ធូ សាន៖ ពេលធ្វើការមិនឲ្យងាកចុះឡើង ឬនិយាយលេង

ធូ សាន ភេទស្រី អាយុ៨៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងពងទឹក ឃុំគងពិសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុករបស់សានឈ្មោះ ក ធូ ហើយម្ដាយឈ្មោះ សៀប និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សាន មិនបានសិក្សារៀនសូត្រនោះទេ ព្រោះគ្រួសាររបស់គាត់មានជីវភាពក្រីក្រ រកស៊ីលក់នំបញ្ចុកបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ បន្ទាប់មក សាន បានរៀបការជាមួយឈ្មោះ យ៉ែម និងមានកូន៣នាក់ ក្នុងនោះមានស្រីម្នាក់។
នៅក្នុងរបប លន់ នល់ ស្ថានភាពក្នុងភូមិត្រពាំងពងទឹក មានការប្រែប្រួល ព្រោះមានយន្តហោះទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់បែកចូលក្នុងភូមិជាច្រើនគ្រាប់។ ការទម្លាក់គ្រាប់បែកនេះ កើតឡើងនៅច្រើនកន្លែង ហើយនៅភូមិកំណើតសាន កើតឡើងពីរដងប៉ុណ្ណោះ ស្ថិតនៅខាងជើង និងខាងត្បូងភូមិ។ នៅពេលដែលទម្លាក់គ្រាប់បែកម្ដងៗបានធ្វើឲ្យបាត់បង់អាយុជីវិត និងផ្ទះប្រជាជន ប៉ុន្តែគ្រួសាររបស់សាន មិនមានប៉ះពាល់អ្វីនោះទេ ព្រោះគាត់បានរត់ទៅលាក់ខ្លួនក្នុងលេណដ្ឋាន ឬរត់ចេញពីភូមិ។ ចំពោះ គ្រួសាររបស់សាន បញ្ហាដែលគាត់បានជួបប្រទះគឺ មានចោរចូលទៅលួចយកទ្រព្យសម្បត្តិរបស់គាត់នៅផ្ទះ ពេលប្រជាជនជម្លៀសចេញពីភូមិអស់។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមគ្រប់គ្រងភូមិ អង្គការបានជម្លៀសគ្រួសារសាន ទៅរស់នៅម្ដុំវត្តរំលង ក្បែរកោះអណ្ដែត តំបន់១០៨។ នៅក្នុងតំបន់ថ្មី សាន បានឃើញ និងបានឮសំឡេងផ្ទុះដូចគ្រាប់បែក នៅពេលដែលកម្មាភិបាលខ្មែរក្រហមបំផ្លាញព្រះវិហារ។ បន្ទាប់មក អង្គការបានចាត់តាំង សាន ឲ្យទៅធ្វើការងាររែកដី និងលើកទំនប់ ពេជ្រសារ។ អំឡុងពេលធ្វើការងារ សាន ត្រូវកាប់ និងរែកដីទៅចាក់លើខ្នងទំនប់ខ្ពស់ៗ និងមិនឲ្យងាកចុះឡើង ឬនិយាយលេងទេ។ ក្រៅពីនេះ អង្គការបានចាត់តាំង សាន ឲ្យទៅរែកដីដំបូកចាក់ក្នុងស្រែ, ជាន់រហាត់ក្នុងព្រែកដើម្បីបញ្ជូលទឹកក្នុងស្រែ, ដក, ស្ទូង និងច្រូត ទៅតាមរដូវកាល។ សាន បានបន្តថា តំបន់ដែលគាត់រស់នៅគឺខ្វះខាតអាហារហូបណាស់ ប៉ុន្តែសំណាងល្អមានអ្នកធ្វើការក្នុងរោងបាយ ចូលចិត្តកូនស្រីតូចរបស់គាត់ និងផ្ដល់អាហារច្រើន។ ចំណែកកូនប្រុសរបស់សាន ពីរនាក់ មានម្នាក់រៀបការរួចរស់នៅខាងឃុំចំបក់ ស្រុកបាទី ហើយម្នាក់ទៀត ត្រូវបានអង្គការបញ្ជូនទៅធ្វើជាយោធារហូតដល់ខ្មែរក្រហមដួលរលំ។
ក្រោយមក នៅពេលដែលអង្គការទទួលដំណឹងថាកងទ័ពស្ម័គ្រចិត្តវៀតណាម វាយចូលមក កម្មាភិបាលខ្មែរក្រហមនៅក្នុងសហករណ៍ បានជម្លៀសគ្រួសារសាន និងប្រជាជនដទៃទៀតទៅរស់នៅ និងធ្វើស្រែនៅអន្លង់រមៀត។ សាន ធ្វើការងារនៅអន្លងរវៀត រហូតដល់របបខ្មែរក្រហមដួលរលំ នៅខែមករា ឆ្នាំ១៩៧៩ និងបានបន្តទៅរស់នៅឃុំចំបក់។ នៅក្នុងឃុំចំបក់ សាន បានជួបជុំជាមួយកូនប្រុសដែលទៅធ្វើទាហាន និងចាប់ផ្ដើមប្រកបមុខរបបធ្វើនំបញ្ជុកលក់។ សាន ធ្វើនំបញ្ជុកលក់ដូរយកអង្ករបានប្រមាណ៥០០គីឡូ ទើបរៀបការឲ្យកូនម្នាក់ទៀត។
សាន យល់ថាខ្លួនបានជួបប្រទះនូវទុក្ខវេទនាណាស់ក្នុងរបបខ្មែរក្រហម ព្រោះគាត់មានការអត់ឃ្លានយ៉ាងខ្លាំង។ ជាញឹកញាប់ សាន តែងតែគិត និងបានរៀបរាប់រឿងរ៉ាវបែកបាក់គ្រួសារ និងហូបអាហារមិនគ្រប់គ្រាន់នៅក្នុងរបបខ្មែរក្រហម ប្រាប់ទៅកូនចៅរបស់គាត់ ដើម្បីក្មេងជំនាន់ក្រោយខិតខំប្រឹងប្រែងរៀនសូត្រ និងកុំឲ្យពិបាកដូចសម័យនោះ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សាន ឈឺចង្កេះ ងងឹតភ្នែក ត្រចៀកថ្លង់ និងសួត។ សាន គិតថាជំងឺរបស់គាត់កើតឡើងដោយសារតែរបបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុរបស់គាត់កាន់តែច្រើន។
សម្ភាសដោយ៖ កែប ម៉ៃ សុជាតា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

