ខ្មែរក្រហមបានសម្លាប់ប្តី និងកូនពីរនាក់របស់ខ្ញុំ
(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រាជ សាម៉ន អាយុ៩០ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សាម៉ន មានឪពុកឈ្មោះ រាជ ជុំ (ស្លាប់) និងម្ដាយឈ្មោះ ម៉ៅ អែត (ស្លាប់) មានបងប្អូន០៥នាក់។ ដោយសារតែស្ថានភាពគ្រួសារក្រីក្រ សាម៉ន មិនទទួលបានការអប់រំជ្រៅជ្រះទេ។ អំឡុង ឆ្នាំ២០២១ ពេល សាម៉ន ផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជា គាត់មិនសូវចំារឿងពីអតីតកាលច្រើនដោយសារតែវ័យ និងជំងឺធ្ងន់ត្រចៀកស្តាប់មិនច្បាស់។ មុនរបបខ្មែរក្រហម សាម៉ន រស់នៅជាមួយប្តី និងកូន នៅភូមិពោធិ៍តារស់។ ពេលខ្មែរក្រហមចូលកាន់កាប់អំណាច សាម៉ន នៅសសៃខ្ចីនៅឡើយ និងត្រូវបានគេប្រើឲ្យជីកប្រឡាយ ទំនប់ និងរែកដី។ ក្រោយមកគេបានប្តូរការងារ សាម៉ន ឲ្យមកកើបលាមកមនុស្សយកទៅធ្វើជីសម្រាប់ដាក់ស្រែ។
សាម៉ននិយាយថា៖ «ការកាន់កាប់អំណាចរបស់ខ្មែរក្រហមបានកេងប្រវ័ណ្ឌកេងប្រវណ័្ច និងជិះជាន់កម្លាំងពលកម្ម ប្រជាជនយ៉ាងខ្លាំង រូបគាត់ផ្ទាល់ត្រូវធ្វើការឥតសម្រាកតែទទួលបានរបបអាហារមិនគ្រប់គ្រាន់ និងនៅតែមានឈ្មោះបំរុងយកទៅសម្លាប់ចោលទៀត។»
សាម៉ន រៀបរាប់ថាការធ្វើការងារធ្ងន់ គួបផ្សំពេលនោះគាត់សរសៃខ្ចីផង គាត់ពិតជាលំបាកខ្លាំង។ សាម៉ន ត្រូវធ្វើការងារនៅឆ្ងាយពីកូនៗ គាត់មានការនឹករលឹកកូន ប៉ុន្តែមិនហ៊ានសុំអនុញ្ញាតច្បាប់ទៅមើលកូនៗទេ ព្រោះខ្លាចគេដាក់ទណ្ឌកម្ម និងសម្លាប់។ ក្នុងរបបខ្មែរក្រហម សាម៉ន បានបាត់បង់សមាជិកគ្រួសារចំនួន៣នាក់ គឺកូនបងគេបង្អស់ ធ្វើជាកងទ័ពសម័យ លន់ នល់ និងកូនម្នាក់ទៀតស្លាប់ដោយសារជំងឺ និងគ្មានថ្នាំព្យាបាលត្រឹមត្រូវ ព្រមទាំងប្តីបានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង។
ក្រោយរបបខ្មែរក្រហមដួលរលំ សាម៉ន បានធ្វើដំណើរ មករស់នៅស្រុកកំណើតឯខេត្តស្វាយរៀង ប្រកបរបបលក់អុស និងដេរស្លឹកត្នោត បច្ចុប្បន្នគាត់បានសម្រាកហើយដោយសារតែវ័យជរា។
បច្ចុប្បន្ន សាម៉ន មានជំងឺប្រចំាកាយដូចជា ជំងឺក្រពះ ជំងឺពោះវៀន ជំងឺសន្លាក់ដៃ ជើង និងជំងឺរោគស្រ្តី។
សម្ភាសន៍ដោយ ឃួន រស្មី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង