តំបន់ភូមិភាគ២៤ ជាសមរភូមិខ្សែត្រៀមទី១

(ស្វាយរៀង) ៖ ទេព ទូច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៧៧ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

នៅឆ្នាំ១៩៦៣ ទូច បានឈប់រៀន និងបានបួសជាព្រះសង្ឃ។ ក្រោយបួសបាន ១វស្សា ទូច បានចូលរៀនសារជាថ្មីនៅវត្តត្រពាំងព្រីងបានរយៈពេល១០ខែ ដើម្បីអាចប្រឡងធ្វើជាគ្រូបាននាសម័យនោះ។ ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ ទូច បានធ្វើជាគ្រូបង្រៀន។

ឆ្នាំ១៩៧០ ទូច បានឈប់ធ្វើជាគ្រូបង្រៀន ដោយសារពេលនោះមានការទម្លាក់គ្រាប់បែក និងបានបំផ្លាញសាលា។

ក្នុងរបបខ្មែរក្រហម ទូច ត្រូវបានចោទប្រកាន់ថា ស្ថិតក្នុងក្រុមអ្នកជិះជាន់គេ និងជាជនប្រតិកិរិយាដោយ​សារ​តែ​គាត់​ធ្លាប់ធ្វើជាគ្រូបង្រៀន និងធ្លាប់ជាព្រះសង្ឈនៅសម័យមុន។ ទូច និយាយថាខ្មែរក្រហមបានធ្វើទារុណកម្ម និងសម្លាប់នៅឯមន្ទីរសន្តិសុខវត្តទួលច្រេស ចំពោះប្រជាជនដែលជាអតីតគ្រូ និងអតីតអ្នករាជការធ្វើការក្នុងរបបចាស់។ ចំណែក ទូច ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើស្រែ លើកភ្លឺ និងច្រូតស្រូវ នៅតំបន់ខ្សែត្រៀមទី១ហៅថា «តំបន់ភូមិភាគ២៤» ដែលមានការផ្លោងគ្រាប់ និងទម្លាប់គ្រប់បែកជាញឹកញាប់ ឲ្យតែឃើញសកម្មភាពមនុស្ស ទោះបីជាប្រជាជនក៏មិនលើកលែងដែរ។

«ទូច ក្នុងរបបខ្មែរក្រហមគេចង់សម្លាប់ខ្ញុំដោយបញ្ជូនខ្ញុំឲ្យទៅទ្រគា្រប់បែកធំៗដូចជា គ្រប់១៣០ និងគ្រប់១២០ ជាដើម ដោយសារតែខ្ញុំធ្លាប់ជាគ្រូបង្រៀន និងជាព្រះសង្ឃ»។

ទូច ក៏ត្រូវបានគេប្រើឲ្យជីក និងរែកដីយកមកធ្វើផ្លូវ។ ក្នុងមួយថ្ងៃគាត់ត្រូវជីក និងរែកដីឲ្យបានទំហំ ៣​ម៉ែត្រ​គីប បើធ្វើមិនគ្រប់ផែនការទេ នឹងត្រូវគេស្តីបន្ទោស និងអប់រំ ព្រមទាំងបង្អត់អាហារឬសម្លាប់ចោល។ ក្នុងរបបខ្មែរក្រហម ទូច និងប្រជាជនដទៃទៀតហូបបបរក្នុង១ឆ្នាំង អង្ករពីរកំប៉ុង ហូបគ្នា ៤ទៅ ៥នាក់។ ក្នុង​​មួយ​ថ្ងៃ ហូបបានតែ២ពេល គឺព្រឹក និងល្ងាច។

ទូច បានឲ្យដឹងថា ថ្នាំព្យាបាលក្នុងសម័យនោះមានតែថ្នាំផ្សំពីឬសរុក្ខជាតិ និងសំបកឈើ រាងមូលៗប៉ុនអាចម៍ទន្សាយ។ ខ្មែរក្រហមប្រើថ្នាំនេះសម្រាប់ព្យាបាលគ្រប់ជំងឺទាំងអស់។ អ្នកជំងឺស្រាលៗអាចព្យាបាលបាន ប៉ុន្តែបើឈឺធ្ងន់មិនអាចជួយបានក៏ស្លាប់។

ទូច ក៏បានឃើញសកម្មភាពខ្មែរក្រហមប្រើប្រជាជនឲ្យទៅវាយបំផ្លាញព្រះក្នុងវត្តទម្លាក់ទឹកស្រះ អ្នកដែលបដិសេធមិនព្រមទៅ គឺចោទថាខ្មាំងយកទៅសម្លាប់ចោល។

ទូច បានដឹងពីការកាប់សម្លាប់មនុស្សរាប់ពាន់នាក់នៅមន្ទីរសន្តិសុខកំពង់អំពិល។ ទូចបានរាប់រៀបថាប្រជាជនដែលស្លាប់ សុទ្ធតែជាជនស្លូតត្រង់ ដែលត្រូវគេសួរចម្លើយពីការជាប់ពាក់ព័ន្ធនឹងរបបចាស់ ទោះបីឆ្លើយបដិសេធយ៉ាងណា ក៏គេមិនជឿដែរ។ ខ្មែរក្រហមសួរចម្លើយ និងធ្វើទារុណកម្មរហូតទាល់តែបានចម្លើយដែរគេចង់បាន រួចយកទៅសម្លាប់ចោលតែម្តង។

«ទូច៖ ថ្ងៃមួយខ្ញុំឃើញគេចាប់អ្នកទោស២នាក់ សួរចម្លើយ ហើយគាត់បដិសេធចំពោះការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងរបបចាស់ ជាខ្មាំង ជាគិញ… គេបន្តសួរនិងវាយគាត់នឹងគល់ឬស្សីទាល់តែព្រមឆ្លើយទទួលកំហុសបានឈប់វាយនិងដឹកយកទៅបាត់»។

ទូច បានផ្តាំផ្ញើក្មេងៗជំនាន់ក្រោយឲ្យសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តជាពិសេសរបបខ្មែរក្រហម។ ទូច បានប្រាប់អ្នកជំនាន់ក្រោយឲ្យចងចាំរបបខ្មែរក្រហមថា ជារបបមួយដែលបានធ្វើទារុណកម្ម និងសម្លាប់ប្រជាជនស្លូតត្រង់ខ្លួនឯងប្រាកដមែន។ គាត់បានស្នើឲ្យមានការបង្កើតជាមជ្ឈមណ្ឌលតម្កល់ឯកសារតាមភូមិ ឃុំ ទុកឲ្យអ្នកជំនាន់ក្រោយបានរៀនសូត្រ និងសិក្សាស្រាវជ្រាវបន្ថែម។

បច្ចុប្បន្ន ទូច មានជំងឺបេះដូង តម្រង់នោម និងមានបញ្ហាស្រវឹងភ្នែក។

សម្ភាសន៍ដោយ ហម សារឿន ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin