របបខ្មែរក្រហមខ្ញុំទទួលទុក្ខលំបាកខ្លាំង

(ខេត្តស្វាយរៀង) រស់ ហាំ មានអាយុ ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហាំ មានឪពុកឈ្មោះ រស់ ឌុច និងម្តាយឈ្មោះ ឥ សួន ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ (ស្រី ៣នាក់)។ កាលពីកុមារភាព ហាំ រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មប៉ុណ្ណោះ។ បច្ចុប្បន្ន ហាំ ប្រកបរបរជាកសិករ និងមានទីលំនៅក្នុងភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដដែល។
ហាំ បានរៀបរាប់អំពីទុក្ខលំបាកវេទនាក្នុងរបប លន់ នល់ និងរបប ប៉ុល ពត ថា កាលពីឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ នៅពេលនោះ ប្រទេសជាតិចាប់ផ្ដើមកើតមានភ្លើងសង្គ្រាមស៊ីវិល ជាហេតុនាំឱ្យស្ថានភាពរស់នៅរបស់ប្រជាជនជួបប្រទះទុក្ខវេទនាយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ហាំ បានបញ្ជាក់ថា នាសម័យនោះពុំទាន់មានការលំបាកវេទនាខ្លាំងដូចក្នុងរបបខ្មែរក្រហមឡើយ។ របបខ្មែរក្រហមជារបបដែលបានធ្វើបាបប្រជាជនខ្លាំងបំផុត។
នៅក្នុងរបបប៉ុលពត ដំបូងឡើយឈ្លបឃុំបានដើរប្រមូលទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់ គោក្របី និងសម្ភារផ្សេងៗរបស់ប្រជាជនយកទៅដាក់ក្នុងសហករណ៍ដើម្បីធ្វើជារបស់រួម។ បន្ទាប់មក ឈ្លបបានបង្ខំឱ្យ ហាំ និងប្រជាជនដទៃទៀតហូបអាហាររួមគ្នានៅផ្ទះបាយជាលក្ខណៈសមូហភាព។ ក្នុងនោះ អ្នកទទួលខុសត្រូវនៅរោងបាយរួមបានបែងចែករបបអាហារឱ្យមួយថ្ងៃពីរពេល ដោយមួយពេលៗទទួលបានត្រឹមតែមួយកូនចានប៉ុណ្ណោះ។ កាលពីដំបូងឡើយ អ្នកទទួលខុសត្រូវនៅរោងបាយបានបើកបាយឱ្យហូប ប៉ុន្តែក្រោយមក បានប្តូរមកត្រឹមជាបបរលាយជាមួយដើមចេក គល់ល្ហុង និងបន្លែផ្សេងៗទៀត ធ្វើឱ្យការហូបចុកពុំបានគ្រប់គ្រាន់ឡើយ។ ចំពោះការងារ ហាំ ត្រូវបុកស្រូវក្នុងមួយថ្ងៃឱ្យបានចំនួន ៧តៅ ដោយត្រូវបុក និងរែងឱ្យស្អាតទើបយកទៅរក្សាទុកក្នុងឃ្លាំងរោងបាយ។ ចំណែកឯអង្កាមដែលនៅសល់ គឺមានក្រុមអ្នកប្រមូលយកទៅធ្វើជាជី។ ក្រោយពីបញ្ចប់ការងារបុកស្រូវ ហាំ ត្រូវបានអង្គការចាត់តាំងឱ្យទៅជីកដីបាតត្រពាំង ឬបាតស្រះ យកមកដាក់ស្រែ ដោយធ្វើការជាក្រុម និងបែងចែកអ្នកជញ្ជូន អ្នករែកដាច់ដោយឡែកពីគ្នា។ ក្រៅពីការងារទាំងនេះ ពេលខ្លះអង្គការបានបង្ខំឱ្យទៅស្ទូង ឬច្រូតស្រូវ ដែលគាត់ត្រូវតែធ្វើតាមការបញ្ជាដាច់ខាត។ ការច្រូតកាត់ និងស្ទូងស្រូវ ត្រូវធ្វើឡើងជាក្រុមទៅតាមមុខព្រួញដែលប្រធានក្រុមរៀបចំ និងមានដោតទង់សម្រាប់ប្រណាំងប្រជែងគ្នា។ ប្រធានក្រុមមានការបែងចែកផែនការត្រឹមត្រូវថា នរណាត្រូវធ្វើត្រឹមណា ហើយការច្រូតស្រូវនោះសោត គឺគេចងជាកណ្តាប់ ដោយមានអ្នកច្រូត អ្នកប្រមូល អ្នកដឹកជញ្ជូន និងអ្នកបោកបែនទៅតាមផែនការរៀងៗខ្លួន ក្រោមការចាត់ចែងរបស់អ្នកទទួលខុសត្រូវ។ លុះដល់រដូវប្រាំង ត្រូវទៅរែកជីដាក់ស្រែ។ ការធ្វើជីនាសម័យនោះ គឺប្រធានក្រុមតម្រូវឱ្យ ហាំ និងប្រជាជនបន្ទោបង់លាមករួចយកមកផ្អាប់ទុក ដើម្បីប្រមូលយកទៅធ្វើជាជីតាមផែនការរៀងៗខ្លួន។ នៅពេលខ្លះ ហាំ ក៏ត្រូវទៅត្បាញកន្ទេល និងជញ្ជូនចំបើងយកទៅធ្វើដំបូលរោងបាយ ឬកន្លែងស្នាក់នៅផងដែរ។ ចំពោះការសម្រាកនៅពេលយប់ ពេលល្ងាចឡើងអ្នកទទួលខុសត្រូវតែងតែឱ្យ ហាំ និងយុវជន យុវនារីសម្រាក ប៉ុន្តែបើសិនជាមានការប្រជុំស្វ័យតិទៀនគេនឹងហៅទៅប្រជុំតាមមុខព្រួញនីមួយៗ រួចទើបអាចសម្រាកបាន ដោយហាមឃាត់មិនឱ្យដើរហើរទៅណាមកណានៅពេលយប់ដាច់ខាត។ លុះព្រឹកឡើងម៉ោង ៥:០០នាទី គ្រប់គ្នាត្រូវភ្ញាក់រៀបចំខ្លួនដើម្បីទៅធ្វើការងាររៀងៗខ្លួន និងត្រូវដាស់តឿនគ្នាឱ្យខិតខំធ្វើការដើម្បីសម្រេចបានគោលដៅរបស់អង្គការ។ ចំពោះការអប់រំកសាងខ្លួនវិញ ហាំ រៀបរាប់ថា អ្នកដែលធ្វើខុសត្រូវបានប្រធានក្រុមណែនាំឱ្យខិតខំធ្វើការកែប្រែឡើងវិញ កុំឱ្យក្បត់អង្គការ និងត្រូវស្មោះត្រង់បម្រើអង្គការជានិច្ច។ ចំពោះការកាប់សម្លាប់ ហាំ ពុំបានឃើញផ្ទាល់ភ្នែកនោះទេ ប៉ុន្តែបានដឹងថា គេនាំខ្លួនអ្នកធ្វើខុសយកទៅសម្លាប់ដោយលួចលាក់ មិនឱ្យប្រជាពលរដ្ឋណាម្នាក់បានឃើញឬដឹងឡើយ។
នៅឆ្នាំ១៩៧៨ អង្គការបានចាប់ផ្ដើមជម្លៀស ហាំ និងប្រជាជនឱ្យទៅរស់នៅខេត្តភាគខាងលិច។ នៅពេល ហាំ ធ្វើដំណើរដល់ខាងត្បូងស្រុកកំពង់ត្របែក ទើបត្រូវបានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមប្រកាសប្រាប់ថា ប្រទេសជាតិត្រូវបានរំដោះហើយ បងប្អូនមានស្រុកភូមិនៅឯណា ត្រូវត្រឡប់ទៅស្រុកភូមិនោះវិញ។ ហាំ បានត្រឡប់មកស្រុកកំណើតវិញ និងចាប់ផ្ដើមប្រកបរបរធ្វើស្រែចម្ការ បង្កបង្កើនផលចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ហាំ មានជំងឺប្រចាំកាយគឺ ជំងឺលើសសម្ពាធឈាម និងជំងឺក្រពះពោះវៀន៕
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

