ង៉ែត យ៉ាំ៖ ធ្វើការងារនៅក្នុងកងចល័ត

ង៉ែត យ៉ាំ អាយុ៦៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបំបែកឪពុកម្ដាយ និងបងប្អូនរបស់យ៉ាំ ទៅធ្វើការងារ និងរស់នៅក្នុងសហករណ៍ក្បែរនោះ។ ចំណែកយ៉ាំ អង្គការបានយល់ព្រមឲ្យគាត់ យកកូនស្រីច្បងទៅរស់នៅក្នុងកងចល័ត និងចេញទៅធ្វើការងារក្រៅសហករណ៍ជាញឹកញាប់ ហើយប្ដីរបស់គាត់ធ្វើការងារនៅក្នុងកងផ្សេងទៀត និងបានជួបមុខគ្នាតិចតួចបំផុត។
នៅក្នុងកងចល័ត យ៉ាំ ត្រូវធ្វើដំណើរទៅសេកយា ខាងត្បូងអង្គតាសោម, ក្រាំងដូង, ខាងកើតវត្តតុម និងបន្តទៅភាគខាងកើតនៃខេត្តតាកែវ ដើម្បីធ្វើការរែកដី, លើកទំនប់, ជីកប្រឡាយ និងស្ទូងដកតាមរដូវកាល។ នៅកន្លែងធ្វើការងារ អង្គការបានរៀបចំឲ្យប្រជាជន ហូបអាហាររួមគ្នានៅក្នុងការស៊ីនបាយ(រោងបាយ)ពីរដង ដោយលើកទីមួយនៅម៉ោងប្រមាណ១១ ឬ១២ថ្ងៃត្រង់ និងលើកទីពីរនៅពេលល្ងាច។ ចំពោះរបបអាហារដែល យ៉ាំ និងប្រជាជន ទទួលបានគឺមិនដូចគ្នាទេ ដោយកន្លែងខ្លះ អង្គការបានដាំបាយចែកប្រជាជន និងកន្លែងខ្លះទៀតមានត្រឹមបបរ ឬបបរលាយបន្លែ សម្រាប់ហូបប៉ុណ្ណោះ ហើយមិនបានគ្រប់គ្រាន់នោះទេ។
នៅខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ យ៉ាំ បាននាំកូនស្រីទៅរស់នៅជួបជុំគ្រួសារនៅភូមិមហារាជ។ ពេលទៅដល់ភូមិ យ៉ាំ បានទទួលដំណឹងថាប្អូនរបស់គាត់ម្នាក់ ដែលធ្វើការងារនៅព្រៃរុន និងបងថ្លៃម្នាក់ទៀត ត្រូវបានអង្គការហៅចេញទៅ និងបាត់ដំណឹងរហូតមក។ យ៉ាំ គិតថាប្អូន និងបងថ្លៃរបស់គាត់ប្រហែលជាបាត់បង់ជីវិតរួចហើយ ដោយសារតែអង្គការសម្លាប់។
ក្រោយមក យ៉ាំ មានកូន២នាក់បន្ថែមទៀត ប៉ុន្តែជាអកុសល ប្ដីរបស់គាត់បានធ្លាក់ខ្លួនឈឺនិងស្លាប់ បន្ទាប់ពីវះកាត់ពោះវៀនរួចបានមួយរយៈ។ ចំណែក យ៉ាំ មានជំងឺប្រចាំកាយមួយចំនួនដូចជា ក្រពះពោះវៀន, ឈឺក្បាលជង្គង់, លើសឈាម និងឈឺភ្នែក។ ជាញឹកញាប់ យ៉ាំ បានទៅពិនិត្យសុខភាព និងប្រើប្រាស់ថ្នាំពេទ្យ ដើម្បីព្យាបាលជំងឺ។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

