ស៊ុំ សាមឿន ហៅរំ ខ្មែរក្រហមចោទថាចូលជាភ្នាក់ងារសេ.អ៊ី.អា (CIA)

នៅក្នុងសេចក្តីកំណត់ហេតុចម្លើយសារភាពរបស់ ស៊ុំ សាមឿន ហៅរំ មានចុះហត្ថលេខាអ្នកសួរចម្លើយឈ្មោះ មាក និង សេង នៅខែធ្នូ ឆ្នាំ១៩៧៧ ដោយមានភ្ជាប់ឈ្មោះអ្នកពាក់ព័ន្ធនឹងអំពើក្បត់របស់ រំ ចំនួន ៤៤នាក់ ដែលជាយុទ្ធជននៅអនុសេនាធំ៣ វរសេនាតូច៣១ វរសេនាធំ៣, ផ្នែកយានដ្ឋានពាណិជ្ជកម្ម ក្រុងកំពង់សោម ព្រមទាំងនៅផ្នែកផ្សេងៗទៀត។[1] ស៊ុំ សាមឿន ហៅរំ គឺជាអតីតអ្នកបួស ហើយមុនពេលចាប់ខ្លួន គឺជាយុវជននៅអនុវរសេនាធំ៣ វរសេនាតូច៣១ វរសេនាធំ៣ និងជាកម្មករផែកំពង់សោម។

ប្រវត្តិរូបសង្ខេប៖ ស៊ុំ សាមឿន ហៅ រំ ភេទប្រុស មានអាយុ ២៦ឆ្នាំ (គិតត្រឹមឆ្នាំ១៩៧៧) មានស្រុកកំណើតនៅភូមិបឹងរៃ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ តំបន់៤២។ នៅជាយុវជន រំ បានជួយការងារស្រែចម្ការឪពុកម្តាយ រហូតដល់អាយុ ១៨ឆ្នាំ ទើបទៅបួសជាព្រះសង្ឃនៅវត្តបឹងរៃ បានចំនួន ២វស្សា ក៏បានលាចាកសិក្ខាបទមកធ្វើជាកសិករវិញ។ សកម្មភាពមុនថ្ងៃរំដោះ (ឆ្នាំ១៩៦៩ – ឆ្នាំ១៩៧៥)៖ នៅឆ្នាំ១៩៦៩ ឃ្លាំង និង ឆាយ ដែលជាជំទប់ឃុំឫស្សីកែវ បានអប់រំ រំ ឱ្យចូលជាភ្នាក់ងារសេ.អ៊ី.អា ដោយពន្យល់ថា បដិវត្តន៍ខ្មែរក្រហមឃោរឃៅ កាប់សម្លាប់ប្រជាជន និងបង្ខំឱ្យធ្វើការងារមិនផ្តល់ប្រាក់ខែ។ អ្នកទាំងពីរបានណែនាំ រំ ឱ្យលបយកការណ៍ពីតំបន់រំដោះខ្មែរក្រហម និងកសាងកម្លាំងគិញបង្កប់ក្នុងជួរបដិវត្តន៍។ ពេលនោះ រំ បានអូសទាញ ជ្រូក (អតីតអ្នកបួស) ជាប្រជាជនភូមិឫស្សីកែវ ឱ្យចូលជាភ្នាក់ងារសេ.អ៊ី.អា។ ក្រោយមក រំ និង ជ្រូក បានទាក់ទងជាមួយ ហ៊ាង (អតីតអ្នកនេសាទភូមិសាលាដំណាក់) និង ស្រុន (អតីតអ្នកជួញគោភូមិបឹងរៃ) ដើម្បីធ្វើសកម្មភាពលបយកការណ៍ពីប្រជាជនចម្លែកដែលចូលមកក្នុងភូមិ រួចរាយការណ៍ឱ្យ ឃ្លាំង និង ឆាយ ចាប់ខ្លួនយកទៅបាត់។ បន្ទាប់មក ហ៊ាង និង ស្រុន បាននាំ រំ ឱ្យទៅទាក់ទងខ្សែរយៈគិញសេ.អ៊ី.អា ម្នាក់ទៀតឈ្មោះ ឈិន (អតីតទាហានចាស់ភូមិបឹងរៃ) ដែលជាគ្នារបស់ ឆាយ និង ឃ្លាំង។

ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ រំ បានចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ដោយដំបូងឡើយបានទៅនៅមន្ទីរសិល្បៈស្រុកកំពង់សៀម។ នៅខែឧសភា ឆ្នាំ១៩៧១ ដោយសារ រំ មានសេរីភាពក្នុងការរស់នៅ វុធ ដែលជាគណៈសិល្បៈស្រុកកំពង់សៀម បានអប់រំ រំ ថាទៅអនាគត បដិវត្តន៍នឹងត្រូវស៊ីអង្ករកំប៉ុង ហើយបានលើកសរសើរពីសង្គមចាស់ថាជាប្រទេសមានសេរីភាព សម្បូរសប្បាយ មិនតឹងតែងដូចសង្គមបដិវត្តន៍។ វុធ បានបញ្ចូល រំ ជាភ្នាក់ងារសេ.អ៊ី.អា ដោយមាន ភីន (ប្រធានសិល្បៈស្រុកកំពង់សៀម) និង សួន (លេខាស្រុកកំពង់សោម) ជាអ្នកដឹងឮទទួលស្គាល់។ អ្នកដែលបានចូលជាភ្នាក់ងារសេ.អ៊ី.អា ជាមួយ រំ នៅពេលនោះ រួមមាន៖ សេន (អតីតប៉ូលិស និងជាប្រធានក្រុមភ្លេងសិល្បៈស្រុកកំពង់សៀម) និង យ៉េង (អតីតទាហាន និងជាយុវជនសិល្បៈស្រុកកំពង់សៀម)។ ភារកិច្ចរបស់ពួកគេគឺ បំផុសយុទ្ធជនឱ្យរត់ចូលតំបន់ខ្មាំង (តំបន់រដ្ឋអំណាចលន់នល់), កសាងកម្លាំងភ្នាក់ងារ និងបំផ្លាញទិន្នផលដំណាំបដិវត្តន៍។ ក្រោយមក រំ, យ៉េង និង សេន បានធ្វើសកម្មភាពចាក់ទម្លាយបំផ្លាញជង្រុកស្រូវ ធ្វើឱ្យស្រូវហូរធ្លាក់ចូលទៅក្នុងទឹកអស់មួយជង្រុក។

នៅចុងឆ្នាំ១៩៧១ វុធ បានចាត់តាំង រំ ឱ្យទៅទាក់ទងជាមួយកម្លាំងសេ.អ៊ី.អា ឈ្មោះ ខន, ឆូ និង ឆន (អតីតទាហាន និងជាយុទ្ធជនសិល្បៈស្រុកកំពង់សៀម)។ អ្នកទាំងប្រាំនាក់បានលួចទម្លាយធ្នួសត្រីនៅក្នុងព្រែកពាមក្នុង និងបំផ្លាញសម្ភារអង្គការអស់មួយចំនួន។ នៅដើមឆ្នាំ១៩៧២ រំ និងបក្ខពួកមាន វុធ, ភីន, សេន, យ៉េង, ឆន, ឆូ និង ខន បានប្រជុំទទួលផែនការបំផ្លាញផលដំណាំបដិវត្តន៍, កសាងកម្លាំង និងលួចបាញ់ឡានដឹកជញ្ជូនគ្រាប់។ ក្រោយមក រំ បានធ្វើសកម្មភាពដុតមន្ទីរកុមារស្រុកឆេះអស់មួយខ្នង។ បន្ទាប់មក រំ, ខន និង យ៉េង បានចូលទៅអុកឡុកមន្ទីរនារីឱ្យផ្អើលឆោឡោ និងបានយកខ្ទួយទៅទិចជ្រូកសហករណ៍ឱ្យងាប់អស់ ៧ក្បាល។ នៅខែមិថុនា ឆ្នាំ១៩៧២ វុធ បានចាត់តាំង រំ ឱ្យទាក់ទងជាមួយ ថា (អតីតទាហាន និងជាយុទ្ធជនសិល្បៈស្រុកកំពង់សៀម)។ រំ និង ថា បានទៅទាក់ទងជាមួយ ជឿន ដែលជាមេចោរព្រៃមានបក្ខពួក ៣០នាក់ នៅព្រៃរនាមបឹងធំ ឱ្យធ្វើសកម្មភាពប្លន់ប្រជាជននៅក្នុងភូមិវិហារធំ ឃុំវិហារធំ ស្រុកកំពង់សៀម។

នៅចុងឆ្នាំ១៩៧២ វុធ បានចាត់តាំង រំ ឱ្យទាក់ទងជាមួយ ហ៊ីម (អតីតប៉ូលិស និងជាប្រធានភូមិកំពង់រលីង ឃុំវិហារធំ) ដើម្បីឱ្យ ហ៊ីម ទៅទាក់ទងជាមួយទាហាន លន់ នល់ ស័ក្តិ២ ឈ្មោះ សី នៅបន្ទាយធ្លា ដើម្បីសុំគ្រាប់រំសេវយកមកឱ្យកម្លាំងចោរព្រៃ។ បីថ្ងៃក្រោយមក រំ, ថា, ខន, សេន និង យ៉េង បានទៅយកគ្រាប់កាំភ្លើងពី ហ៊ីម យកទៅប្រគល់ឱ្យកម្លាំងចោរព្រៃរបស់ ជឿន នៅព្រៃរនាម។ បន្ទាប់ពីសកម្មភាពនោះ រំ និង ឆូ បានលួចដុតចម្ការពោតទុំដែលជិតប្រមូលផលឱ្យឆេះអស់ចំនួន ៣ហិកតា។

នៅដើមឆ្នាំ១៩៧៣ វុធ និង ភីន បានប្រមូលបក្ខពួកមាន រំ, សេន, យ៉េង, ឆន, ឆូ និង ខន មកប្រជុំដាក់ផែនការកសាងកម្លាំង និងបំផ្លាញផលដំណាំបន្តទៀត។ ក្រោយមក វុធ ឱ្យ រំ ទៅទាក់ទងជាមួយ ផ្អូច (អតីតទាហាន និងជាយុទ្ធជនសិល្បៈស្រុកកំពង់សៀម) ដើម្បីធ្វើសកម្មភាពលួចយកដីខ្សាច់ និងអំបិលទៅដាក់ក្នុងម៉ាស៊ីនដេរ ធ្វើឱ្យខូចអស់ ៣គ្រឿង។ នៅខែមិថុនា ឆ្នាំ១៩៧៣ រំ និង ខន បានធ្វើសកម្មភាពដុតបំផ្លាញស្រូវទុំនៅក្នុងស្រែឆេះអស់ ៤ហិកតា។ នៅខែកក្កដា ឆ្នាំ១៩៧៣ វុធ បានចាត់តាំង រំ ឱ្យចូលទៅបង្កប់ខ្លួនក្នុងយោធាស្រុកកំពង់សៀម ដើម្បីភ្ជាប់ខ្សែរយៈសេ.អ៊ី.អា ជាមួយ ងួន (ប្រធានកងតូចយោធាស្រុក) និង ស៊ឹម (ប្រធានអនុកងតូចយោធាស្រុក)។ បន្ទាប់មក ងួន និង ស៊ឹម បាននាំ រំ ទៅទាក់ទងជាមួយ ចក់ (ប្រធានក្រុមនៅសហករណ៍ភូមិគគរ ស្រុកកំពង់សៀម) ឱ្យធ្វើសកម្មភាពលួចដុតស្រូវក្នុងជង្រុកឆេះអស់មួយជង្រុក។ នៅចុងឆ្នាំ១៩៧៣ អង្គភាពយោធាស្រុកកំពង់សៀម ត្រូវបញ្ចូលទៅក្នុងកងតំបន់៣០។ ពេលនោះ រំ បានយកនាឡិកាមកធ្វើការនៅពាមជីកង រហូតដល់អង្គភាពត្រូវផ្លាស់ទៅខេត្តកំពង់ធំ ប៉ុន្តែ រំ មិនទៅឡើយ ដោយបានលួចត្រឡប់មកនៅក្នុងមន្ទីរស្រុកជាមួយ វុធ វិញ។ នៅទីនោះបាន ៣ថ្ងៃ វុធ បានចាត់តាំង រំ ឱ្យចូលអង្គភាពយោធាវរសេនាតូច៤០៨ និងភ្ជាប់ខ្សែរយៈជាមួយ ព្រាប។

នៅខែមិថុនា ឆ្នាំ១៩៧៤ ស្មាញ បានប្រមូលបក្ខពួកមាន រំ, ចាន់, អាត និង រុន ប្រជុំដាក់ផែនការកសាងកម្លាំងបន្ថែម និងបំផ្លាញផលដំណាំបដិវត្តន៍។ ក្រោយមក តាមរយៈ ស្មាញ, រំ បានទាក់ទងជាមួយ សារី (យុទ្ធជនអនុសេនាធំ) និង សាន (អតីតអ្នកបួស និងជាយុទ្ធជនអនុសេនាធំ៣ វរសេនាតូច៤០៨)។ អ្នកទាំងបីបានលួចកប់គ្រាប់បែកតាមផ្លូវចេញចូល បណ្តាលឱ្យផ្ទុះស្លាប់មិត្តយុទ្ធជន ២នាក់ របួស ៥នាក់ ព្រមទាំងបំផុសយុទ្ធជនឱ្យរត់ទៅផ្ទះ និងបោះបង់ខ្សែត្រៀម។ នៅខែកញ្ញា ឆ្នាំ១៩៧៤ តាមរយៈ ព្រាប ដែលជាប្រធានវរសេនាតូច៤០៨ រំ បានទាក់ទងខ្សែរយៈសេ.អ៊ី.អា មានឈ្មោះ ស្មាញ (អតីតអ្នកបួស និងជាប្រធានកងតូចវរសេនាតូច៤០៨), ចាន់ (សមាជិកក្រុមអនុសេនាធំ៣) និង អាត (អតីតអ្នកបួស និងជាយុទ្ធជនអនុសេនាធំ៣)។ ក្រុមនេះបានធ្វើសកម្មភាពលួចបាញ់កងនារី និងបាញ់កាំភ្លើងបង្កការភ្ញាក់ផ្អើលឆោឡោក្នុងអង្គភាព ព្រមទាំងបំផុសយុទ្ធជនឱ្យរត់ទៅផ្ទះអស់ ២នាក់។ បន្ទាប់មក តាមរយៈ ស្មាញ, រំ បានទាក់ទងកម្លាំងថ្មីម្នាក់ឈ្មោះ រុន (យុទ្ធជនអនុសេនាធំទី៣) រួមគ្នាធ្វើសកម្មភាពលួចបាញ់គោរបស់ប្រជាជនងាប់អស់ ១ក្បាល​។ នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៤ ដដែល ព្រាប បានដក រំ ឱ្យមកធ្វើជាកងការពារឱ្យគណៈនយោបាយយោធាភូមិភាគកណ្តាល រួចបាននាំ រំ ទៅភ្ជាប់ខ្សែរយៈជាមួយ រស់ (ប្រធានសាលាអប់រំយោធាភូមិភាគកណ្តាល)។ តាម​រយៈ រស់, រំ បានទាក់ទងជាមួយ ឡូត (យុទ្ធជនកងការពារ និងជាអនុក្រុមវរសេនាតូចលេខ៣២ វរសេនាធំ៣ កម្មករផែក្រុងកំពង់សោម) និង សឿន (សមាជិកមន្ទីរអប់រំ)។ ពួកគេបានធ្វើសកម្មភាពបុកគ្រាប់ស្លែងពូតយកទឹកដាក់ក្នុងសម្ល ដើម្បីឱ្យល្វីងធ្វើឱ្យមិត្តយុទ្ធជនហូបមិនកើត។ នៅខែតុលា ឆ្នាំ១៩៧៤ រស់ បានហៅ រំ, ឡូត និង សឿន មកប្រជុំដាក់ផែនការបំផុសឱ្យអ្នកមករៀនសូត្រ រត់ត្រឡប់ទៅផ្ទះវិញអស់ចំនួន ៧នាក់។ នៅខែកុម្ភៈ ឆ្នាំ១៩៧៥ រំ និង សឿន បានទាក់ទងកម្លាំងឈ្មោះ គូ (អតីតអ្នកធ្វើស្រែ និងជាយុទ្ធជនកងការពារសាលានយោបាយ) និង ជឿន (អតីតអ្នកបួស និងជាយុទ្ធជនកងការពារសាលានយោបាយ) ឱ្យរួមគ្នាធ្វើសកម្មភាពលួចកាត់ផ្តាច់ខ្សែបង្អោងត្នោត ធ្វើឱ្យយុទ្ធជនឡើងធ្លាក់ស្លាប់ និងបានលួចកាប់ជើងក្របីសហករណ៍អស់ ២ក្បាល។

សកម្មភាពក្រោយថ្ងៃរំដោះ (ក្រោយខែមេសា ឆ្នាំ១៩៧៥ – ឆ្នាំ១៩៧៧)៖ ក្រោយថ្ងៃរំដោះ (ឆ្នាំ១៩៧៥) អង្គការបានដក រំ, ឡូត និង សឿន ឱ្យមករស់នៅផ្នែកដឹកជញ្ជូនយានដ្ឋាន ក្រសួងពាណិជ្ជកម្ម ក្រុងកំពង់សោម។ ពេលនោះ រំ ដើរតួជាយុទ្ធជនធម្មតា រួច សឿន បាននាំ រំ ទៅភ្ជាប់ខ្សែរយៈជាមួយ អូន (ប្រធានយានដ្ឋាន)។ តាមរយៈ អូន, រំ និង សឿន បានទាក់ទងជាមួយ ទៀង (អនុក្រុមផ្នែកយានដ្ឋាន) និង ថា (យុទ្ធជនផ្នែកយានដ្ឋាន) ឱ្យរួមគ្នាបំផ្លាញម៉ាស៊ីនឡានអស់ ៣គ្រឿង និងបំផ្លាញម៉ាស៊ីនកាណូត ១គ្រឿង ដោយដោះខ្ចៅម៉ាស៊ីនយកទៅជ្រលក់ទឹកសមុទ្រឱ្យច្រេះស៊ីខូចខាត។ នៅខែមិថុនា ឆ្នាំ១៩៧៥ សឿន បានហៅ រំ, ឡូត, ទៀង និង ថា ទៅប្រជុំទទួលផែនការបំផ្លាញគ្រឿងម៉ាស៊ីន និងប្រេងឥន្ធនៈ។ ក្រោយមក សឿន និង រំ បានទាក់ទង អឿន (អនុក្រុមផ្នែកយានដ្ឋាន) និង សំបាត់ (និរសាររបស់ អូន) ឱ្យធ្វើសកម្មភាពបំផ្លាញត្រាក់ទ័រ ១គ្រឿង ដោយបញ្ឆេះមិនចាក់ប្រេងម៉ាស៊ីន និងយកកូនជ្រូកម៉ាស៊ីនកាណូតក្រវាត់ចោលទៅក្នុងទឹកសមុទ្រ។ បន្ទាប់មក រំ, ឡូត, ថា និង ទៀង បានយកអំបិលទៅដាក់លាយក្នុងធុងប្រេងសាំង។

នៅខែកញ្ញ ឆ្នាំ១៩៧៥ រំ, អូន និង សំបាត់ បានទាក់ទងជាមួយ សេង (កម្មករចាស់ផ្នែកយានដ្ឋាន) និង ភុន (យុទ្ធជនវរសេនាតូច៣១ កម្មករផែ) រួមគ្នាធ្វើសកម្មភាពលួចចោះធុងបង្ហូរប្រេងម៉ាស៊ីនចោលអស់ពីរ-បីភុយ​។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ សឿន បានចាត់តាំង រំ, ថា និង ឡូត ឱ្យរួមគ្នាធ្វើសកម្មភាពមួលបំបាក់ប៊ូឡុង​ឡានឱ្យខូច ១គ្រឿង និងបំផ្លាញកូនជ្រូកម៉ាស៊ីនអាគុយអស់ ១គ្រឿង។ បន្ទាប់មក សឿន ឱ្យ រំ និង ថា ទាក់ទងជាមួយ អេង (អតីតកម្មករចាស់ និងជាយុទ្ធជនអនុសេនាធំទី៣ វរសេនាធំ៣) រួមគ្នាធ្វើសកម្មភាពលួចចាក់ទឹកអាស៊ីតអាគុយចោលអស់ ៦០លីត្រ។

នៅខែមករា ឆ្នាំ១៩៧៦ តាមរយៈ សឿន, រំ បានទាក់ទងជាមួយ ដន (យុទ្ធជនវរសេនាតូច៣១), ឆុន (យុទ្ធជនវរសេនាតូច៣១ និងជាអ្នកបើកបរអេស្កាវ៉ាទ័រផែ) និង សែ (ប្រធានកងតូចវរសេនាតូច៣២ វរសេនាធំ៣)។ អ្នកទាំងបួនបានរួមគ្នាធ្វើសកម្មភាពលួចចាក់ទម្លុះបាវអង្ករចោលក្នុងឃ្លាំងអស់មួយចំនួនធំ។ នៅចន្លោះខែមករា ដល់ ខែឧសភា ឆ្នាំ១៩៧៦ តាមរយៈ សឿន, រំ បានទាក់ទងជាមួយ ភី (យុទ្ធជនអនុសេនាធំទី៣ វរសេនាតូច៣២ វរសេនាធំ៣) រួមគ្នាធ្វើសកម្មភាពយកអំបិលដាក់ក្នុងភុយប្រេងម៉ាស៊ុត។ បន្ទាប់មក អូន បានចាត់តាំង រំ, ថា និង អឿន ឱ្យរួមគ្នាពូតយកទឹកថ្នាំពុលខ្លាំងដាក់ក្នុងម្ហូប និងបង្គា ធ្វើឱ្យមិត្តយុទ្ធជនហូបពុល ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ នៅខែឧសភា ឆ្នាំ១៩៧៦ អូន និងបក្ខពួកបានប្រជុំដាក់ផែនការបំផ្លាញគ្រឿងម៉ាស៊ីននៅផែកំពង់សោម, កសាងកម្លាំងភ្នាក់ងារថ្មី និងកាត់ផ្តាច់ខ្សែភ្លើង។ ក្រោយមក រំ, ឡូត, ភី និង ថា បានរួមគ្នាធ្វើសកម្មភាពយកអំបិលដាក់ក្នុងធុងប្រេងម៉ាស៊ីនភ្លើងនៅឃ្លាំងលេខ១ ធ្វើឱ្យខូចអស់ ១គ្រឿង។ បន្ទាប់មក រំ, អឿន, អេង, សេង, សឿន និងភ្នាក់ងារថ្មីម្នាក់ឈ្មោះ ចេក (យុទ្ធជនវរសេនាតូច៣១ វរសេនាធំ៣ ខ្សែរយៈរបស់ អូន) បានរួមគ្នាធ្វើសកម្មភាពលួចកាត់ផ្តាច់ខ្សែភ្លើងតាមឃ្លាំងខាងលើ។ នៅខែកក្កដា ឆ្នាំ១៩៧៦ អង្គភាពយានដ្ឋានត្រូវរំសាយបញ្ចូលទៅក្នុងអង្គភាពកំពង់ផែ។ ពេលនោះ រំ, ឡូត, សឿន, ចេក, អេង, សេង និង សែ បានចូលរួមក្នុងវរសេនាតូច៣២ វរសេនាធំ៣ កម្មករផ្នែកយានដ្ឋានផែក្រុងកំពង់សោម។ ក្រោយមក រំ, ចេក និង ភី បានធ្វើសកម្មភាពយកអាចម៍ដែកដាក់ក្នុងម៉ូទ័រ ធ្វើឱ្យឆេះម៉ូទ័រអស់មួយ និងខូចម៉ាស៊ីនក្រឡឹងមួយ។

សកម្មភាពបន្តបន្ទាប់ក្នុងឆ្នាំ១៩៧៦ តាមរយៈ សឿន, រំ និង ចេក បានទាក់ទង អុល (យុទ្ធជនវរសេនាតូច៣២ វរសេនាធំ៣) ឱ្យរួមគ្នាបំផ្លាញម៉ាស៊ីនឡានស្ទូច អស់ ១គ្រឿង ដោយដំឡើងមីញ៉ុងបញ្ច្រាស។ ក្រោយមក សឿន និង រំ បានទាក់ទង លន់ (អនុក្រុមអនុសេនាធំ៣ វរសេនាតូច៣១) ឱ្យរួមគ្នាកាត់ទុយោប្រេងម៉ាស៊ីនស្ទូចឱ្យប្រើការលែងកើត។ នៅចុងឆ្នាំ១៩៧៦ អង្គការបានប្តូរទីកន្លែង រំ, សឿន, លន់ និង ភុន ឱ្យមករស់នៅវរសេនាតូច៣១ វរសេនាធំ៣ ផ្នែកបើកបរលើកដាក់ទំនិញក្នុងផែក្រុងកំពង់សោម។ ពេលនោះ សឿន ចាត់តាំង រំ, ភុន និង លន់ ឱ្យលួចកាត់ផ្តាច់ខ្សែភ្លើងតភ្ជាប់ចូលមន្ទីរពេទ្យឱ្យរលត់ទាំងស្រុង។

នៅខែមករា ឆ្នាំ១៩៧៧ សឿន, រំ, ភុន និង ឡូត បានទាក់ទងជាមួយ ហេន (ប្រធានក្រុមវរសេនាតូច៣១) រួមគ្នាធ្វើសកម្មភាពយកទឹកអាស៊ីតទៅចាក់ចូលក្នុងទ្រុងមាន់សហករណ៍ បណ្តាលឱ្យមាន់ងាប់អស់មួយចំនួន។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៧ តាមរយៈ សឿន, រំ និង ភុន បានទាក់ទងភ្នាក់ងារសេ.អ៊ី.អា រួមមាន ភាប់ (យុទ្ធជនអនុសេនាធំ វរសេនាតូច៣១), រឿន (អតីតអ្នកបួស និងជាអនុប្រធានក្រុម), លន់, ឡូត និង ឆុន ឱ្យរួមគ្នាធ្វើសកម្មភាពយកប្រេងម៉ាស៊ីនទៅចាក់លាយឡំនៅក្នុងបាវអង្ករក្នុងឃ្លាំងលេខ៤ ផែកំពង់សោម និងប៉ុនប៉ងលួចដុតឃ្លាំងប្រេងនៅក្នុងផែ តែមិនបានសម្រេច។ នៅខែកក្កដា ឆ្នាំ១៩៧៧ សឿន បាននាំ រំ ឱ្យមកភ្ជាប់ខ្សែរយៈជាមួយ ម៉េត (ប្រធានកងធំ៣ វរសេនាតូច៣១ វរសេនាធំ៣)។ បន្ទាប់មក ម៉េត ចាត់តាំង រំ, ឡូត, ភុន និង ឆុន ឱ្យទៅទាក់ទងជាមួយ ឆាយ (អតីតអ្នកបួស និងជាសមាជិកក្រុមអនុសេនាធំ៣) និង សន (អតីតអ្នកបួស និងជាយុទ្ធជនក្រុមអនុសេនាធំ៣) ឱ្យរួមគ្នាធ្វើសកម្មភាពបំផ្លាញផ្លូវរទេះភ្លើង ធ្វើឱ្យរទេះភ្លើង​បើកខុសផ្លូវធ្លាក់ផ្លូវរងការខូចខាត។ នៅខែកញ្ញា ឆ្នាំ១៩៧៧ រំ, ភុន, លន់ និង ឡូត បានរួមគ្នាធ្វើសកម្មភាពយកទឹកចាក់លាយក្នុងប្រេងម៉ាស៊ុត និងយកប្រេងម៉ាស៊ីនចាក់លាយជាមួយប្រេងសាំងអស់ចំនួន ៤ភុយ។

នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៧ អង្គការខ្មែរក្រហមបានដឹងខ្លួន និងឈានទៅដល់ការចាប់ខ្លួន រំ តែម្តង៕

[1] ឯកសារ J000៣៨ សេចក្តីកំណត់ហេតុចម្លើយសារភាពរបស់ ស៊ុំ សាមឿន ហៅ រំ អតីត៖ ធ្លាប់បួសជាព្រះសង្ឃ មុនពេលត្រូវបានចាប់ខ្លួនក្នុងនាមជាយុវជននៅអនុវរសេនាធំទី៣ វរសេនាតូចទី៣១ វរសេនាធំទី៣ និងជាកម្មករផែកំពង់សោម។ ឯកសារកំណត់ហេតុចម្លើយសារភាពបង្ហាញថា រំ ដែលរងការចោទប្រកាន់ថាជាភ្នាក់ងារ សេ.អ៊ី.អា (CIA) និង​​ត្រូវបានអូសទាញឱ្យចូលរួមក្នុងបណ្ដាញសម្ងាត់តាំងពីឆ្នាំ១៩៦៩។ ក្នុងឯកសារ រំ បានលាតត្រដាងពីបក្ខពួកក្បត់ចំនួន ៤៤នាក់ និងសកម្មភាពបំផ្លិចបំផ្លាញជាច្រើនរួមមាន ការដុតបំផ្លាញជង្រុកស្រូវ ផលដំណាំ គ្រឿងចក្រ ឡានទឹក លួចដាក់ទឹកចូលប្រេងសាំង និងម៉ាស៊ីន ព្រមទាំងការលបបាញ់ប្រហារ និងការបង្កវិនាសកម្មនៅក្នុងបរិវេណផែកំពង់សោម មុនពេលត្រូវបានអង្គការចាប់ខ្លួន។

កំណត់ចំណាំ៖ ចម្លើយសារភាពរបស់អ្នកទោសសុទ្ធសឹងតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់​ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះចម្លើយសារភាពនេះមិនអាចសន្និដ្ឋានថាពិត ឬយ៉ាងណានោះទេ។


អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin