ក្នុងរបបខ្មែរក្រហមជីវិតរបស់ប្រជាជនមិនត្រូវបានយកចិត្តទុកដាក់

(ស្វាយរៀង) ៖ អ៊ុក សាលី មានអាយុ ៧៩ ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម អ៊ុក សាលី រស់នៅស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានខ្មែរក្រហមប្រើឲ្យលើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីដាក់ស្រែ។ ក្នុងសហករណ៍ដែល សាលី រស់នៅ និងធ្វើការ ឈ្លបខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើស្រែ និងធ្វើចំការ គ្មានពេលសម្រាកគ្រប់គ្រាន់ រហូតដល់មានប្រជាជនខ្លះដែលទ្រំានឹងការលំបាកមិនបានក៏ស្លាប់។ ចំណែករបបអាហារវិញគឺហូបមិនគ្រប់គ្រាន់ដោយខ្មែរក្រហមបានវាល់ចែកអង្ករឲ្យយកទៅបបរតាមសហករណ៍ ក្នុងម្នាក់ៗទទួលបានតែបបររាវៗម្នាក់១ទៅ២វែក និងលាយជាមួយបន្លែ។ អ៊ុក សាលី អ្នកឈឺក្នុងសហករណ៍មិនទទួលបានការព្យាបាល និងថ្នាំលេបត្រឹមត្រូវទេ។ ពេលឈឺបន្តិចបន្តួចខ្មែរក្រហមបង្ខំឲ្យទៅធ្វើការធម្មតាបើតវ៉ាត្រូវសម្លាប់ចោល។ ចំណែកអ្នកជំងឺធ្ងន់ៗកម្រឃើញបញ្ជូនទៅមន្ទីរពេទ្យណាស់ ខ្លះបានស្លាប់នៅសហករណ៍ដែលគាត់រស់នៅ និងអ្នកជំងឺខ្លះទៀត ទទួលបានថ្នាំខ្មែរដែលផ្សំពីឫសឈើ និងមើមរុក្ខជាតិតែប៉ុណ្ណោះ។

អ៊ុក សាលី៖ «ពេលប្រជាជនឈឺគ្មានការព្យាបាលត្រឹមត្រូវទេ គ្មានថ្នាំ គ្មានគ្រូពេទ្យ សូម្បីតែសម្រាកពីការងារក៏មិនអនុញ្ញាតឲ្យដែរ អ្នកជំងឺមិនត្រូវបានយកចិត្តទុកដាក់ក្នុងការព្យាបាលនោះទេ បើឈឺធ្ងន់ណាស់បានត្រឹមថ្នាំខ្មែរពិសេសណាស់ទៅហើយក្នុងរបបខ្មែរក្រហមនោះ»។

អ៊ុក សាលី បានពណ៌នាហេតុការណ៍ដែលគាត់បានឃើញពីចំងាយនៃការនាំមនុស្សយកទៅសម្លាប់ មានខ្មែរក្រហមក្មេងៗចំនួន៣នាក់ ស្ពាយកំាភ្លើងមិនចង់ផុតដីបានចងខ្សែបណ្តើរប្រជាជនប្រមាណ ១០នាក់ យកទៅសម្លាប់ នៅមន្ទីរសន្តិសុខមួយកន្លែងស្ថិតក្នុងស្រុករំដួល។ សហករណ៍ដែល សាលី រស់នៅខ្មែរក្រហមបានបំផ្លាញវត្តអារាម ព្រះពុទ្ធបដិមា វាយកំទិចព្រះវិហារ និងចាប់ព្រះសង្ឃផ្សឹក។

ក្រោយមកទៀតនៅចុងឆ្នាំ១៩៧៨ អ៊ុក សាលី គ្រួសារ និងប្រជាជនជាច្រើនទៀតក្នុងសហករណ៍ស្រុករំដួល ត្រូវបានខ្មែរក្រហមជម្លៀសទៅភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទៅស្រុកបាភ្នំ សាលី ត្រូវបានប្រើឲ្យធ្វើស្រែ និងទទួលបានរបបអាហារមិនគ្រប់គ្រាន់ដដែល។ នៅខេត្តព្រៃវែងបានប្រមាណ២ខែ ក៏របបខ្មែរក្រហមដួលរលំ សាលី ក៏ត្រឡប់មករស់នៅស្រុកកំណើតវិញ រហូតដល់សព្វថ្ងៃ។ ក្នុងរបបខ្មែរក្រហម សាលី បានបាត់បង់សមាជិកគ្រួសារចំនួន៤នាក់។

ជាចុងក្រោយ អ៊ុក សាលី បានថ្លែងគាំទ្រតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ អ៊ុក សាលី បានថ្លែងថា ការកាត់ទោសនេះអាចចូលរួមទប់ស្កាត់របបនេះកុំឲ្យត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី៕

សម្ភាសន៍ដោយ ហម សារឿន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin