ខ្មែរក្រហមបានសម្លាប់ប្រពន្ធកូនខ្ញុំ ដោយសារតែជាប្រជាជនភូមិភាគបូព៌ា

(ស្វាយរៀង) ៖ ថឺម សំអាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៩ឆ្នាំ រស់នៅភូមិ កំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

សំអាន បានប្រាប់អ្នកស័្មគ្រចិត្តកម្ពុជាថា គ្មានរបបណាឃោរឃៅដូចរបបខ្មែរក្រហមទេ។ បើទោះបីជារបប លន់ នល់ មានការទម្លាក់គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះ និងសម្លាប់មនុស្ស សត្វពាហនៈ ក៏ដោយ។ សំអាន បាននិយាយបន្តថា ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាព រស់នៅខ្លាចតែគេយកទៅសម្លាប់។ ម្នាក់ៗខំប្រឹងធ្វើការទាំងយប់ ទាំងថ្ងៃ នៅតែទទួលបានរបបអាហារមិនគ្រប់គ្រាន់ និងត្រូវបានគេសង្ស័យថា ជាខ្មាំង ជាគិញ ប្រឆាំងនឹងអង្គការ។

ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច សំអាន និងគ្រួសាររស់នៅស្រុករំដួល។ សំអាន ត្រូវបានបានខ្មែរក្រហមប្រើឲ្យធ្វើស្រែ ស្ទូងស្រូវ និងជីកទំនប់ ធ្វើប្រឡាយ នៅសហករណ៍ភូមិកំពង់អំពិល។ សំអាន បានឃើញខ្មែរក្រហមបណ្តើរប្រជាជនចំនួនប្រមាណ១០០នាក់ យកទៅសម្លាប់នៅឯមន្ទីរឃុំឃំាងត្រពាំងវែង ឃុំកំពង់អំពិល។ ប្រជាជនភាគច្រើនជាអតីតទាហានរបប លន់ នល់ ដែលបានចុះចាញ់ និងចុះចូលជាមួយខ្មែរក្រហមហើយមករស់នៅតាម ភូមិ ឃុំ វិញ។ សំអាន ឲ្យដឹងថា ប្រជាជនដែលត្រូវបាននាំទៅសម្លាប់គ្មានអ្នក​ណា​ហ៊ាន​តវ៉ាទេ ទោះបីដឹងថាខ្លួននឹងត្រូវស្លាប់ក៏ដោយ ប្រជាជនត្រូវបានវាយទម្លាក់ចូលរណ្តៅដែលបានជីកត្រៀមរួចជាស្រេច ដោយឈ្លបខ្មែរក្រហមមានអាវុធនៅនឹងដៃចាំគំរាម។

សំអាន ក៏ធ្លាប់បានឃើញការរៀបការដោយបង្ខំក្នុងសហករណ៍កំពង់អំពិល បុរស ស្រ្តី ដែលត្រូវរៀបការ ត្រូវបានប្រធានសហករណ៍ផ្សំផ្គុំដោយខ្លះមិនបានដឹងខ្លួនជាមុន។ ពិធីរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម មានចំនួនពី១៥ ទៅ១៥០គូ បុរស ស្រី្ត ត្រូវបានឲ្យអង្គុយលើតុវែងក្នុងរោងបាយរួមរបស់សហករណ៍ ស្លៀកពាក់ ខោអាវខ្មៅ ដោយអ្នកដឹកនាំកម្មវិធីបានជ្រើសរើសអ្នកតំណាងឡើងបេ្តជ្ញាចិត្តយកគ្នាជាប្តីប្រពន្ធ ទោះ​បី​ជា​មាន​ហេតុការណ៍អ្វីក៏ដោយ។ សំអាន បន្តថា បុរស ស្រី្ត ដែលបានរៀបការថ្មីៗត្រូវបានតាមដានដោយឈ្លបខ្មែរក្រហម។ ប្តីប្រពន្ធណារស់នៅមិនចុះសម្រុងគ្នា និងត្រូវនាំទៅអប់រំ ហើយប្រសិនបើមិនព្រមធ្វើតាមនឹងត្រូវសម្លាប់ចោល។

សំអាន បានដឹងពីសកម្មភាពបំផ្លាញសាសនា គឺពេលខ្មែរក្រហមឡើងកាន់អំណាច គេបានចាប់ផ្សឹកព្រះសង្ឃ នៅវត្តកំពង់អំពិល និងវត្តផ្សេងៗទៀតក្នុងឃុំ។ ខ្មែរក្រហមក៏បានសែងព្រះពុទ្ធបដិមាករពីលើកុដ្ឋ និងព្រះវិហារយកមកទម្លាក់ទឹកស្រះក្បែវត្ត។ សាលាឆាន់ត្រូវបានរុះយកឈើទៅធ្វើរោងបាយតាមសហករណ៍និងកន្លែងក្មេងៗស្នាក់នៅ។

ក្រោយមកក្នុងឆ្នាំ១៩៧៨ សំអាន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើតឲ្យទៅរស់នៅ ឯខេត្តពោធិ៍សាត់។ សំអាន ត្រូវបានខ្មែរក្រហមប្រើឲ្យឡើងត្នោតចំនួន ៣០ដើម ជារៀងរាល់ថ្ងៃ ដើម្បីយកទឹកត្នោត មកធ្វើស្ករសម្រាប់ផ្គត់ផ្គង់សហករណ៍ ក្រៅពីនេះ សំអាន ក៏ត្រូវធ្វើការជីកទំនប់ និងលើកប្រឡាយ។ ទោះបីជាខិតខំធ្វើការងារយ៉ាងណាក៏ដោយ ក៏គ្រួសាររបស់សំអានដែលជាប្រជាជនថ្មីធ្លាប់រស់នៅតំបន់ភូមិ​ភាគ​បូព៌ា​មិន​ទទួលបានការទុកចិត្តដូចប្រជាជនចាស់នោះទេ។ ជារឿយៗ សំអាន និងប្រពន្ធ ត្រូវបានអង្គការ សួរនាំពីប្រវត្តិរូប។ នៅឆ្នាំ១៩៧៨ ប្រពន្ធ និងកូន ត្រូវបានខ្មែរក្រហមសម្លាប់ ដោយសំអាន មិនបានដឹង និងហ៊ានសួរពីមូលហេតុនៃការសម្លាប់ទេ។

ក្រោយពីការស្លាប់ប្រពន្ធ និងកូន សំអាន ក៏ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការច្រើនជាងមុន តែជាសំណាងល្អដែលគាត់អាចមានសំណាងរួចជីវិតឆ្លងផុតរបបខ្មែរក្រហម។ សំអាន ដឹងថា មានមនុស្សចាស់បានលួចអង្កររួមរបស់សហករណ៍ហូប ក្រោយមកត្រូវបានធ្វើទារុណកម្ម ឲ្យជីកប្រឡាយប្រវែង១០ម៉ែត្រគីបក្នុង១ថ្ងៃ។ ដោយសារគាត់មិនអាចធ្វើតាមការកំណត់នេះបាន ក៏ត្រូវយកទៅសម្លាប់នៅកណ្តាលវាលស្រែ ឯខេត្ត​ពោធិ៍​​សាត់។

ឆ្នាំ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំទៅ សំអាន បានធ្វើដំណើរដោយថ្មើរជើង ពីខេត្តពោធិ៍សាត់ មកខេត្តស្វាយរៀង ដោយប្រើរយៈពេលប្រហែលជាបីខែ។ ឆ្នាំ១៩៨១ សំអាន បានប្រឡងជាប់ធ្វើជាគ្រូបង្រៀននៅស្រុករំដួល តែបច្ចុប្បន្ននេះគាត់បានចូលនិវត្តន៍។

សំអាន ផ្តំាផ្ញើដល់យុវជនជំនាន់ក្រោយឲ្យចូលរួមសិក្សាពីប្រវត្តិសាស្រ្តដែលកម្ពុជាបានឆ្លងកាត់សម័យអតីតកាល។ សំអាន គិតថាការស្វែងយល់ពីប្រវត្តិសាស្រ្តរបស់អ្នកជំនាន់ក្រោយ គឺមានសារៈសំខាន់ណាស់ដើម្បីកុំឲ្យប្រទេសជួបប្រទះទុក្ខលំបាកដូចអតីតកាលជាថ្មីម្តងទៀត។ សំអាន ក៏បានស្នើឲ្យមានមជ្ឈមណ្ឌល ក្នុងភូមិ ឃុំ ដើម្បីរក្សាទុកឯកសារពីរបបខ្មែរក្រហមឲ្យក្មេងៗអាចសិក្សាស្វែងយល់បន្ថែម។ បច្ចុប្បន្ន សំអាន មានជំងឺលើសឈាម គាត់ឧស្សាហ៍មានអាការៈវិលមុខ ហើមដៃ និងហើមជើង។

សម្ភាសន៍ដោយ ហម សារឿន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin