ណុប លឹម៖ បាត់បង់សាច់ញាតិប្រមាណ១៧នាក់

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានបាត់បង់សាច់ញាតិជាច្រើននាក់ ក្នុងនោះមាន ប្ដី,​ ប្អូន និងបងប្អូនជីដូន ត្រូវបានអង្កការចាប់យកទៅសម្លាប់ ដោយគ្រាន់តែគាត់រៀនសូត្របានខ្ពង់ខ្ពស់ ហើយ ម្ដាយ, កូនរបស់ខ្ញុំពីរនាក់ និងសាច់ញាតិខាងម្ដាយជាច្រើននាក់ទៀតបានស្លាប់ដោយសារអត់អាហារ។

ណុប លឹម អាយុ៧៧ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបែងចែកប្រជាជននៅក្នុងភូមិក្ដុលជាពីរប្រភេទ គឺប្រជាជនចាស់ និងប្រជាជនថ្មី។ នៅក្នុងសហករណ៍ ប្រជាជនថ្មីមិនមានសិទ្ធិអ្វីទាំងអស់ និងត្រូវទទួលបានការរើសអើងពីអង្គការ ក្នុងការធ្វើការងារ និងការហូបអាហារ។ លើសពីនេះទៅទៀត ប្រជាជនថ្មី ត្រូវបានប្រឈមមុខទៅនឹងការចាប់យកទៅសម្លាប់ បើទោះបីជាមិនមានការប្រព្រឹត្តិកំហុសអ្វីទាំងអស់។

ជាក់ស្ដែង ប្ដី, ប្អូន និងបងប្អូនជីដូនមួយរបស់លឹម ត្រូវបានអង្គការចាប់យកទៅសម្លាប់ជាច្រើននាក់ ដោយគ្រាន់តែគាត់រៀនសូត្របានខ្ពង់ខ្ពស់។ ចំណែកម្ដាយ, កូនរបស់លឹមពីរនាក់ និងសាច់ញាតិខាងម្ដាយជាច្រើននាក់ទៀត ត្រូវស្លាប់ដោយសារតែមិនមានអាហារហូបគ្រប់គ្រាន់។ មុនពេលម្ដាយស្លាប់ លឹម ធ្លាប់លួចចម្អិនអាហារនៅក្នុងផ្ទិលដងទឹកនៅផ្ទះ ប៉ុន្តែកងឈ្លបបានមកទាន់ និងយកផ្ទិលនោះទៅបាត់។

ចំពោះ លឹម ការរស់នៅរបស់គាត់បានជួបការលំបាកខ្លាំង ដោយអង្គការបានបំបែកគាត់ឲ្យចូលក្នុងកងពិសេស និងជម្លៀសទៅធ្វើការងារក្រៅសហករណ៍ ឬឆ្ងាយពីកូនៗរបស់គាត់។ នៅក្នុងកងពិសេស លឹម ត្រូវធ្វើការងាររែកជី, រែកអាចម៍គោ, វាយដី និងជីកប្រឡាយ នៅតំបន់មួយចំនួនដូចជា ពករុន, អូរៃ, ពងបែក និងតំបន់ផ្សេងៗទៀតដែលអង្គការចាត់តាំង។ ចំណែករបបអាហារវិញ លឹម ទទួលបានបន្តិចបន្តួច ដែលជាហេតុធ្វើឲ្យរូបរាងកាយរបស់គាត់ស្គមស្គាំងខ្លាំង។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ លឹម បានត្រលប់ទៅរស់នៅជួបជុំកូនក្នុងភូមិក្ដុល។ ក្រោយមក លឹម បានរៀបការម្ដងទៀតជាមួយបុរសម្នាក់នៅភូមិវែង ប៉ុន្តែដោយសារការធ្វើការងារធ្ងន់ៗខ្លាំងពេកនៅក្នុងសម័យខ្មែរក្រហម បានធ្វើឲ្យគាត់ពិបាកក្នុងការរក្សាគភ៌ណាស់។

បន្ទាប់មក លឹម បានទៅមើលការកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុន្តែគាត់មិនពេញចិត្តជាមួយការកាត់ទោសនោះទេ ព្រោះប្ដី, កូន និងសាច់ញាតិជាច្រើននាក់របស់គាត់ដែលសរុបទាំងអស់ប្រមាណ១៧នាក់បានបាត់បង់ជីវិត។ លឹម គិតថាមេដឹកនាំខ្មែរក្រហមគួរទទួលទោសស្លាប់ ទើបសាកសមជាមួយកំហុសដែលខ្លួនបានប្រព្រឹត្តិ។

នៅពេលផ្ដល់បទសម្ភាសន៍​ លឹម មានជំងឺសន្លាក់ដៃ-ជើង, ចុកចាប់ក្នុងពោះ, ស្រុតស្បូន, ស្ដាប់មិនសូវឮ, លើសឈាម និងខ្វះជាតិស្ករ។ លឹម គិតថាជំងឺរបស់គាត់កើតឡើងដោយសារការធ្វើការងារធ្ងន់នៅក្នុងសម័យខ្មែរក្រហម និងការហូបមិនគ្រប់គ្រាន់ក្នុងពេលនោះ។ ដើម្បីព្យាបាលជំងឺ លឹម បានប្រើប្រាស់ថ្នាំខ្មែរជាប្រចាំ និងពេលខ្លះទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឃុំ។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin