យ៉ុង យ៉ន៖ បំបែកបំបាក់ចេញពីឪពុកម្ដាយ

(កណ្ដាល)៖ យ៉ុង យ៉ន ភេទស្រី មានអាយុ៥៧ឆ្នាំ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានប្អូនស្រីម្នាក់។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស យ៉ន ដែលមានអាយុ១២ឆ្នាំ បានចូលធ្វើការក្នុងកងចល័តឃុំ ដែលមានសមាជិកប្រហែល៥០នាក់។ នៅពេលនោះ យ៉ន ត្រូវបានខ្មែរក្រហមបំបែកបំបាក់ចេញពីឪពុកម្ដាយ ដោយឲ្យទៅរើសកួរស្រូវ។ យ៉ន ត្រូវហូបរួម ធ្វើការរួម និងសម្រាន្តរួមនៅតាមអង្គភាព។ យ៉ន ត្រូវខ្មែរក្រហមបង្ខំឲ្យធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។
ជារៀងរាល់ព្រឹក ខ្មែរក្រហមចែកបបរមួយវែក ឬពោតស្ងោរពីរផ្លែ និងនៅម៉ោង១១ព្រឹក ខ្មែរក្រហមចែកបាយលាយជាមួយសម្លត្រកួន ឬសម្លប្រហើរឲ្យគាត់ហូប។ នៅម៉ោង១២ថ្ងៃត្រង់ យ៉ន និយាយថា ខ្មែរក្រហមបានបង្រៀនអក្សរដល់អង្គភាពរបស់គាត់នៅក្រោមម្លប់ដើមឈើ។ នៅម៉ោង១ថ្ងៃ យ៉ន បានចូលធ្វើការរហូតដល់ម៉ោង៥ល្ងាច ទើបគាត់បានហូបបាយម្តងទៀត។
នៅឆ្នាំ១៩៧៨ យ៉ន ដែលមានអាយុ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើការទាំងថ្ងៃទាំងយប់។ នៅពេលថ្ងៃ យ៉ន ត្រូវច្រូតស្រូវ និងនៅពេលយប់ យ៉ន ត្រូវលើកទំនប់ឲ្យបានប្រវែងដប់ម៉ែត្រក្នុងមួយថ្ងៃ។ យ៉ន និយាយថា ប្រសិនបើគាត់ធ្វើមិនបានតាមផែនការ ក៏ខ្មែរក្រហមមិនធ្វើទារុណកម្មអ្វីដែរ ប៉ុន្តែសម្រាប់មនុស្សធំវិញនឹងត្រូវខ្មែរក្រហមធ្វើទារុណកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់នៅតែខិតខំធ្វើការ ដោយសារខ្លាចខ្មែរក្រហម។ នៅឆ្នាំដដែល យ៉ន និយាយថា ក្នុងមួយពេល គឺមានតែបបរពីរវែកប៉ុណ្ណោះសម្រាប់ហូប។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ យ៉ន បានធ្វើស្រែជាមួយក្រុមសាមគ្គី និងក្រោយមក យ៉ន បានចូលរៀនថ្នាក់ទី៥ នៅសាលាព្រែកតាកុក។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ យ៉ន បានបន្តរៀនរហូតដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យក្បាលកោះ។ បន្ទាប់ពីឈប់រៀន យ៉ន បានប្រកបរបរធ្វើស្រែចម្ការរហូតមកទល់បច្ចុប្បន្ន៕
សម្ភាសដោយ ស្រ៊ុន លីគួង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

