សួរ ថា នីរសារនៅវរសេនាធំ ១៥២

សួរ ថា ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ តំបន់៤២ ខេត្តកំពង់ចាម។[1] ថា មានឪពុកឈ្មោះ វេង គី ហៅ នេទ និងម្តាយឈ្មោះ ធឹង ហៅ ចាន់ ហើយអ្នកទាំងពីរមានមុខរបរជាកសិករ។
នៅឆ្នាំ១៩៦៦ ថា បានឈប់រៀនត្រឹមថ្នាក់ទី១២ នៅសាលាទួលព្រះឃ្លាំង ស្ថិតក្នុងខេត្តកំពង់ចាម។ បន្ទាប់ពីឈប់រៀន ថា បានមករស់នៅជាមួយឪពុកម្តាយ។ នៅឆ្នាំ១៩៧០ ថា បានចូលធ្វើជាកងទ័ពជាមួយវៀតណាម ហើយរហូតដល់ខែមេសា ឆ្នាំ១៩៧៤ ឪពុករបស់ថា បានមកនាំគាត់, ម្តាយ ព្រមទាំងបងប្អូន ទៅរស់នៅភូមិស្វាយល្មៀត ឃុំស្វាយល្មៀត ស្រុកខ្សាច់កណ្តាល តំបន់២២។ នៅខែធ្នូ ឆ្នាំ១៩៧៤ ថា បានចូលរួមជាមួយបដិវត្តន៍ តាមរយៈឈ្មោះ ពិសិទ ដែលមាននាទីជាប្រធានក្រុមការពារកម្មាភិបាលវរសេនាធំ ១៥២ នៅស្រុកខ្សាច់កណ្តាល តំបន់២២។ នៅខ្សាច់កណ្តាល ថា បានចូលជាមួយក្រុមរបស់ ពិសិទ ដែលស្ថិតក្នុងក្រុមការពារកម្មាភិបាលវរសេនាធំ ១៥២ ហើយគាត់ស្ថិតក្នុងក្រុមការពារកម្មាភិបាលវរសេនាធំ ១៥២ នេះរហូតដល់របបខ្មែរក្រហមដួលរលំ។ ក្នុងឆ្នាំ១៩៧៥ ឪពុករបស់ថា កំពុងធ្វើការនៅកងកាំភ្លើងធំរបស់តំបន់២២។ នៅខែកញ្ញា ឆ្នាំ១៩៧៥ ឈ្មោះ សំ ដែលមាននាទីជាគណៈវរសេនាធំ ១៥២ បានចាត់តាំង ថា និងក្រុមការពារកម្មាភិបាលវរសេនាធំ ១៥២ ឱ្យមកស្ថិតនៅក្នុងអង្គភាពភស្តុភារ នៃវរសេនាធំ ១៥២។ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៥ ឈ្មោះ សុង ដែលមាននាទីជាគណៈភស្តុភារ វរសេនាធំ ១៥២ ក៏បានចាត់តាំង ថា ឱ្យមកធ្វើជានីរសារឱ្យឈ្មោះ បងស៊ីម ដែលមាននាទីជាគណៈវរសេនាធំ ១៥២។ នៅខែមករា ឆ្នាំ១៩៧៦ ឈ្មោះ ស៊ីម បានចាត់តាំង ថា, រស្មី និង មេឃ ឱ្យទៅធ្វើជានីរសារ និងរង់ចាំចម្លងដរ នៅគល់ស្ពានជ្រោយចង្វារ។ ពេលចាត់តាំងនោះ ឈ្មោះ ស៊ីម បានណែនាំឱ្យអ្នកទាំង បីនាក់ រៀបចំផ្ទះថ្មមួយនៅក្បែរគល់ស្ពានជ្រោយចង្វារ សម្រាប់ទទួលភ្ញៀវ។ ក្រោយពីរៀបចំផ្ទះរួច ស៊ីម បានណែនាំបន្ថែមថា បើមានភ្ញៀវមក ត្រូវលាក់ការណ៍ឱ្យជិត កុំឱ្យគេដឹងថាមានមនុស្សមកស្នាក់នៅផ្ទះនោះជាដាច់ខាត ព្រមទាំងរៀបចំម្ហូបអាហារឱ្យឆ្ងាញ់ ដើម្បីទទួលភ្ញៀវផងដែរ។ ស៊ីម បានប្រាប់អ្នកទាំងបីនាក់ថា ភ្ញៀវដែលមកស្នាក់នៅទីនោះ មានឋានៈចាប់ពីគណៈស្រុកឡើងទៅ រហូតដល់ថ្នាក់ដឹកនាំប្រទេស ប៉ុន្តែ ស៊ីម មិនបានប្រាប់ឈ្មោះភ្ញៀវទាំងនោះដល់អ្នកទាំងបីនាក់ទេ។ ស៊ីម បានណែនាំទៀតថា ពេលមានភ្ញៀវមកស្នាក់នៅ ត្រូវចាត់កម្លាំងយាមការពារឱ្យបានប្រុងប្រយ័ត្ន។ ប្រហែលនៅខែកុម្ភៈ ឬខែមីនា ឆ្នាំ១៩៧៦ ឈ្មោះ ស៊ីម បាននាំភ្ញៀវពីតំបន់២២ ចំនួន ពីរនាក់ មកស្នាក់នៅផ្ទះដែល ថា បានរៀបចំ។ ភ្ញៀវទាំងពីរនាក់នោះមានឈ្មោះ មុត ដែលមាននាទីជាគណៈតំបន់២២ និងម្នាក់ទៀតដែល ថា មិនស្គាល់ឈ្មោះ។ នៅម៉ោង ៧យប់ ឈ្មោះ ទុំ ក៏បានមកជួបជាមួយភ្ញៀវទាំងពីរនាក់នោះ រហូតដល់ម៉ោង ៩យប់ ទើបត្រឡប់ទៅផ្ទះវិញ។ ថា, មេឃ និង រស្មី បានយាមការពាររហូតដល់ភ្លឺ ហើយនៅព្រឹកថ្ងៃបន្ទាប់ ឈ្មោះ ទុំ ក៏បាននាំភ្ញៀវទាំងពីរនាក់ត្រឡប់ទៅតំបន់២២ វិញ។ បន្ទាប់មក ឈ្មោះ ទុំ បានណែនាំ ថា, រស្មី និង មេឃ ជាញឹកញាប់ ឱ្យរាយការណ៍ទៅគាត់នៅពេលមានភ្ញៀវមកស្នាក់នៅ និងត្រូវលាក់ការណ៍ឱ្យជិត កុំឱ្យនរណាម្នាក់ដឹង។ នៅខាងមុខផ្ទះ ត្រូវកាប់ធាងដូងមកបាំង និងចាក់សោបន្ទប់ឱ្យជាប់ជានិច្ច។
ឈ្មោះ សយ ដែលមាននាទីជាគណៈពិការនៅតំបន់២២ និងឈ្មោះ ចៅ គិត (មិនស្គាល់នាទីច្បាស់លាស់) ក៏បានមកទាក់ទងជាមួយឈ្មោះ ទុំ នៅគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិច អស់រយៈពេលមួយយប់មួយថ្ងៃ ហើយភ្ញៀវទាំងពីរនាក់នោះក៏បានត្រឡប់ទៅតំបន់២២ វិញ។ នៅខែកក្កដា ឆ្នាំ១៩៧៦ ឈ្មោះ ណែម ដែលមាននាទីជាប្រធានមន្ទីរនៅតំបន់២២ និងនារីម្នាក់ទៀត (មិនស្គាល់ឈ្មោះ) បានមកកន្លែងរបស់ថា។ ឈ្មោះ ទុំ បានមកទាក់ទងជាប្រចាំ ហើយពេលខ្លះ ទុំ បាននាំនារីម្នាក់នោះទៅកន្លែងស្នាក់នៅរបស់ខ្លួននៅទួលគោក។ ភ្ញៀវបានស្នាក់នៅរយៈពេល ៣ថ្ងៃ ហើយក៏ត្រឡប់ទៅវិញ។ ក្រោយមកទៀត នារីឈ្មោះ ផុន ដែលមាននាទីជាប្រធានមន្ទីរនារីនៅស្រុកមុខកំពូល បានមកទាក់ទងជាមួយ ទុំ នៅពេលយប់។ ឈ្មោះ ទុំ បាននាំនារី ផុន ទៅកន្លែងស្នាក់នៅរបស់ខ្លួននៅទួលគោក រយៈពេល ៥ថ្ងៃ ទើបនារី ផុន ត្រឡប់ទៅស្រុកមុខកំពូលវិញ។ ក្រោយមក ឈ្មោះ ស៊ីម បានណែនាំ ថា, រស្មី និង មេឃ ឱ្យរាយការណ៍ប្រាប់គាត់នៅពេលមានសំបុត្រមកពីតំបន់២២ ហើយត្រូវយកសំបុត្រទៅឱ្យ ទុំ ឬប្រគល់ឱ្យនីរសាររបស់ ទុំ ឈ្មោះ ម៉េង ក៏បានដែរ ប៉ុន្តែក្រៅពីអ្នកទាំងពីរនេះ មិនត្រូវប្រគល់ឱ្យអ្នកណាផ្សេងឡើយ។ បន្ទាប់ពីទទួលការណែនាំពីឈ្មោះ ស៊ីម រួចរាល់ ឈ្មោះ មុត និង ឈាង ដែលមាននាទីជាគណៈតំបន់២២ បានផ្ញើសំបុត្រមកឱ្យឈ្មោះ ទុំ ជាញឹកញាប់។ ចំណែកខ្លឹមសារនៃសំបុត្រទាំងនោះ ថា ពុំបានដឹងឡើយ។
នៅខែសីហា ឆ្នាំ១៩៧៦ ឈ្មោះ ទុំ បានចាត់តាំង ថា, រស្មី និង មេឃ ឱ្យយកប្រេងម៉ាស៊ីនចំនួន ៥ធុងធំ ដាក់កាណូតយកទៅឱ្យនារី ថុន នៅស្រុកមុខកំពូល។ ចំណែកប្រេងម៉ាស៊ីន ៥ធុងទៀត ឈ្មោះ ទុំ បានចាត់តាំងនីរសារឈ្មោះ ម៉ង ឱ្យដឹកយកទៅតំបន់២២។ បងស៊ីម បានយកសំបុត្រពីតំបន់២២ ឱ្យ ថា យកទៅប្រគល់ឱ្យឈ្មោះ ទុំ នៅទួលគោក ចំនួន ២ដង ដែលជាសំបុត្ររបស់ឈ្មោះ មុត និងឈ្មោះ ឈាង។ នៅខែតុលា ឆ្នាំ១៩៧៦ ឈ្មោះ ទុំ បានឱ្យ ថា ទៅជួយលើកអង្ករចំនួន ៥បាវ មកដាក់លើកាណូតរបស់គាត់។ បន្ទាប់មក ទុំ បានបើកកាណូតឆ្ពោះទៅទន្លេចតុមុខ ប៉ុន្តែ ថា មិនដឹងថាយកទៅទីណានោះទេ។ ក្រោយមក ថា បានទៅជួយលើកស្រូវចំនួន ២បាវ និងពោត ២បាវ ដាក់លើកាណូតរបស់នីរសារឈ្មោះ ទុំ ដើម្បីដឹកយកទៅតំបន់២២។ ឈ្មោះ ទុំ បានចាត់តាំង ថា, រស្មី និង មេឃ ឱ្យលាក់ទុកកាណូតចំនួន ២គ្រឿង នៅគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិច ហើយជួនកាលក៏យកទៅលាក់ទុកនៅត្រើយខាងកើតផងដែរ។ ក្នុងចំណោមកាណូតទាំងពីរគ្រឿងនេះ មួយគ្រឿងជាម៉ាស៊ីនសាំង ដែលឪពុករបស់ថា ផ្តល់ឱ្យ និងមួយគ្រឿងទៀត បងស៊ីម បានផលិតឱ្យ ដោយបំពាក់ម៉ាស៊ីនម៉ារីន កម្លាំង ១៥០សេះ។ នៅចុងឆ្នាំ១៩៧៦ ឈ្មោះ ទុំ បានទាក់ទងជាមួយឪពុករបស់ថា នៅគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត ចំនួនមួយលើក។ ក្រោយមក ឈ្មោះ ទុំ បានចាត់តាំងនីរសារឈ្មោះ ម៉ង ឱ្យយកសំបុត្រទៅប្រគល់ឱ្យឪពុករបស់ថា នៅជ្រោយចង្វារ ត្រើយខាងកើត ម្តងទៀត។ បន្ទាប់មក ឈ្មោះ ម៉េត (មិនស្គាល់នាទីច្បាស់លាស់), ឈ្មោះ ពេជ ដែលមាននាទីជាគណៈវរសេនាធំ ១៥៧ ប្រចាំតំបន់២២, ឈ្មោះ អ៊ុន ដែលមាននាទីជាគណៈវរសេនាធំ ១២៤ និងឈ្មោះ ហ៊ែល ដែលមាននាទីជាប្រធានគមនាគមន៍តំបន់២២ បានទាក់ទងជាមួយឈ្មោះ ស៊ីម និងឈ្មោះ ទុំ ជាញឹកញាប់ ប៉ុន្តែមិនដែលមកស្នាក់នៅផ្ទះដែល ថា បានរៀបចំនោះទេ។
នៅខែមីនា ឆ្នាំ១៩៧៧ ឈ្មោះ ស៊ីម បានចាត់តាំង ថា ឱ្យទៅនៅការដ្ឋានព្រែកព្នៅ ដើម្បីធ្វើការងារសេដ្ឋកិច្ច ផ្គត់ផ្គង់ត្រី និងបន្លែដល់កងនានា។ នៅខែមេសា ឆ្នាំ១៩៧៧ ឈ្មោះ ឆាយ ដែលមាននាទីជាវរសេនាតូចលេខ ២៣៤ បានចាត់តាំង ថា ឱ្យមកស្នាក់នៅគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិច វិញ ដើម្បីរង់ចាំចម្លងសមមិត្ត។ នៅចុងខែមេសា ឆ្នាំ១៩៧៧ ឈ្មោះ ធៀ និងឈ្មោះ ហ៊ែល បានមកទាក់ទងជាមួយឈ្មោះ ទុំ និងឈ្មោះ ស៊ីម បន្តទៀត ដោយមានកាន់សំបុត្រមកពីតំបន់២២ មួយច្បាប់ផងដែរ។ ប៉ុន្តែដោយមិនបានជួបឈ្មោះ ទុំ និងឈ្មោះ ស៊ីម អ្នកទាំងពីរក៏បានត្រឡប់ទៅតំបន់២២ វិញ។ ឈ្មោះ ឌឹម ដែលមាននាទីជាគណៈកងពល ១៦៤ តែងមកទាក់ទងជាមួយឈ្មោះ ទុំ នៅពេលមានបុណ្យ ឬនៅពេលអង្គការហៅមកបំពេញការងារ។ ភាគច្រើន ឈ្មោះ ឌឹម តែងទៅជួបឈ្មោះ ទុំ នៅផ្ទះរបស់ថា។
នៅពេលខ្លះ ថា ក៏បានទៅជួបឈ្មោះ ទុំ នៅកន្លែងស្នាក់នៅរបស់គាត់នៅទួលគោកផងដែរ។ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៧ អង្គការក៏បានចាប់ខ្លួន សួរ ថា៕
***
កំណត់ចំណាំ៖ ចម្លើយសារភាពរបស់អ្នកទោសសុទ្ធសឹងតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះចម្លើយសារភាពរបស់ សួរ ថា នីរសារនៅវរសេនាធំ ១៥២ នេះមិនអាចសន្និដ្ឋានបានពិត ឬយ៉ាងណានោះទេ”។ ចម្លើយសារភាពនេះសួរចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៧៧។
***
[1] ឯកសារ J00១២៨ ចម្លើយសារភាពរបស់ឈ្មោះ សួរ ថា កើតឆ្នាំ១៩៥៨ នៅខេត្តកំពង់ចាម មាននាទីជានីរសារ នៅវរសេនាធំ ១៥២។ នៅក្នុងចម្លើយសារភាព នេះមានចំនួន១១ ទំព័រ មានចុះហត្ថលេខារបស់អ្នកសួរចម្លើយឈ្មោះមិត្ត ហ៊ង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៧៧។ ចម្លើយសារភាពរបស់ សួរ ថា បញ្ជាក់ថាអំឡុងពេលបំពេញភារកិច្ចគាត់បានសម្របសម្រួលការស្នាក់នៅ និងការជួបប្រជុំជាញឹកញាប់រវាងភ្ញៀវសម្ងាត់នានា ដូចជា មុត, ណែម, ផុន, សយ, ឌឹម ជាមួយនឹងឈ្មោះ ទុំ។ ក្រៅពីនេះ ថា រស្មី និង មេឃ ត្រូវទទួលខុសត្រូវលើការដឹកជញ្ជូន និងប្រគល់សំបុត្រសម្ងាត់ រៀបចំកាណូតដឹកជញ្ជូនស្បៀងអាហារ ស្រូវ អង្ករ ពោត និងប្រេងម៉ាស៊ីន ទៅឱ្យបណ្តាតំបន់ និងបុគ្គលពាក់ព័ន្ធតាមបញ្ជារបស់ ស៊ីម និង ទុំ។ នៅឆ្នាំ១៩៧៧ ថា ត្រូវបានផ្ទេរឱ្យទៅធ្វើការនៅការដ្ឋានព្រែកព្នៅមួយរយៈពេល រួចទើបប្តូរមកចាំចម្លងសមមិត្តនៅជ្រោយចង្វារវិញ។ ទីបំផុត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៧ សួរ ថា ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួន។
អត្ថបទដោយ អេង សុខម៉េង

