រៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) យែម សាអ៊ុំ មានអាយុ ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាអ៊ុំ មានឪពុកឈ្មោះ យ៉ែម និងមានបងប្អូនចំនួន ៤នាក់។
កាលពីកុមារភាព សាអ៊ុំ គ្មានឱកាសបានរៀនសូត្រនោះទេ។ នៅពេលរបបខ្មែរក្រហមចូលមកដល់ សាអ៊ុំ មានអាយុប្រហែលជា២០ឆ្នាំ។ នៅពេលនោះជីវិតសាអ៊ុំ ត្រូវរស់នៅក្នុងភាពភ័យខ្លាច, រងការបង្ខិតបង្ខំ និងរងទុក្ខលំបាកជាច្រើន ដោយសារតែបញ្ហាអាហារហូបចុក និងការធ្វើការងារគ្មានពេលសម្រាក។ អង្គការបានចាត់តាំង សាអ៊ុំ ឲ្យទៅធ្វើការងាដូចជា៖ ដកស្ទូង និងជីកប្រឡាយដើម្បីបម្រើឲ្យវិស័យកសិកម្ម។ អង្គការក៏បានជម្លៀស សាអ៊ុំ ចេញពីស្រុកកំណើតឲ្យទៅធ្វើការងារជានារីកងចល័តនៅឯខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ហើយនៅទីនោះការងារចម្បងគឺត្រូវជីកប្រឡាយទឹក, លើកទំនប់, ស្ទូងស្រូវ និងជីកព្រែក។ សាអ៊ុំ ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ រហូតទល់ភ្លឺក៏មានដែរគឺស្ទើរតែគ្មានពេលសម្រាក ហើយជួនកាលបានសម្រាកតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំណែករបបអាហារហូបចុកវិញមានការខ្វះខាតខ្លាំង។ ទោះបីជាត្រូវធ្វើការងារធ្ងន់ក៏ដោយ ក៏ការហូបចុកមានតែបបរដែលត្រូវបានគេវាល់វែកចែកតាមមនុស្សម្នាក់ៗយ៉ាងតឹងរ៉ឹង។ ប្រសិនបើធ្វើការមិនគ្រប់តាមការកំណត់របស់អង្គការនឹងមិនទទួលបានអាហារនោះទេ។ សាអ៊ុំ និយាយថានៅពេលឈឺថ្កាត់ម្តងៗគាត់ទទួលបានសេវាសុខាភិបាលដែលគ្មានប្រសិទ្ធភាព។ ពេទ្យនៅក្នុងសហករណ៍គ្មានចំណេះដឹងផ្នែកវេជ្ជសាស្ត្រពិតប្រាកដ គឺគ្រាន់តែមានឈ្មោះជាពេទ្យ ហើយដើរចែកថ្នាំប៉ុណ្ណោះ ។ ចំណែកថ្នាំសម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទគឺមានតែ “ថ្នាំអាចម៍ទន្សាយ” ។ នៅពេលឈឺម្តងៗ សាអ៊ុំ ត្រូវឆ្លងកាត់ការសួរដេញដោលពីកម្មាភិបាលដើម្បីធានាថាមិនមែនជាការធ្វើពុតដើម្បីគេចវេសពីការងារ។ ប្រសិនបើកម្មាភិបាលខ្មែរក្រហមពិនិត្យឃើញថាឈឺមែន ទើបអនុញ្ញាតឲ្យសម្រាក ប៉ុន្តែបើគេយល់ថាមិនឈឺទេត្រូវបន្តធ្វើការងារជាធម្មតាឬត្រូវគេហៅទៅ “កសាង/ណែនាំ”។
ក្នុងរបបខ្មែរក្រហមអង្គការបានបង្ខំ សាអ៊ុំ ឲ្យរៀបការជាមួយបុរសម្នាក់ឈ្មោះ ស៊យ វេ ដែលមិនបានស្គាល់គ្នាពីមុន។ ពិធីរៀបការជាសមូហភាព នៅពេលនោះរៀបចំឡើងចំនួន២០គូ នៅក្នុងសាលារៀនក្នុងភូមិ។ ការរៀបការមានប្តីប្រពន្ធមួយចំនួនបានស្ម័គ្រចិត្ត និងមួយចំនួនទៀតត្រូវបានអង្គការបង្ខិបង្ខំ ឬអង្គការមិនបានសាកសួរយោបល់សាមីខ្លួនឡើយ។
នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ សាអ៊ុំ បានត្រលប់មកប្រកបរបរធ្វើស្រែចម្ការនៅស្រុកកំណើតវិញ។ បច្ចុប្បន្ន សាអ៊ុំ មានជំងឺប្រចាំកាយដូចជា៖ ជំងឺវិលមុខ, ជំងឺហេវហត់គ្មានកម្លាំង និងជំងឺលើសឈាម៕

