“គ្មានស្គាល់ជាតិសាប៊ូទេ”

សុខ ចាប រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ សុខ ចាប ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចាប មានឪពុកឈ្មោះ សុខ, ម្ដាយឈ្មោះ ជា និងមានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះប្អូនម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម។ កាលពីកុមារភាព ចាប បានចូលរៀននៅសាលាវត្តអង្គ និងឈប់រៀនត្រឹមថ្នាក់ទី៣ ដោយសារគាត់ត្រូវមកជួយមើលថែប្អូន និងរែកទឹកត្នោតឲ្យម្ដាយ។

នៅឆ្នាំ១៩៧៥ ចាប បានទៅរស់នៅភូមិកំបូល និងក្រោយមកទៅរស់នៅម្តុំស្ទឹងមានជ័យ ទីក្រុងភ្នំពេញ។ នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស ចាប និងសមាជិកគ្រួសារជាងដប់នាក់ចេញពីទីក្រុងភ្នំពេញ។ ចាបនិងគ្រួសារ​ធ្វើដំណើរតាមរទេះមួយ និងគោមួយនឹម ។ ខ្មែរក្រហមបានប្រាប់ប្រជាជនទាំងអស់ថា ត្រូវចាកចេញតែពីរទៅបីថ្ងៃប៉ុណ្ណោះ។ នៅតាមផ្លូវ ចាប បានឃើញមនុស្សយ៉ាងច្រើនកុះករ និងបានឃើញសាកសពជាច្រើននៅម្តុំអូរបែកក្អម និងម្តុំចោមចៅ។ ចាប​ ចងចាំថា វត្តអារាម ត្រូវបាន​ប្រើប្រាស់ជាស្នាក់ការរបស់ខ្មែរក្រហម។ ចំណែកព្រះសង្ឃ ព្រះនាមសម ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ចាប ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី និងចាត់តាំងឲ្យធ្វើការក្នុងកងចល័តនារី។ ម្ដាយរបស់ចាប ធ្វើការនៅភូមិក្រាំងម្កាក់ ចំណែកឪពុករបស់ចាប ដាំឆៃថាវ និងល្ពៅនៅភូមិចក។ នៅពេលទៅបាចទឹកដាក់ស្រែ ចាប បានឆ្លៀតលួចទៅជួបឪពុកម្ដាយយូរៗ​ម្តង។

នៅរដូវប្រាំង ចាប ត្រូវរែកដី លើកទំនប់ នៅភូមិកំពង់ត្រាំ និងសម្រាកនៅរោងចក្រស្ករសកំពង់ត្រាំ។ ចំណែកនៅរដូវវស្សា ចាប ត្រូវធ្វើស្រែនៅភូមិព្រៃពួច។ ចាប ត្រូវក្រោកទៅធ្វើការតាំងពីម៉ោង៣យប់ និងត្រូវធ្វើការទាំងមានភ្លៀងធ្លាក់។ ចាប និយាយថា “ដក[ស្ទូង]ទាំងភ្លៀង” និងរងាណាស់។ ចាប ត្រូវសម្រាន្តទាំងទទឹកជោកលើរនាបឫស្សី នៅក្នុងរោងតាមវាលស្រែ ដោយគ្មានមងនោះទេ។ ខោអាវរបស់ចាប គឺមិនដែលបានបោកគក់ជាមួយសាប៊ូទេ។ នៅក្នុងមួយឆ្នាំ ដើម្បីទទួលបាន​សម្លៀកបំពាក់មួយសម្រាប់ ចាប ត្រូវធ្វើការឲ្យបានល្អ ។ ចំណែកសក់វិញ គាត់ត្រូវកាត់សក់ខ្លីតាមការបញ្ជារបស់ខ្មែរក្រហមកាត់សក់ខ្លី។ ចាប និយាយថា “[នៅរបបខ្មែរក្រហម] គ្មានស្គាល់ជាតិសាប៊ូទេ”។

ជួនកាល ចាប ត្រូវខ្មែរក្រហមបញ្ជាឲ្យចុះទៅដកក្រចាប់ និងមុតជើង។ នៅពេលនោះ ចាប បានយំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់ត្រូវតែធ្វើការតាមបញ្ជារបស់ខ្មែរក្រហមដែរ។ ចាប និយាយថា “វាហត់ វាហេវ គេខឹងគេ គេរកវាយចោល”។ ខ្មែរក្រហមប្រាប់ចាបថា “មិត្តឯងធ្វើការឲ្យត្រឹមត្រូវ ធ្វើឲ្យអស់ពីចិត្តពីថ្លើម”។

ចាប ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ចាប រៀបរាប់ថា “ស្គមអត់អីស៊ី” ដោយក្នុងមួយថ្ងៃ ហូបតែបបរមួយវែក ឬបាយមួយស្មុគជាមួយសម្លព្រលិត ឬត្រកួនដែលមានទឹកពណ៌ខ្មៅតែពីរពេលប៉ុណ្ណោះ។ ចាប បន្តថា  “អត់ហ៊ានលួចទេ ខ្ញុំខ្លាចគេយកកសាង ខ្លាចគេយកវាយចោល”។ ចាប មិនដឹងថាស្រូវដែលធ្វើបាន ត្រូវខ្មែរក្រហមដឹកយកទៅទីណានោះទេ។

នៅពេល ចាប ក្តៅខ្លួន គាត់ត្រូវតែទៅធ្វើការ ដោយគាត់និយាយថា “ក្តៅខ្លួននៅផ្ទះ គេអត់ឲ្យបាយទេ សុខចិត្តទៅធ្វើទាំងឈឺ”។ ចាប មានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។ ចាប ចងចាំថា នៅរបបនោះ មានមន្ទីរពេទ្យ (រោងធ្វើពីស្លឹក) នៅភូមិប្រាំបីមុម និងមានពេទ្យប្រចាំការទាំងយប់ទាំងថ្ងៃ។ ជួនកាល ពេទ្យ បានយកថ្នាំច្រកដបទឹកក្រូចមកចាក់ឲ្យអ្នកជំងឺនៅក្នុងកងចល័ត។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ចាប បានវង្វេង និងមករកឪពុកម្ដាយនៅវត្តពោយ្យំ។ នៅពេលជួបកងទ័ពវៀតណាម ចាប បានត្រលប់មកភូមិកំណើត និងជួបជុំឪពុកម្ដាយនៅម្តុំព្រៃទទឹង។ បច្ចុប្បន្ន ចាប ដែលគ្មានប្តីនិងកូន បានរស់នៅជាមួយ និងមើលថែដោយប្អូន៕

សម្ភាសដោយ​ ថន ពុធដារ៉ូ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin