កងកុមារពេញវ័យ ត្រូវធ្វើការដូចកងនារី

អ៊ុំ ឡាយ អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង ឡាយ មិនបានសិក្សារៀនសូត្រនោះទេ ព្រោះមានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ហើយគ្រួសាររបស់គាត់ត្រូវរត់ភៀសខ្លួនទៅខាងឡាំងកាក និងតំបន់ផ្សេងៗទៀត។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះ ឡាយ បានចូលធ្វើការងារក្នុងក្រុមកងកុមារ តាមការចាត់តាំងរបស់អង្គការ។ ជារៀងរាល់ថ្ងៃ ឡាយ ត្រូវធ្វើការរែកសំណាបដាក់ក្នុងស្រែ, បោចស្មៅ, រែកអាចម៍គោដាក់ស្រែ និងលើកទំនប់ ជីកព្រែក។ នៅការដ្ឋានការងារ ឡាយ ត្រូវធ្វើការឲ្យគ្រប់តាមផែនការកំណត់ដូចកងនារីដែរ ហើយរបបអាហារដែលគាត់ទទួលបានគឺបបររាវៗហូបជាមួយសម្លបន្លែព្រលឹត ត្រកួន ឬគល់ល្ហុង។ ចំពោះសម្លៀកបំពាក់ ឡាយ មានត្រឹម២សម្រាប់ប៉ុណ្ណោះសម្រាប់ស្លៀកប្រចាំថ្ងៃ ហើយប្រសិនបើរហែកគាត់ត្រូវស្វែងរកស្បោងជីមកដេរឬប៉ះដោយខ្លួនឯងជាច្រើនកន្លែង។
នៅក្នុងកងកុមារ ឡាយ បានចូលរៀនអក្សរបន្តិចបន្តួចជាមួយគ្រូឈ្មោះហេង ប៉ុន្តែគាត់មិនចេះអានអក្សរនោះទេ ព្រោះមិនបានយកចិត្តទុកដាក់ក្នុងពេលសិក្សា។ នៅពេលរៀនសូត្រ ឡាយ ចងចាំថា អង្គការបានប្រើទ្រឹស្ដី សក់អ្នកណាក្បាលអ្នកហ្នឹង ដូច្នេះអ្នកណាធ្វើខុសអង្គការបានចាប់អ្នកនោះយកទៅសម្លាប់។ ជាក់ស្ដែង គ្រូបង្រៀនកាលពីសង្គមចាស់គឺជាមុខសញ្ញានៃការចាប់យកទៅសម្លាប់ជាបន្តបន្ទាប់ រហូតដល់គ្រូម្នាក់ឈ្មោះ ណា មានការភិតភ័យខ្លាំង ដេកញ័រខ្លួនលើផ្ទះ។ ជាសំណាងល្អ ណា មិនបានបាត់បង់ជីវិតនោះទេ ព្រោះគ្រូ ហេង បានជួយលាក់ឈ្មោះគាត់ និងឈ្មោះកុមារដទៃទៀតរួបទាំងឡាយ ដែលកងឈ្លបមកហៅយកទៅសម្លាប់។
នៅឆ្នាំ១៩៧៨ ក្រុមរបស់ឡាយ ត្រូវបានបញ្ជូនឲ្យទៅធ្វើការងារនៅភ្នំបូរី។ នៅទីនោះ ឡាយ បានលួចរត់ត្រលប់មកផ្ទះវិញនៅពេលដែលគាត់នឹកម្ដាយឪពុកខ្លាំងពេក ប៉ុន្តែ ប្រធានកងបានមកតាមចាប់គាត់ទៅវិញភ្លាមៗ និងឃុំឃាំងគាត់មួយរយៈ។ ចាប់តាំងពីថ្ងៃនោះមក ឡាយ និងគ្រួសារចាប់ផ្ដើមជាមុខសញ្ញាដែលអង្គការចាប់យកទៅសម្លាប់ ព្រោះអង្គការបានផ្លាស់ប្ដូរទ្រឹស្ដីថា បើសមាជិកគ្រួសារណាមួយធ្វើខុស នោះអង្គការនឹងចាប់យកទៅសម្លាប់ទាំងអស់។
ថ្ងៃមួយ ឡាយ និងមិត្តរបស់គាត់ បាននាំគ្នារត់ចេញពីកងត្រលប់មកផ្ទះវិញ នៅពេលដែលអង្គការចាត់តាំងឲ្យក្រុមរបស់គាត់យាមនៅពេលយប់។ ជាសំណាងល្អ អង្គការតាមចាប់ក្រុមរបស់ឡាយមិនទាន់នោះទេ ព្រោះមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក។ នៅតាមផ្លូវធ្វើដំណើរ ឡាយ បានទៅជួបអ៊ំឈ្មោះ ជុច ដែលជាអ្នកភូមិជាមួយគ្នា ទើបគាត់សុំធ្វើតាមរទេះនោះរហូតដល់បានជួបជាមួយម្ដាយឪពុករបស់គាត់វិញ។ ប៉ុន្តែនៅពេលដែល ឡាយ ធ្វើដំណើរជាមួយគ្រួសារដល់ភ្នំចំបាប់ អង្គការចាប់ផ្ដើមប្រមូលកុមារធំពេញវ័យ និងកងនារី ឲ្យទៅវាយជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបន្តទៀត។
នៅកន្លែងប្រមូលផ្ដុំ ក្មេងៗមានការភិតភ័យយ៉ាងខ្លាំង និងនាំគ្នារត់ទៅរកគ្រួសាររៀងៗខ្លួនវិញនៅពេលឮសំឡេងប្រយុទ្ធគ្នាខ្លាំងម្ដងទៀត។ ចំពោះ ឡាយ បានរត់ទៅរកគ្រួសារនៅភ្នំចំបាប់វិញ ប៉ុន្តែដោយសារតែមិនបានជួបឪពុកម្ដាយ ទើបគាត់ធ្វើដំណើរទៅមុខបន្តទៀតរហូតដល់បានជួបអ្នកស្គាល់គ្នា និងបានធ្វើដំណើរជាមួយគ្នាត្រលប់មកផ្ទះវិញ។ ពេលមកដល់ភូមិ ម្ដាយឪពុករបស់ឡាយ មិនទាន់ត្រលប់មកវិញទេ ដូច្នេះគាត់ត្រូវបន្តទៅស្នាក់នៅ និងលាក់ខ្លួនក្នុងផ្ទះអ៊ំម្នាក់ឈ្មោះ ហ៊ាក។ ឡាយ រស់នៅជាមួយឈ្មោះ ហ៊ាក រហូតដល់ស្ថានការណ៍ស្ងប់ស្ងាត់ឡើងវិញ ទើបម្ដាយឪពុករបស់គាត់ត្រលប់មកវិញ និងបានរស់នៅជួបជុំគ្នាចាប់ពីពេលនោះ។
បន្ទាប់មក ឡាយ បានទទួលដំណឹងពីបងស្រីរបស់គាត់តាមរយៈអ្នកធ្វើការងារនៅស្រែអំបិលជាមួយគ្នាថា ដោយបងស្រីរបស់ឡាយ ត្រូវបានអង្គការបង្ខំឲ្យរៀបការជាមួយអ្នកពិការ និងសម្រាលបានកូនម្នាក់។ ជាអកុសលនៅពេលបងស្រីរបស់ឡាយ រត់ឡើងភ្នំលៈបង់ គាត់បានទាស់រហូតដល់ស្លាប់នៅលើភ្នំដោយសារហូបស្លឹកព្រិច និងបន្លែព្រៃផ្សេងៗទៀត។ ចំពោះ បងប្រុសច្បងរបស់ឡាយ ដែលចេញទៅធ្វើជាទាហាននៅតែបាត់ដំណឹងបន្តទៀត ប៉ុន្តែ ឡាយ គិតថាបងរបស់គាត់ប្រហែលជាស្លាប់បាត់ទៅហើយ ព្រោះប្រសិនបើគាត់នៅមានជីវិតនោះនឹងត្រលប់មករកម្ដាយឪពុកវិញ។
ក្រោយរបបខ្មែរក្រហម ប្រជាជននាំគ្នចែកស្បៀងអាហារ និងសម្ភារប្រើប្រាស់តាមផ្ទះរៀងខ្លួនរួចចាប់ផ្ដើមចងក្រងធ្វើស្រែជាក្រុមរហូតដល់មានអាហារហូបគ្រប់គ្រាន់ ទើបមានការបែងចែកផ្ទៃដីធ្វើស្រែតាមគ្រួសារវិញ។ នៅពេលផ្ដល់បទសម្ភាសន៍ ឡាយ មានជំងឹលើសឈាម, ក្រពះ និងបេះដូង។ ដើម្បីព្យាបាលជំងឺ ឡាយ បានទិញថ្នាំពីពេទ្យឯកជនយកមកលេប និងដាំថ្នាំខ្មែរផឹកបន្ថែម ប៉ុន្តែគាត់នៅតែមានអារម្មណ៍ភិតភ័យ និងស្លុតស្មារតី នៅពេលដែលមានសំឡេងខ្លាំងៗ។
សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

