា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤