គាំ ម៉ាឡៃ៖ ខ្មែរក្រហមកសាងខ្ញុំពីរដង

គាំ ម៉ាឡៃ រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ គាំ ម៉ាឡៃ ភេទស្រី មានអាយុ ៦៩ឆ្នាំ។ ម៉ាឡៃ រស់នៅនិងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉ាឡៃ មានឪពុកឈ្មោះ គាំ រិន, ម្ដាយឈ្មោះ ឌុច មាំ និងមានបងប្អូនចំនួន៦នាក់។ ម៉ាឡៃ មានកូនចំនួន៦នាក់។

នៅឆ្នាំ១៩៦១ ម៉ាឡៃ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយមក គាត់បានឈប់រៀនត្រឹមថ្នាក់ទី៧ និងប្រកបរបរកាត់ដេរ។ នៅឆ្នាំ១៩៧០ ម៉ាឡៃ បានរៀបការ។ នៅឆ្នាំ១៩៧១ ម៉ាឡៃ បានរត់ភៀសខ្លួនទៅរស់នៅវត្តសិម្ពលី និងភូមិព្រៃរការ ដោយសារនៅក្នុងភូមិរបស់គាត់ មានការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។

នៅឆ្នាំ១៩៧៤ គ្រួសាររបស់ម៉ាឡៃ រួមមានឪពុកម្ដាយ, ប្អូនម្នាក់, ប្តី, កូនអាយុ៥ឆ្នាំរបស់ម៉ាឡៃ និងម៉ាឡៃ បានរត់ទៅរស់នៅម្តុំពោធិ៍ចិនតុង។ ក្រោយមក គ្រួសាររបស់ម៉ាឡៃបានទៅរស់នៅម្តុំទឹកថ្លា។ ម៉ាឡៃ និយាយថា​ ប្តីរបស់គាត់ត្រូវបានទាហាន លន់ នល់ ចាប់បង្ខំឲ្យចូលធ្វើទាហាន ដោយប្តីរបស់គាត់ទទួលបានរបបអង្ករមួយបាវក្នុងមួយខែ។ ម៉ាឡៃ ត្រូវទៅធ្វើការស៊ីឈ្នួល និងជួយលក់ពោតស្ងោរឲ្យគេ ដើម្បីជួយផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់។

នៅខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់ម៉ាឡៃ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ ដោយគ្រួសារគាត់ធ្វើដំណើរឆ្លងកាត់ម្តុំអូរបែកក្អម។ ម៉ាឡៃ បានឃើញសាកសពជាច្រើននៅតាមផ្លូវ។ នៅពេលមកដល់ភូមិរកា ខាងត្បូងវត្តខ្ពប និងស្ទឹងព្រែកត្នោត គ្រួសាររបស់ម៉ាឡៃ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជន១៧មេសា។

ម៉ាឡៃ បានព្យាយាមលាក់ប្រវត្តិរូបរបស់ប្តីគាត់។ នៅពេលខ្មែរក្រហមសួរ គាត់បានឆ្លើយថា “អត់ដែរធ្វើទាហានទេ គាត់ដើរតែទិញអេតចាយ”។ បងប្រុសរបស់ម៉ាឡៃ ដែលជាអតីតទាហាន លន់ នល់ ដែរ ត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅនិងបាត់ខ្លួនមួយគ្រួសារ។ បងថ្លៃរបស់គាត់ បានឆ្លើយតាមត្រង់ និងប្រាប់ខ្មែរក្រហមថា ប្តីរបស់គាត់ជាអតីតទាហាន លន់ នល់ ដោយសង្ឃឹមថាខ្មែរក្រហមនឹងបន្តឲ្យប្តីរបស់គាត់បន្តធ្វើជាទាហាន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចែកអង្ករកន្លះកំប៉ុងឲ្យគ្រួសារម៉ាឡៃ ដែលមានសមាជិកប្រាំមួយនាក់។ ជួនកាល ម៉ាឡៃ បានលួចត្រួយស្លឹកដំឡូងយកមកលាយជាមួយបបរ និងលួចកាប់ចេកយកទៅលាក់ក្នុងព្រៃ ដើម្បីទុកហូប។ គ្រួសាររបស់ម៉ាឡៃ ត្រូវធ្វើការហួសកម្លាំង, ហូបចុកមិនគ្រប់គ្រាន់ និងវាយដំធ្វើបាបដោយខ្មែរក្រហម។

នៅឆ្នាំ១៩៧៦ ឪពុករបស់ម៉ាឡៃ ត្រូវធ្វើការនៅផ្នែកដាំដំណាំ, ម្ដាយធ្វើការនៅផ្នែកតម្បាញ, ប្តីធ្វើការនៅផ្នែកភ្ជួររាស់, ហើយកូនរបស់ម៉ាឡៃធ្វើការក្នុងកងកុមារ ដោយកូនរបស់គាត់ត្រូវរែកកណ្ដាប់ស្រូវ។ ម៉ាឡៃ និយាយថា “ក្មេងអាយុ៦ឆ្នាំត្រូវធ្វើការដូចមនុស្សចាស់”។ ម៉ាឡៃ បន្តថា កូនរបស់គាត់ត្រូវធ្វើការទាំងគ្មានសម្លៀកបំពាក់រហូតដល់ក្តៅខ្លួន។ នៅពេល ម៉ាឡៃ ទៅរោងបាយ ដើម្បីបើករបបអាហារឲ្យកូនប្រុស ខ្មែរក្រហមមិនបើកឲ្យគាត់នោះទេ ដោយសារកូនរបស់គាត់មិនបានទៅធ្វើការ។ ក្រោយមក ម៉ាឡៃ ដែលមានផ្ទៃពោះ ត្រូវធ្វើការនៅផ្នែកកាត់ដេរ។ បន្ទាប់ពី ម៉ាឡៃ សម្រាលកូនទី២រួច គាត់ត្រូវរែកដី,​ ច្រូតស្រូវ, រែកកណ្ដាប់ស្រូវ និងបោកកណ្ដាប់ស្រូវ រហូតដល់ម៉ោង១២យប់ ទើបគាត់បានសម្រាន្ត។

នៅរបបខ្មែរក្រហម ម៉ាឡៃ ត្រូវបានខ្មែរក្រហមកសាង(ស្តីប្រដៅនិងណែនាំ)ចំនួន២ដង ដោយលើកទី១ ម៉ាឡៃតវ៉ាជាមួយខ្មែរក្រហមដែលមិនព្រមបើករបបអាហារឲ្យម្ដាយរបស់គាត់ ដោយសារគាត់ទៅបើកជំនួស និងលើកទី២ ឈ្លបឮគាត់និយាយជាមួយម្ដាយថា “យើងដឹងកាលណាបានហូបដូចធម្មតា”។ ម៉ាឡៃ និយាយថា​ “តែបីដង គេយកយើងទៅហើយ” ដោយមានន័យថា ប្រសិនបើខ្មែរក្រហមកសាងគាត់ជាលើកទី៣ នោះគាត់នឹងបាត់ខ្លួន។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ម៉ាឡៃ បានត្រលប់មករស់នៅ និងធ្វើស្រែចម្ការនៅភូមិកំណើតវិញ។ ជាចុងក្រោយ ម៉ាឡៃ នៅតែចងចាំមិនភ្លេចអំពីទុក្ខវេទនាដែលគាត់ និងប្រជាជនខ្មែរបានឆ្លងកាត់របបខ្មែរក្រហម៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin