កងចល័តនៅភូមិសហករណ៍

(ខេត្តស្វាយរៀង) ទឹម លន់ មានអាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិសហករណ៍ ឃុំពាមទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លន់ មានឪពុកឈ្មោះ ទុំ ឡេង ម្តាយឈ្មោះ អ៊ឹម ជួន ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ (ស្រី ៥នាក់)។ កាលពីកុមារភាព លន់ រៀនសូត្របានត្រឹមថ្នាក់ទី២ នៅរបបសង្គមរាស្រ្តនិយម។

លន់ បានរៀបរាប់ថានៅឆ្នាំ ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងបានឡើងកាន់កាប់តំណែង។ នៅពេលនោះប្រទេសជាតិចាប់ផ្តើមមានសង្គ្រាម ដោយគ្រួសាររបស់លន់ បានរត់ចេញពីភូមិឬទៅពួនក្នុងរណ្តៅត្រង់សេពីព្រោះខ្លាចសង្គ្រាម និងការបាញ់គ្រាប់ផ្លោង។

នៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហមទាំងស្រង់ ហើយរបបនេះចាប់ផ្តើមដើរប្រមូលលុយកាក់មាសប្រាក់សត្វពាហនៈ និងសម្ភាររបស់ប្រជាជនយកទៅដាក់ក្នុងសហករណ៍ធ្វើជារបស់រួម។ បន្ទាប់មកអង្គការចាប់ផ្ដើមបង្ខំប្រជាជនឱ្យទៅរស់នៅសហករណ៍ និងឱ្យហូបចុករួមគ្នា ២ពេល ក្នុង១ថ្ងៃ គឺពេលព្រឹក និងល្ងាច។ លន់ ត្រូវបានចាត់តាំងឱ្យធ្វើជាកងស្ទូងនៅក្នុងភូមិសហករណ៍។ នៅក្នុងកងស្ទូង មានក្រុមក និងខ ហើយមួយក្រុមមានសមាជិកចំនួន ១២ នាក់ ហើយមានភារកិច្ចត្រូវស្ទូងស្រូវ ១ហិកតា ក្នុង១ថ្ងៃ។ ក្រោយមកដោយសារ លន់ ត្រូវដល់អាយុរៀបការអង្គការបានបង្ខំឱ្យគាត់រៀបការជាមួយបុរសនៅក្នុងភូមិ។ ពិធីរៀបការនៅពេលនោះធ្វើឡើងចំនួន ២៥គូ និងមានរយៈពេលខ្លីប៉ុណ្ណោះ។ លន់ និងប្តីបានឡើងប្តេជ្ញាចិត្តថានឹងស្រឡាញ់គ្នាជាប្តី-ប្រពន្ធអស់១ជីវិត ព្រមទាំងស្មោះស្ម័គ្របម្រើអង្គការជារៀងរហូត​។ ក្រោយរៀបការបានមួយរយៈ លន់ និងប្តី ត្រូវបានបំបែកឱ្យទៅធ្វើការតាមការដ្ឋានរៀងៗខ្លួន។ លន់ ទៅលើកប្រព័ន្ធភ្លឺស្រែ ដោយអង្គការកំណត់១ក្រុម ត្រូវលើកដីឱ្យបានប្រវែង ២០ ម៉ែត្រ នៅពេលព្រឹក និងនៅពេលថ្ងៃត្រូវជីកប្រឡាយជម្រៅ ២ម៉ែត្រកន្លះ និងមានជើងទេររាងខ្នងអណ្ដើក ព្រមទាំងត្រូវបង្ហាប់ដី។ នៅរដូវច្រូត លន់ ត្រូវចូលរួមជាមួយក្រុមដោយច្រូតស្រូវទៅតាមកាលកំណត់របស់អង្គការ ហើយបន្ទាប់មកត្រូវយកស្រូវទៅបោក និងជញ្ជូនយកទៅទុកក្នុងឃ្លាំងស្រូវរួមរបស់សហករណ៍។ នៅរដូវប្រាំង លន់ ត្រូវបានប្រធានកងចាត់តាំងឱ្យទៅស្រង់កំប្លោកដែលហូរនៅតាមទន្លេដើម្បីកុំឱ្យហូរដាក់ទៅក្រោមបន្តទៀត។ នៅក្នុងរបបខ្មែរក្រហមប្តី និងលន់ ត្រូវបានបំបែកឱ្យរស់នៅដាច់ដោយឡែកពីគ្នា។ លន់ ធ្លាប់ចេញទៅធ្វើការងារជាកងចល័តរហូតដល់ស្រុកកំពង់ត្របែក និងនៅតំបន់សួង (ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ នៅតាមទីតាំងដែល លន់ បានទៅដល់គាត់ធ្លាប់ឃើញការធ្វើទារុណកម្ម ហើយប្រជាជនខ្លះត្រូវបានឈ្លបវាយទាត់ធាក់ និងទុកចោលនៅនឹងកន្លែងមួយចំនួនបានស្លាប់។ លន់ បានរំឭកថាចំពោះគ្រូបង្រៀន មន្ត្រីរាជការ និងអតីតទាហាន លន់ នល់ ដែលឈ្លបខ្មែរក្រហមស៊ើបដឹងត្រូវបាននាំយកទៅសម្លាប់ទាំង​កណ្តាល​ថ្ងៃត្រង់ក៏មានដែរ។

នៅពេលរបបខ្មែរក្រហមជិតដួលរលំ លន់ ត្រូវបានជម្លៀសឱ្យចេញពីស្រុកកំណើត ហើយនៅពេលធ្វើដំណើរទៅដល់តំបន់អ្នកលឿងមិនអាចធ្វើដំណើរបន្តទៅមុខទៀតបានដោយសារតែមានសង្គ្រាមប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម។ ក្រោយមកកងទ័ពរណសិរ្សបានទទួលជ័យជម្នះទាំងស្រុងលើរបបខ្មែរក្រហម ដូច្នេះ លន់ និងប្រជាជនដែលជម្លៀសបានត្រឡប់មករស់នៅស្រុកកំណើតវិញ និងបានចាប់ផ្តើមបង្កបង្កើនផលដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន លន់ ជាកសិករ រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ និងមានជំងឺប្រចាំកាយគឺជំងឺឡើងជាតិអាស៊ីត៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin