អ៊ី រឿត៖ អតីតទាហានប៉ារ៉ានៅជំរំរិទ្ធិសែន

ខ្ញុំឈ្មោះ អ៊ី រឿត មានអាយុ៦២ឆ្នាំ និងមានស្រុកកំណើតនៅភូមិអន្លុងទ្រព្យ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ ខ្ញុំមករស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ ភូ អ៊ី បានស្លាប់ក្នុងរបបខ្មែរក្រហម ហើយម្តាយខ្ញុំឈ្មោះ យ៉ុន រស់នៅស្រុកថ្មគោល ។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន៩នាក់ក្នុងគ្រួសារ។
កាលពីរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ១០ឆ្នាំ។ អង្គការឲ្យខ្ញុំរស់នៅក្នុងកងកុមារ និងធ្វើការងារលើកភ្លឺស្រែ និងរែកដី ហើយត្រូវរស់នៅបែកពីឪពុកម្តាយ។[1] នៅពេលវៀតណាមចូលស្រុក បងប្រុសខ្ញុំដែលនៅខាងខ្មែរក្រហមបានមករស់នៅជំរំរិទ្ធិសែន ហើយរយៈពេលប្រមាណមួយខែបងប្រុសខ្ញុំបន្លំខ្លួនធ្វើជាប្រជាជនដោយស្លៀក ពាក់ស៊ីវិល។ នៅពេលយប់បងប្រុសបានចូលទៅយកម្តាយ និងបងប្អូននៅភូមិអន្លុងទ្រព្យ ស្រុកមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ) មករស់នៅជំរំរិទ្ធិសែន។
នៅសម័យនោះប្រជាជនភាគច្រើនរកស៊ីរត់ពន្ធទំនិញ។ ប្រជាជនមករស់នៅច្រើនអ្នកខ្លះបររទេះគោ សម្រាកតាមព្រៃមួយយប់ ទើបធ្វើដំណើរដល់ជាយដែន។ នៅពេលមកដល់ជំរំរិទ្ធិសែន ខ្ញុំដឹងថាមានគណបក្សមួយជាអ្នកបង្កើតជំរំរិទ្ធិសែន ហើយជំរំរិទ្ធិសែនមានសមជិកគណបក្សរបស់ខ្មែរក្រហមក៏មករស់នៅទីនោះផងដែរ។ ពេលខ្ញុំមកដល់ជំរំដំបូង ខ្ញុំ និងគ្រួសារបានបោះតង់ ដើម្បីស្នាក់នៅ រីឯអង្ករវិញទិញពីប្រទេសថៃយកមកហូប ទម្រាំមានអង្គការអន្តរជាតិចុះមកជួយ។ កាលនោះប្រជាជនរកស៊ីរត់ពន្ធទំនិញប៉ុន្តែមិនសូវមានលុយច្រើនទេ។ បងខ្ញុំនៅខាងកងទ័ពមានស្បៀងអាហារហូប ហើយក្រោយមកមានអង្គការអន្តរជាតិជួយឧបត្ថម្ភដូចជា៖ អង្ករ, ត្រីខ, ពោត និងកៅស៊ូតង់សម្រាប់ប្រជាជនធ្វើជាជម្រក។ នៅជំរំអង្គការក៏បានរៀបចំជាមន្ទីរពេទ្យ, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលាបង្រៀនភាសាអង់គ្លេស។
ជំរំរិទ្ធិសែន ស្ថិតនៅជិតប្រាសាទស្តុកកក់ធំ។ ខ្ញុំហៅថាប្រាសាទស្តុកកក់ធំថា ជាជំរំថ្មី។ កន្លែងស្នាក់នៅគឺនៅក្នុងជំរំ។ ប្រាសាទស្តុកកក់ធំ គឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាព្រោះប្រទេសថៃបានកាយប្រឡាយតាមក្រវ៉ាត់ព្រំដែន។ ទឹកដីប្រទេសកម្ពុជា ស្ថិតនៅខាងក្រៅប្រឡាយក្រវ៉ាត់ព្រំដែន ហើយកាលនោះតំបន់នោះដុះសុទ្ធតែព្រៃឫស្សី ចំណែកឯប្រឡាយដែលប្រទេសថៃ កាយតាមក្រវ៉ាត់ព្រំដែន គឺនៅជ្រៅណាស់ ចំងាយពីប្រាសាទស្តុកកក់ធំប្រហែល២-៣គីឡូម៉ែត្រ។
ប្រទេសថៃចាប់កាយប្រឡាយប្រហែលផ្តើមចេញពីតំបន់ប៉ោយប៉ែតមកខាងកើត។ ប្រទេសថៃបានដាក់ពង្រាយកងទ័ព។ ប្រទេសថៃបានបង្កើតផ្សារនៅជិតដំបន់គោកធ្យូង ហៅថាផ្សារគោកធ្យូងប្រជាជនខ្មែរទៅទិញអីវ៉ាន់។ នៅពេលព្រឹកព្រលឹមប្រជាជនថៃបានដឹកអីវ៉ាន់យកមកលក់នៅគោកធ្យូង ចំណែកប្រជាជន និងទាហានខ្មែរនៅខាងកើតប្រឡាយមួយជួរតាមបណ្តោយប្រឡាយនៅក្នុងទឹកដីខ្មែរ។ ប្រជាជនថៃ ដឹកអីវ៉ាន់យកមកលក់នៅខាងក្នុងដីខ្មែរ។ ប្រជាជនខ្មែរចាំតែទិញទំនិញរបស់ប្រជាជនថៃមានដូចជា៖ ស្បៀងអាហារ និងសម្លៀកបំពាក់ ហើយប្រជាជនខ្មែរបានទិញយកទៅលក់បន្តនៅតំបន់ស្វាយ។
ក្រោយមកនៅផ្សារគោកធ្យូង ខ្ញុំធ្វើជាទាហានប៉ារ៉ា។ ខ្ញុំមកពីស្រុកមង្គលបូរីមករស់នៅជំរំរិទ្ធិសែនយូរខែឆ្នាំដែរ។ ខ្ញុំចូលធ្វើជាទាហានប៉ារ៉ាក្នុងអង្គភាពនៅជាមួយឈ្មោះ សាញ់ណេ នៅពេលខ្ញុំមានអាយុប្រមាណ១៩ឆ្នាំ។ លោកសាញ់ណេ ជាអនុប្រធានជំរំ រីឯប្រធានជំរំឈ្មោះ តាលួច ហើយក្រោយពីតាលួត ត្រូវបានគេស្លាប់ ឈ្មោះ សាញ់ណេ បានឡើងធ្វើជាប្រធានជំរំរិទ្ធិសែន។ ខ្ញុំធ្វើកងការពារឲ្យលោក សាញ់ណេ គឺតាំងពីគាត់ធ្វើជាអនុប្រធានជំរំរហូតក្លាយជាប្រធានជំរំ។ កាលនោះនៅជំរំរិទ្ធិសែន សិ្ថតនៅជុំវិញប្រាសាទស្តុកកក់ធំ មានប្រជាជនខ្មែរភៀសខ្លួនមករស់នៅរាប់ម៉ឺននាក់មកពីគ្រប់ខេត្តក្រុង។ ពេលខ្ញុំធ្វើទាហានប៉ារ៉ា ការពារនៅក្បែរប្រាសាទស្តុកកក់ធំ គ្មានវត្តមានខាងភាគគីថៃចូលមកនោះទេ។ ជំរំខ្មែរនៅជុំវិញប្រាសាទក៏មានព្រះសង្ឃគង់នៅដែរ។ មុនដំបូងមិនទាន់មានវត្តគឺមានតែព្រះសង្ឃ ៣-៤អង្គ ប៉ុណ្ណោះ។ នៅបង្គោលឡាក់ខ្ញុំឃើញច្បាស់នៅជិតប្រាសាទស្តុកកក់ធំ ប៉ុន្តែឥឡូវប្រទេសថៃបានរំកិលមកខាងកើតឈាងខាងជើងប្រាសាទស្តុកកក់ធំ។ បង្គោលឡាក់ដែលថៃរំកិលមកមានចំងាយប្រហែល២-៣គីឡូម៉ែត្រ។ ខ្ញុំមិនសូវចាំបង្គោលឡាក់លេខប៉ុន្មាននោះទេ គ្រាន់តែខ្ញុំចាំថាបង្គោលឡាក់នៅខាងកើតទំនប់ ប៉ុន្តែឥឡូវថៃបានរំកិលមកខាងកើតប្រាសាទចំងាយប្រមាណ២គីឡូម៉ែត្រ។
នៅពេលកងទ័ពវៀតណាម បានវាយបែកជំរំតាមជាយដែន។ ប្រជាជនខ្មែរបានរត់ចូលទៅដីថៃ ហើយប្រជាជនខ្មែរនៅឈរជើងនៅក្បែរទំនប់។ ក្រោយមកមានគេប្រមូលកងទ័ពចេញពីជាយដែន ចូលទៅតំបន់ក្រាំងដុងដីរបស់ថៃ។ ខ្ញុំបានផ្លាស់ទៅរស់នៅខេត្តកំពង់ចាម ប្រមាណ៣ឆ្នាំ គឺទៅជាមួយកងទ័ព។ សាញ់ណេ ជាប្រធានជំរំ ត្រូវបានគេដកចេញ ហើយកងការពារគាត់បានបែកគ្នាអស់។ ខ្ញុំទៅរស់នៅក្នុងអង្គភាពជាមួយឈ្មោះ ងួន នៅឯខេត្តកំពង់ចាម។ ក្រោយមកខ្ញុំត្រូវបានដឹកមកជំរំរិទ្ធិសែនវិញ ដើម្បីវាយប្រយុទ្ធជាមួយនឹងកងទ័ពវៀតតាមព្រំដែនកម្ពុជា-ថៃ។ ពេលមកដល់ខ្ញុំឈរជើងនៅភូមិដងរែក (ជំរំសាយធូរ ឬគេហៅម្យ៉ាងទៀតថាជំរំសាយធូរភ្នំដងរែក) ហើយនៅតាមជាយដែនមានទាហានការពារ។ ពេលខ្ញុំមកដល់ជំរំរិទ្ធិសែនជាលើកទី២ ប្រទេសថៃ បានគ្រប់គ្រងប្រាសាទស្តុកកក់ធំ ដែលធ្លាប់ជាអតីតជំរំរបស់ជនភៀសខ្លួនខ្មែររស់នៅ ហើយជនភៀសខ្លួនខ្មែរត្រូវបានប្រទេសថៃ ដេញឲ្យទៅរស់នៅក្នុងភូមិព្រៃចាន់ រហូតមកដល់សព្វថ្ងៃ ចំណែកទាហានខ្មែរក៏បានទៅឈរជើងនៅភូមិព្រៃចាន់ដែរ៕

[1] ឯកសារមកពីមជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសដោយលោក ឡុង ដានី ជាមួយលោក អ៊ី រឿត អតីតទាហានប៉ារ៉ានៅក្នុងជំរំរិទ្ធិសែន
អត្ថបទដោយ រឹម ពេជ្រដារ៉ូ
អត្ថបទទាក់ទង

យី ងាវ និងបក្ខពួក ធ្វើសកម្មភាព ឃោសនាដល់ប្រជាជន ដើម្បីបំផ្លាញនឹងអង្គការ...

ជួន ចាន់ថន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅ...

ធុច លីមហ៊ត កងចល័តនេសាទភូមិភាគពាយ័ព្យ

យន់ អាត៖ ធ្វើការក្នុងពេទ្យ៦មករា ធ្វើឱ្យខ្ញុំខ្លាច ខ្លាចធ្វើការខុសខ្លាច...

ទិត្យ មន៖ ខ្ញុំទទួលបន្ទុកភស្តុភារវរសេនាធំខ្មែរក្រហម


