គ្រូពេទ្យនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ សំមួរ សំអូ សព្វថ្ងៃមានវ័យ៦០ឆ្នាំ ជាកសិកររស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីសម័យសង្គ្រាម ហើយបានឆ្លងកាត់ក្រោមការដឹកនាំនៃរបបខ្មែរក្រហមក្នុងនាមជាគ្រូពេទ្យម្នាក់។ គាត់បានរៀបរាប់ពីព្រឹត្តិការណ៍ដែលគាត់ចងចាំមិនភ្លេច ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ២០២១។
គាត់បានលើកឡើងអំពីភាពឈឺចាប់ ដែលកើតឡើងទៅលើគ្រួសាររបស់គាត់ ដែលត្រូវបានខ្មែរក្រហមបង្អត់អាហារ បង្ខិតបង្ខំធ្វើការទាំងឈឺ និងរស់នៅដោយភាពភ័យខ្លាច។ ផ្ទះរបស់អ្នកស្រុកជាច្រើនខ្នង ត្រូវបានដុតបំផ្លាញចោល វត្តអារាមបានប្រែក្លាយទៅជាទីកន្លែងដែលផ្ទុកទៅដោយគ្រាប់កាំភ្លើង។ ព្រះពុទ្ធសាសនាត្រូវបានលុបបំបាត់ចោល ព្រះសង្ឃត្រូវបានចាប់ផ្សឹក នឹងតម្រូវឲ្យចូលរួមប្រយុទ្ធក្នុងសមរភូមិ។ កុមារតូចៗត្រូវបានបំបែកបំបាក់ចេញពីឪពុកម្តាយ មនុស្សប្រុសស្រី ទាំងចាស់ទាំងក្មេង ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ គ្មានពេលឈប់សម្រាកបានគ្រប់គ្រាន់។ មនុស្សជាច្រើននាក់ត្រូវបានបាត់បង់ជីវិតដោយអាណោចអាធម្ម នេះជាអ្វីដែល សំមួរ សំអូ ចាំមិនភ្លេចមកទល់បច្ចុប្បន្ន។
សំមួរ សំអូ បានតាមដាននូវដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និងយល់ថា វាជារឿងយុត្តិធម៌ និងបានគាំទ្រចំពោះការបង្កើតទីកន្លែងថែរក្សាឯកសារប្រវត្តិសាស្ត្រដែលទាក់ទងនឹងសម័យនោះ ដែលគួរឲ្យក្មេងជំនាន់ក្រោយបានចងចាំនិងយល់ដឹងពីអតីតកាលដ៏កម្សត់នេះ៕
សម្ភាសន៍ដោយ សឿម លីវយី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣