សយ សារឿន៖ “មិនហ៊ានមាត់មិនហ៊ានក”

សយ សារឿន រស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖​ សយ សារឿន ភេទស្រី មានអាយុ ៧៩ឆ្នាំ និងប្រកបរបរជាកសិករ។ សារឿន មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សារឿន មានបងប្អូនចំនួន៤នាក់ និងមានកូនចំនួន៣នាក់ ក្នុងនោះមានស្រី២នាក់។

នៅមុនទសវត្សរ៍ឆ្នាំ១៩៧០ សារឿន បានរៀបការ។ នៅឆ្នាំ១៩៧៣ សារឿន បានរត់ចេញពីភូមិត្រពាំងរការទៅរស់នៅភូមិជម្ពូវ័ន ដោយសារមានកងទ័ពខ្មែរក្រហមចូលមកក្នុងភូមិរបស់គាត់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សារឿនទៅរស់នៅជិតវត្តអង្គតាប្រូច និងចាត់ទុកគ្រួសាររបស់គាត់ជាប្រជាជនថ្មី។ ក្រោយមក ប្តីរបស់សារឿន ត្រូវទៅធ្វើការនៅភូមិត្បូងស្ទឹង (ភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត) ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ដោយឡែក កូនរបស់សារឿន ត្រូវទៅធ្វើការក្នុងកងកុមារ។

នៅរបបខ្មែរក្រហម សារឿន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយគាត់ទទួលបានតែបបរលាយជាមួយសម្លស្លឹកអំពិល ឬព្រលិតប៉ុណ្ណោះ។ សារឿន និយាយថា ខ្មែរក្រហមសម្បូរស្រូវណាស់ ប៉ុន្តែខ្មែរក្រហមមិនឲ្យប្រជាជនហូបចុកបានគ្រប់គ្រាន់នោះទេ។ សារឿន ថា នៅរបបនោះ “អ្នកចេះយកទៅសម្លាប់” ចំណែក “អ្នកល្ងង់យកធ្វើមេ”។ វត្តអារាម មានដូចជាវត្តអង្គ និងវត្តកោះ ត្រូវបានខ្មែរក្រហមវាយកម្ទេច។

ជារៀងរាល់ថ្ងៃ សារឿន ត្រូវក្រោកតាំងពីម៉ោង៤ទៀបភ្លឺចេញទៅធ្វើការ។ សារឿន និយាយថា “[ខ្ញុំ]មិនហ៊ានមាត់មិនហ៊ានកទេ” ទោះបីជាខ្មែរក្រហមធ្វើបាបគាត់យ៉ាងណាក៏ដោយ។ សារឿន បន្តថា នៅពេលយប់ឡើង ខ្មែរក្រហមបានមកយកមនុស្សទៅ ហើយអ្នកដែលទៅ គឺបាត់ខ្លួន។ នៅរបបខ្មែរក្រហម សារឿន តែងតែផ្តែផ្ដាំកូនៗមិនឲ្យលួចហូបនោះទេ។ សារឿន ចងចាំថា នៅពេលគាត់ទៅបុកអង្ករ គាត់បានធ្លាក់ខ្លួនឈឺគ្រុនញាក់។ នៅពេលនោះ សារឿន ទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយដែលផ្សំពីគ្រាប់ស្លែងសម្រាប់ព្យាបាលប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់សារឿន ដែលនៅរស់រានមានជីវិតបានត្រលប់មករស់នៅ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិកំណើតវិញ៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin