កងដេរខោអាវនៅរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) លាក់ ហៃ មានអាយុ ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហៃ មានឪពុកឈ្មោះ លាក់ អិន និងម្តាយឈ្មោះ រត្ន សៀក ហើយគាត់ជាកូនទី៣ នៅក្នុងគ្រួសារ ដែលមានបងប្អូនចំនួន ៤នាក់ (ស្រី ២នាក់)។ កាលពីកុមារភាព ហៃ រៀនសូត្របានត្រឹមថ្នាក់ទី១០ (សម័យសង្គមរាស្ត្រនិយម)។

ហៃ បានរៀបរាប់ថា នៅក្នុងឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។ នៅពេលនោះ ទាហាន លន់ នល់ បានធ្វើសង្រ្គាមជាមួយយោធាខ្មែរក្រហម ហើយប្រជាជននៅភូមិអង្គឫស្សី បានរត់ភៀសខ្លួនចូលព្រៃ និងពួនក្នុងរណ្តៅត្រង់សេ ដោយសារសេចក្តីភ័យខ្លាច។

នៅឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានទទួលជ័យជម្នះលើទាហាន លន់ នល់ នៅទូទាំងប្រទេស។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច ឈ្លបបានប្រមូលទ្រព្យសម្បត្តិ មាស ប្រាក់ សត្វពាហនៈ និងសម្ភារផ្សេងៗរបស់ប្រជាជន យកមកទុកដាក់ប្រើប្រាស់រួមគ្នានៅក្នុងសហករណ៍។ ទ្រព្យសម្បត្តិរបស់គ្រួសារហៃ មានដូចជា មាស គោ និងផ្ទះ ២ខ្នង ត្រូវបានអង្គការដាក់ជាកម្មសិទ្ធិសមូហភាព។ អង្គការបានសាងសង់ខ្ទមតូចមួយឱ្យសមាជិកគ្រួសារហៃ ស្នាក់នៅ។ ហៃ ត្រូវបានចាត់តាំងឱ្យដេរខោអាវក្នុងកងកាត់ដេរ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជន និងយោធា។ ការងារជាអ្នកដេរខោអាវនេះ ត្រូវចាប់ផ្តើមតាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច និងសម្រាកនៅពេលអាហារថ្ងៃត្រង់។ ក្រោយមក អង្គការបានផ្លាស់ប្តូរការងាររបស់ហៃ ឱ្យទៅស្ទូងស្រូវវិញ ដោយកំណត់ផែនការការងារក្នុងមួយថ្ងៃគាត់ និងសមាជិក ១០ នាក់ ត្រូវស្ទូងឱ្យបាន ១ហិកតា និងត្រូវធ្វើការចល័តពីមួយកន្លែងទៅមួយកន្លែងនៅក្នុងឃុំ។ របបអាហាររបស់ហៃ និងក្រុមស្ទូង គឺទទួលបានបាយមួយឆ្នាំង និងសម្លត្រកួន ត្រកៀត ឬដើមចេក សម្រាប់សមាជិក១០ នាក់។

ហៃ ក៏បានឃើញសកម្មភាពបំផ្លាញសាសនាពីសំណាក់ឈ្លបខ្មែរក្រហម ដូចជា ការវាយកម្ទេចព្រះវិហារ, ពុទ្ធបដិមា និងការចាប់បង្ខំផ្សឹកព្រះសង្ឃជាដើម។ ម្យ៉ាងវិញទៀត ហៃ ក៏ធ្លាប់ឃើញអ្នកគ្រប់គ្រងសហករណ៍រៀបការឱ្យយុវជន-យុវនារី នៅក្នុងសហករណ៍ ដោយពិធីនោះធ្វើឡើងក្នុងរយៈពេលដ៏ខ្លី។ ប្តីប្រពន្ធដែលបានរៀបការរួមគ្នានាពេលនោះ មានចំនួនរហូតដល់ទៅ ៥០គូ ក៏មានដែរ ហើយសាមីខ្លួនទាំងសងខាងបានឡើងប្តេជ្ញាចិត្តចំពោះមុខអង្គការ ដោយសន្យាថានឹងស្រឡាញ់គ្នាជាប្តីប្រពន្ធអស់មួយជីវិត ព្រមទាំងស្មោះស័្មគ្របម្រើអង្គការជារៀងរហូត។ ហៃ បានបន្តធ្វើការជាជាងកាត់ដេរ និងកាងារនៅក្នុងកងស្ទូង រហូតដល់របបខ្មែរក្រហមដួលរលំ ហើយបន្ទាប់មកបានត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន ហៃ ជាកសិកររស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ព្រមទាំងមានជំងឺប្រចាំកាយគឺ លើសសម្ពាធឈាម និងខ្លាញ់រុំបេះដូង៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin