ឯក ច័ន្ទ៖ ចូលក្នុងកងចល័តនារី នៅអាយុ១៥ឆ្នាំ

ឯក ច័ន្ទ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិតានប់(ពីដើមភូមិសារែក) ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ច័ន្ទឈ្មោះ ឯក សោម ហើយម្ដាយឈ្មោះ ម៉ក់ ជឹម និងមានបងប្អូន៣នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីក្មេង ច័ន្ទ បានសិក្សាត្រឹមថ្នាក់ទី៩ នៅសាលាបឋមសិក្សាចំបក់។ ចូលដល់ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពនៅក្នុងភូមិសារែក មានការប្រែប្រួល ព្រោះមានការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកចូលភូមិជាច្រើនគ្រាប់។ ក្រោយមកដោយសារតែ ផ្ទះរបសច័ន្ទត្រូវបានភ្លើងឆេះអស់ ទើបធ្វើឲ្យគ្រួសាររបស់គាត់ ត្រូវភៀសខ្លួនទៅទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញ ច័ន្ទ បានឈប់រៀន និងចាប់ផ្ដើមប្រកបរបរលក់ដូរ។
នៅពេល ច័ន្ទ មានអាយុ១៣ឆ្នាំ គ្រួសាររបស់គាត់បានភៀសខ្លួនមករស់នៅភូមិតានប់វិញ។ ពេលមកដល់ភូមិ អង្គការបានចាត់តាំងឲ្យ ច័ន្ទ ធ្វើការងារលើកទំនប់ និងជីកប្រឡាយ នៅស្វាយខម ខាងកើតស្ពានទឹកកក ក្រៅសហករណ៍។ ចំពោះឪពុករបស់ច័ន្ទអង្គការបានបញ្ជូនគាត់ទៅ បរសេដ្ឋ ដើម្បីធ្វើការងារសែងអ្នករបួស ឬអ្នកស្លាប់ វាយសមរភូមិជាមួយ លន់ នល់។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ ឪពុករបស់ច័ន្ទ បានត្រលប់មកភូមិតានប់វិញ រួមជាមួយជំងឺចាញ់ជាប់មកជាមួយ។ ពេលមកដល់ភូមិ ឪពុករបស់ច័ន្ទ បានស្លាប់ដោយសារតែគ្មានថ្នាំព្យាបាលជំងឺ។ នៅខែមេសា ឆ្នាំ១៩៧៥ ច័ន្ទ មានអាយុ១៥ឆ្នាំ។ អង្គការបានបញ្ជូនគាត់ឲ្យទៅចូលក្នុងកងចល័ត ដើម្បីធ្វើការងារអូសត្រកួននៅលង្ការ, ធ្វើស្រែ ស្ទូងដក, រែកដី និងធាក់រហាត់ទឹក ទៅតាមរដូវកាល។ តាំងពីចូលក្នុងកងចល័ត ច័ន្ទ មិនដែលបានត្រលប់ចូលក្នុងសហករណ៍ទេ ព្រោះអង្គការបានបញ្ជូនគាត់ទៅស្រុកផ្សេងៗនៅក្នុងខេត្តតាកែវ និងទៅដល់កំពង់សោម ដើម្បីជាជ័រកៅស៊ូ។ នៅការដ្ឋានការងារ ច័ន្ទ ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ ដោយក្នុងមួយពេល អង្គការបានផ្ដល់ឲ្យយុវជននូវបបរមួយចានប៉ុណ្ណោះ ហើយនៅពេលដែលមានជំងឺ មានថ្នាំខ្មែរ, ទឹកដូង និងថ្នាំខ្មៅហូប។
នៅឆ្នាំ១៩៧៩ នៅពេលកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមក អង្គការបាននាំ ច័ន្ទ និងយុវជនកងចល័តជាច្រើនអ្នកទៀត ឡើងកាប៉ាលទៅដល់ថ្មបាំង។ នៅថ្មបាំង ក្រុមរបស់ច័ន្ទ បានជួបជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ទើបបានបញ្ជូនត្រលប់មកផ្ទះវិញ។ ច័ន្ទ បានធ្វើដំណើរមកភូមិតានប់វិញ និងចាប់ផ្ដើមប្រកបរបរធ្វើស្រែ រួមជាមួយការលក់ដូរនៅសំរោងយ៉ោង។ បន្ទាប់មកទៀត ច័ន្ទ បានរៀបការ ជាមួយឈ្មោះ ប៊ូ អាន និងមានកូនប្រុសម្នាក់។ អំឡុងពេល ច័ន្ទ រៀបការ ប្រទេសជាតិមិនទាន់មានការចាយលុយនោះទេ គឺមានតែចាយអង្ករ។ បន្ទាប់មក ច័ន្ទ បានរៀបរាប់រឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហមប្រាប់ទៅកូនចៅជំនាន់ក្រោយរបស់គាត់ ដើម្បីក្មេងៗឲ្យដឹងពីការលំបាកដែលខ្លួនបានឆ្លងកាត់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ច័ន្ទ មានជំងឺសន្លាក់ដៃជើង, ភ្នែក និងលើសសម្ពាធឈាម។ ច័ន្ទ យល់ថាជំងឺរបស់គាត់កើតឡើងដោយសាររបបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុរបស់គាត់កាន់តែច្រើន។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

