កងបុកស្រូវសហករណ៍ដក់ពរ

(ខេត្តស្វាយរៀង) មាស ធី មានអាយុ ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធី មានឪពុកឈ្មោះ ឈឹម ផេង និងម្តាយឈ្មោះ ព្រំ សុន ព្រមទាំងមានបងប្អូនចំនួន ៦នាក់ (ស្រី ៥នាក់) ដោយគាត់ជាកូនទី២ នៅក្នុងគ្រួសារ ។ ធី រៀនបានត្រឹមថ្នាក់អក្ខរកម្ម។

ធី រៀបរាប់ថា នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ និងបានឡើងកាន់កាប់អំណាច។ បន្ទាប់មកនៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរបបខ្មែរក្រហម។ របបខ្មែរក្រហមបានចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ របស់របរ និងសម្ភារផ្សេងៗរបស់ប្រជាជនយកទៅរក្សាទុកនៅសហករណ៍។ ពេលនោះ ធី រស់នៅសហករណ៍ភូមិដក់ពរ ហើយប្រធានភូមិបានចាត់តាំងគាត់ឱ្យទៅបុកស្រូវ ដោយកំណត់ផែនការឱ្យបុកឱ្យបាន ១២តៅ ក្នុង១ថ្ងៃ។ ធី តែងតែទៅបុកស្រូវចាប់ពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅ ទើបអាចសម្រេចបានគ្រប់តាមផែនការដែលអង្គការកំណត់។ នៅក្នុង១ក្រុមមានសមាជិក ១២នាក់ ហើយម្នាក់ៗត្រូវទទួលខុសត្រូវបុកស្រូវចំនួន ១២តៅដូចៗគ្នា។ ក្រោយពេលបុកស្រូវរួច ធី ត្រូវទៅវាល់ពីជង្រុកស្រូវសហករណ៍យកមកហាលថ្ងៃ ដើម្បីត្រៀមបុកនៅថ្ងៃបន្ទាប់។ ចំពោះរបបអាហារវិញ អ្នកទទួលខុសត្រូវនៅរោងបាយផ្តល់ឱ្យតែ២ពេល ប៉ុណ្ណោះក្នុង១ថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច ដោយក្នុង១ពេលៗទទួលបានបាយឬបបរតែ១កូនចាន ហូបជាមួយសម្លដើមចេក ឬសម្លត្រកួន ដែលមានតែទឹក និងគ្មានរសជាតិ។ នៅរដូវប្រាំង ធី ត្រូវបានបញ្ជូនឱ្យទៅជីកប្រឡាយនៅតំបន់ដីរឹងខ្លាំង។ នៅពេលល្ងាចមុនពេលហូបបាយ ប្រធានកងតែងតែរៀបចំការប្រជុំតាមក្រុមៗ ដើម្បីដាស់តឿន និងជំរុញឱ្យប្រជាជនទៅធ្វើការឱ្យទាន់ពេលវេលា ព្រមទាំងសម្រេចឱ្យបានគ្រប់តាមផែនការ។ នៅតំបន់ដែល ធី ធ្វើការងារគាត់បានឃើញខ្មែរក្រហមលុបបំបាត់ជំនឿសាសនា ដោយឈ្លបបានប្រើឱ្យយុវជនក្មេងៗវាយកម្ទេចវត្តអារាម និងព្រះពុទ្ធបដិមា ព្រមទាំងចាប់ផ្សឹកព្រះសង្ឃ បង្ខំឱ្យមកធ្វើការងារធ្ងន់ៗដូចជាប្រជាជនទូទៅដែរ។ ចំពោះសកម្មភាពសម្លាប់មនុស្សវិញ ធី ពុំបានឃើញផ្ទាល់ភ្នែកនោះទេ ប៉ុន្តែគាត់ដឹងថា អ្នកដែលអង្គការហៅទៅរៀនសូត្រ គឺមិនដែលឃើញត្រឡប់មកវិញឡើយ។

នៅពេលដែលរបបខ្មែរក្រហមជិតដួលរលំ ធី ត្រូវអង្គការជម្លៀសពីសហករណ៍ដក់ពរ ឱ្យទៅរស់នៅតំបន់វត្តស្វាយចេក និងតំបន់អ្នកលឿង។ ពេលនោះ ស្រាប់តែមានការប្រកាសតាមឧគ្ឃោសនសព្ទថា ប្រទេសជាតិត្រូវបានរំដោះហើយ ប្រជាជនទាំងអស់អាចត្រឡប់ទៅភូមិកំណើតវិញបាន។ បច្ចុប្បន្ន គាត់ប្រកបរបរជាកសិករ រស់នៅក្នុងភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្ន ធី មានជំងឺប្រចាំកាយគឺ ជំងឺក្រពះពោះវៀន។

សម្ភាសន៍ដោយ៖ ឈិន ផនពៅពិសី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ៖ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin