ជីវិតរស់នៅត្រូវគេចគ្រាប់ជារៀងរាល់ថ្ងៃ

(កណ្ដាល)៖ នង ថុង អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកល្វាឯម និងបច្ចុប្បន្នរស់នៅភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

នៅក្នុងឆ្នាំ១៩៧៣ ខ្មែរក្រហមចាប់ផ្ដើមមានអំណាចអាចគ្រប់គ្រងនៅក្នុងភូមិដែល ថុង រស់នៅ។ នៅពេលនោះបងប្រុសរបស់ថុង ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងចាត់តាំងឱ្យធ្វើជាយោធា។ ចំណែកឯ ថុង និងសមាជិកគ្រួសារផ្សេងទៀត គឺរស់នៅក្នុងភូមិស្ថិតក្រោមការគ្រប់គ្រងរបស់ទាហាន លន់ នល់។ ក្រោយមកស្ថានភាពនៅក្នុងតំបន់ចាប់ផ្ដើមមានភាពវឹកវរកាន់តែខ្លាំង មានការបាញ់គ្នាទៅវិញទៅមករវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់។

ថុង និងគ្រួសារបានភៀសខ្លួនចេញពីភូមិដែលគាត់រស់នៅទៅផ្ទះរបស់ឪពុកមានៅជ្រោយចង្វារ។ ថុង បាននិយាយថា នៅអំឡុងពេលនោះ គាត់និងគ្រួសារមិនដែលសម្រាកបានសុខសាន្តឡើយ ព្រោះត្រូវរត់គេចពីការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ។ ថុង និងគ្រួសារបានភៀសខ្លួនបន្តទៅតំបន់តាព្រហ្មរយៈពេល៤ខែ។

បន្ទាប់ពីខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញ ថុង បានរត់បន្តទៅរស់នៅតំបន់កោះ ហើយបន្តដំណើរទៅស្នាក់នៅផ្ទះអ្នកស្គាល់គ្នានៅឃុំស្នោរ។ រស់នៅទីនោះបានប្រហែល៣ខែ ថុង បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ នៅពេលមកដល់ស្រុកកំណើត ផ្ទះសំបែងត្រូវបានបំផ្លាញអស់គ្មានសល់។ ថុង ត្រូវបានចាត់ទុកជាប្រជាជនមូលដ្ឋាន។

នៅឆ្នាំ១៩៧៥ បងប្រុសរបស់ថុង ឈ្មោះ សុវណ្ណធីណៃ បានបាត់បង់ជីវិតដោយសារការផ្ទុះគ្រាប់មីននៅពេលកំពុងកាប់ព្រៃ។ ក្រោយមក ថុង ត្រូវបានអង្គការជម្លៀសចេញពីឃុំស្នោរ ទៅរស់នៅភូមិបារុង។ នៅទីនោះ ថុង ត្រូវបានចាត់ចូលជាកងកុមារ ហើយត្រូវខ្មែរក្រហមបង្ខំឱ្យកាប់ទន្រ្ទានខែត្រដើម្បីយកមកធ្វើជី។ ការរៀនសូត្រនៅពេលនោះ គឺមិនមានអ្វីក្រៅពីការស្តាប់ការឃោសនានិយាយអំពីអង្គការនោះទេ។

នៅឆ្នាំ១៩៧៦ ថុង បានបាត់បង់ម្តាយម្នាក់ទៀតដោយសារតែជំងឺរាករូស។ រឿងរ៉ាវដ៏សែនឈឺចាប់មួយទៀតនោះគឺ បងប្រុសម្នាក់ទៀតរួមជាមួយសមាជិកគ្រួសារ ដែលរស់នៅខេត្តបាត់ដំបង ត្រូវបានអង្គការសម្លាប់ចោលយ៉ាងព្រៃផ្សៃ ដោយរងការចោទប្រកាន់ថាជាចោរលួចអង្ករទាំងដែលមិនបានដឹងរឿងរ៉ាវទាល់តែសោះ។ មូលហេតុពិតប្រាកដនោះគឺមានជនជាតិចាមម្នាក់បានលួចអង្កររបស់អង្គការ ហើយយកទៅលាក់ទុកនៅខាងក្រោយផ្ទះបងប្រុសរបស់ថុង។ ពេលអង្គការរកឃើញអង្ករទាំងនោះ បានចោទប្រកាន់បងប្រុសរបស់គាត់ ថាជាចោររួចយកទៅសម្លាប់ចោលទាំងគ្រួសារតែម្តង។

បន្ទាប់ពីររបបខ្មែរក្រហមបានដួលរលំ ថុង បានប្រកបរបរជាកសិករ និងមានប្រពន្ធកូនកសាងគ្រួសាររហូតមកដល់បច្ចុប្បន្ន៕

សម្ភាសន៍ដោយ៖ ឡាំ សុជាតា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin