ឡាច វណ្ណី៖ “ពិបាកជាងនរក”

(កណ្ដាល)៖ ឡាច វណ្ណី ភេទស្រី មានអាយុ ៦១ឆ្នាំ។ វណ្ណី មានទីកន្លែងកំណើត និងរស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ វណ្ណី មានឪពុកឈ្មោះ ស៊ិន ឡាច, ម្ដាយឈ្មោះ ហែម នឹម និងមានបងប្អូនស្រី៣នាក់។ វណ្ណី មានកូន៥នាក់ ក្នុងនោះមានស្រី៣នាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម វណ្ណី និយាយថា “របបប៉ុលពត ពិបាកទាំងអស់ មិនមានស្រួលទេ!”។ វណ្ណី រៀបរាប់ថា គាត់ត្រូវហូបចុកមិនគ្រប់គ្រាន់, ធ្វើពលកម្មហួសកម្លាំង និងព្រាត់ប្រាសពីក្រុមគ្រួសាររបស់គាត់។
អំឡុងរបប លន់ នល់ វណ្ណី រៀនសូត្របានបន្តិចបន្តួចនៅសាលាវត្តអង្គ។ ក្រោយមកគ្រួសាររបស់វណ្ណី បានភៀសខ្លួន ដោយសារនៅភូមិរបស់គាត់មានការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមបានចូលមកក្នុងភូមិរបស់គាត់។ នៅពេលនោះ គ្រួសាររបស់វណ្ណីភៀសខ្លួនទៅរស់នៅភូមិក្រាំងម្កាក់។ ក្រោយមកទៀត វណ្ណី ទៅរស់នៅតំបន់ជម្ពូវ័ន ដែលជាតំបន់គ្រប់គ្រងដោយ ទាហាន លន់ នល់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស។ ខ្មែរក្រហមជម្លៀសគ្រួសាររបស់វណ្ណីទៅរស់នៅភូមិរកា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៦ វណ្ណី ដែលកាលនោះមានអាយុប្រហែល១០ឆ្នាំ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងចល័តនារីនៅភូមិបឹងធំ និងភូមិក្រាំងម្កាក់។ វណ្ណី ត្រូវក្រោកពីព្រលឹមចេញទៅធ្វើស្រែ, រែកដី, ជីកប្រឡាយ, ដកស្ទូង និងកាប់ឆ្ការព្រៃ។ ជួនកាល ខ្មែរក្រហមបង្ខំឲ្យវណ្ណីក្រោកតាំងពីម៉ោង៣យប់ទៅធ្វើការ។
ក្នុងមួយថ្ងៃ វណ្ណី ទទួលបានរបបអាហារតែពីរពេលប៉ុណ្ណោះ គឺនៅពេលថ្ងៃ និងពេលល្ងាច។ បន្ទាប់ពីឮសំឡេងជួង វណ្ណី ត្រូវប្រញាប់ប្រញាល់រត់ទៅរោងបាយទើបគាត់ទទួលបានបបរហូប។ នៅពេល វណ្ណី មានជំងឺ គាត់ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យពួចយំ។ បន្ទាប់ពីសម្រាកពីការងារ វណ្ណី បានលួចស្កាត់ទៅជួបម្ដាយរបស់គាត់ទាំងយប់។ វណ្ណី និយាយថា មេកងនៅឃុំរលាំងកែន ឈ្មោះ តាឆន ដែលក្ដាប់ការងាររួម និងមេកងនារី ឈ្មោះ យាយប៉ុក មិនអនុញ្ញាតឲ្យគាត់ទៅជួបម្ដាយរបស់គាត់នោះទេ។
វណ្ណី និយាយថា នៅពេលប្រជុំ តាឆន តែងតែជំរុញឲ្យសមាជិកក្នុងកងខិតខំធ្វើការ។ នៅពេលមាននរណាម្នាក់សួររកហេតុផលជាមួយតាឆន ឬអំពីថ្ងៃឈប់សម្រាក នោះនឹងត្រូវ តាឆន វាយដំ។ ចំណែកនរណាដែលឈប់សម្រាកដោយសារជំងឺ នោះនឹងត្រូវ តាឆន ហៅទៅវាយនឹងខ្សែតីនៅចំពោះមុខសមាជិកក្នុងកងឯទៀតដែលកំពុងស្ទូងស្រូវ។ តាឆន ចោទសមាជិកដែលមិនទៅធ្វើការជាមនុស្សខ្ជិល។
នៅថ្ងៃមួយ គណៈស្រុកឈ្មោះ តាសំបួរ បានសួរនាំតាឆនថា ហេតុអ្វីបានជាសមាជិកក្នុងកងដែលតាឆនគ្រប់គ្រង មានសភាពស្គមស្គាំង។ តាឆន បានឆ្លើយតបថា មកពីសមាជិកក្នុងកងមិនគោរពវិន័យ។ វណ្ណី និយាយថា “រស់នៅជាមួយតាឆន ពិបាកជាងនរកទៅទៀត!”។ វណ្ណី បន្ដថា “គាត់ចង់វាយ គាត់ហៅទៅវាយ, យើងអត់ធ្វើអ្វីខុស ក៏គាត់ហៅទៅវាយ”។ វណ្ណី បន្តថានៅបែកចាន មានមន្ទីរឃុំឃាំងមួយ។ នៅពេលខ្មែរក្រហមហៅនរណាម្នាក់ទៅដឹកអង្ករ ឬដឹកអំបិលនៅព្រៃក្មេងនោះ ម្នាក់នោះនឹងត្រូវបាត់ខ្លួន។ វណ្ណី មិនដែលឃើញមាននរណាម្នាក់មានជីវិតត្រលប់មកវិញនោះទេ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ វណ្ណី បានរត់ភៀសខ្លួនទៅខេត្តកំពង់ស្ពឺ។ ក្រោយមកសមាជិកក្នុងកងប្រហែល៣០នាក់បានបបួលគ្នា រួមទាំង វណ្ណី ត្រលប់មករស់នៅស្រុកកំណើតវិញ ដោយគាត់ធ្វើដំណើរឆ្លងកាត់តាមភ្នំស្រង់៕
សម្ភាសន៍ដោយ ថន ពុធដារ៉ូ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦

