បងប្រុសពីរនាក់និងប្អូនស្រីម្នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ចាប ញឹប មានអាយុ ៨២ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្ដស្វាយរៀង។ ញឹប មានឪពុកឈ្មោះ ចាប ឃុត និង​ម្តាយ​ឈ្មោះ ពូក ចិន។ កាលពីកុមារភាព ញឹប បានរៀនសូត្រត្រឹមថ្នាក់ទី ៧ នាសម័យសង្គមរាស្ត្រនិយម។

ក្នុងរបបសង្គមរាស្ត្រនិយម ញឹប ត្រូវបានរដ្ឋបំពេញក្របខណ្ឌឱ្យធ្វើជាគ្រូបង្រៀនអក្ខរកម្មដល់ក្មេង​ៗ​នៅក្នុងភូមិ ហើយគាត់ក៏បានរៀបអាពាហ៍ពិពាហ៍ក្នុងរបបនោះដែរ។ លុះដល់របបខ្មែរក្រហម អង្គការបានចាត់តាំង ញឹប ឱ្យគ្រប់គ្រងកងកុមារ ដើម្បីឃ្វាលគោក្របី និងប្រមូលលាមកសត្វទុកធ្វើជី។ ក្រោយមក អង្គការបានផ្លាស់ប្តូរតួនាទីគាត់ពីអ្នកគ្រប់គ្រងកុមារ ឱ្យទៅជាសមាជិកកងចល័តបុរស ដើម្បីជីកប្រឡាយ និងលើកទំនប់។ បន្ទាប់ពីធ្វើការបានប្រហែល ៣ ខែ ទើបឈ្លបចាត់តាំង ញឹប ឱ្យត្រឡប់មកឃ្វាលគោក្របីនៅស្រុករមាសហែក​វិញ។ ក្នុងរបបខ្មែរក្រហមអង្គការក៏បានជម្លៀស ញឹប ចេញពីភូមិអង្គប្រស្រែ ទៅកាន់តំបន់គុកព្រៃស្វាយ និងតំបន់ឈើកាច់បាភ្នំ ទើបបញ្ជូនត្រឡប់​មកស្រុករមាសហែកវិញក្នុងពេលក្រោយមក។ ក្នុងអំឡុងពេលនៅកងកុមារ ញឹប បានឃើញអង្គការបង្ខំកុមារឱ្យធ្វើពលកម្មធ្ងន់ធ្ងរ ដោយក្នុងមួយថ្ងៃ កុមារមួយកងត្រូវប្រមូលលាមកគោក្របីឱ្យបាន ៥ រទេះ និងជីកដីត្រពាំងឱ្យបាន ២០ រទេះ ដើម្បីធ្វើជី។ រីឯបងប្អូន និងកូនចៅរបស់គាត់ក៏ត្រូវបានខ្មែរក្រហមជម្លៀសពីភូមិអង្គប្រស្រែ ឱ្យទៅរស់នៅខេត្តភាគខាងលិចនៃប្រទេសកម្ពុជា ដែលបណ្ដាលឱ្យសមាជិកមួយចំនួនបានបាត់បង់ជីវិត​។

ក្នុងរបបខ្មែរក្រហម បងប្រុសរបស់ញឹប ឈ្មោះ ចាប លី បានបាត់ខ្លួននៅពេលខ្មែរក្រហមជម្លៀសពីស្រុករមាសហែកឱ្យទៅរៀនសូត្រនៅខេត្តព្រៃវែង ក្រោមការចោទប្រកាន់ថាជាអ្នកមានទ្រព្យសម្បត្ដិច្រើនកាលពីរបបចាស់។ ចំណែកបងប្រុសម្នាក់ទៀត ដែលជាអតីតទាហានក្នុងរបប លន់ នល់ បានបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ ហើយប្អូនស្រីរបស់ញឹបក៏បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងឈឺគ្មានការថែទាំ។ បច្ចុប្បន្ន ញឹប គឺជាកសិកររស់នៅភូមិអង្គប្រស្រែ និងកំពុងមានជំងឺប្រចាំកាយដូចជា លើសឈាម ស្រវាំងភ្នែក និងឈឺចង្កេះ៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin