ជ្រិង សាន ត្រូវខ្មែរក្រហមចោទថាក្បត់

ជ្រិង សាន មានឈ្មោះដើម នុត ហែ អាយុ ២៣ឆ្នាំ ជាយោធានៅវរសេនាតូច៧៧៨ រស់នៅភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តំបន់៤២។ សាន មានប្រពន្ធឈ្មោះ ទុយ ស្រេង អាយុ ២៣ឆ្នាំ និងមានកូនម្នាក់។ ឪពុករបស់សាន ឈ្មោះ អំ ជ្រិង អាយុ ៥៣ឆ្នាំ និងម្តាយឈ្មោះ ឡុង យ៉េង អាយុ ៤៨ឆ្នាំ ដោយអ្នកទាំងពីរមានមុខរបរជាកសិករ។ សាន មានបងប្អូនចំនួន ៣នាក់ គឺ៖ ទី១. ជ្រិង សាន (ម្ចាស់ប្រវត្តិរូប), ទី២. នុត ហ៊ាន អាយុ ២១ឆ្នាំ ជាយោធានៅកងអនុសេនាតូចទី១ អនុលេខាធំទី២ វរសេនាតូច៤០២ ខេត្តកំពង់ស្ពឺ និង ទី៣. នុត ហាន អាយុ ១៦ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ។[1]
នៅក្នុងឯកសារប្រវត្តិរូបសង្ខេបរបស់ជ្រិង សាន ចំនួន ១០ទំព័រ បានបញ្ជាក់ថា សាន បានចូលរួមបដិវត្តន៍ រួចក៏បានរត់ត្រឡប់ទៅផ្ទះវិញ។ ក្រោយមក នៅខែមិថុនា ឆ្នាំ១៩៧៥ សាន បានចូលរួមបដិវត្តន៍ម្តងទៀត និងត្រូវបានតែងតាំងជាយោធានៅវរសេនាធំ៧៧៨ នៅក្នុងមន្ទីរវរ ជាមួយ៖ លី ដែលជាប្រធានវរសេនាតូច។ បន្ទាប់ពីបានចូលរួមបដិវត្តន៍ជាលើកទី២ សាន ត្រូវបានអប់រំណែនាំដោយឈ្មោះ សំ វ៉ាន់ រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ តំបន់៤២។ ឈ្មោះ សំ វ៉ាន់ បានអប់រំបំផុសបំភាយឱ្យ សាន ប្រព្រឹត្តខុសសីលធម៌, លួចកាំភ្លើង និងគ្រាប់កាំភ្លើង, លួចក្រណាត់ អង្ករ និងលុយកាក់ ដើម្បីយកទៅឧបត្ថម្ភដល់ចលនាខ្មែរស, បំផុសបំភុលចលនាបំបែកបំបាក់កម្លាំងបដិវត្តន៍, បំផុសប្រជាជនមិនឱ្យចូលរួមក្នុងសហករណ៍, ធ្វើសកម្មភាពបំផ្លាញកម្ទេចរោងចក្រផ្សេងៗ ព្រមទាំងអប់រំយុទ្ធជនឱ្យរត់ចោលជួរ។ និងឈ្មោះ ហ៊ុន ព្រួញ បានអប់រំ និងណែនាំ សាន ឱ្យធ្វើសកម្មភាពទុច្ចរិតដូចជា៖ លួចកង់, សាំង, ខោអាវ, កម្ទេចកម្មាភិបាល និងយុវជន, បំផ្លិចបំផ្លាញរោងចក្រនានា និងណែនាំឱ្យលួចកាំភ្លើងនៅមន្ទីរពេទ្យព្រះកេតុមាលា។ លើសពីនេះទៅទៀត ព្រួញ បានណែនាំ សាន ឱ្យស្គាល់ខ្សែបណ្តាញឈ្មោះ ហឿន និង ថន ដែលជាខ្សែរយៈរបស់ឈ្មោះ ចាន់ រង្សី ដើម្បីងាយស្រួលក្នុងការអនុវត្តផែនការក្បត់បដិវត្តន៍។
ក្រោយពីទទួលការអប់រំណែនាំពីឈ្មោះ សំ វ៉ាន់ និង ហ៊ុន ព្រួញ រួចមក សាន បានធ្វើសកម្មភាពដូចជា៖ ដុតរោងចក្រកៅស៊ូ នៅភូមិអូប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តំបន់៤២, បានលួចយកអង្ករទៅផ្គត់ផ្គង់ឱ្យចលនាខ្មែរស, បានបំផុសបំផុលយុវជន យុវនារី មិនឱ្យចូលរួមក្នុងជួរបដិវត្តន៍, បានលួចខោអាវល្អៗចំនួនមួយបាវ យកទៅប្រគល់ឱ្យឈ្មោះ ព្រួញ, បានប៉ុនប៉ងទៅកម្ទេចរោងចក្រ ឈ្មោះ សេង ថៅ ប៉ុន្តែមិនបានសម្រេច, បានលួចសាំងចំនួន ២៥លីត្រ នៅផ្សារថ្មី ដើម្បីយកទៅឱ្យ ឈ្មោះ ព្រួញ និងបានប៉ុនប៉ងលួចកង់នៅផ្សារថ្មី ប៉ុន្តែមិនបានសម្រេចដោយសារតែកង់ជាប់សោ ព្រមទាំងបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើនារីម្នាក់ឈ្មោះ សៀ ឡាង ដែលជានារីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតចំនួនពីរដង។ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៧៥ វេលាម៉ោង ១១:០០នាទីថ្ងៃត្រង់ សាន បានសម្លាប់កម្មាភិបាលចំនួន ២នាក់ គឺ ឈ្មោះ ហឿន នាទីជាអនុសេនាតូចទី១ អនុសេនាធំទី៣ វរសេនាតូច៧៧៨ និង ឈ្មោះ មឿន បម្រើការងារនៅផ្នែកសេដ្ឋកិច្ច ក្នុងអង្គភាពជាមួយគ្នា ដោយវិធីសាស្ត្រដាក់ថ្នាំបំពុលក្នុងទឹកក្តៅ នៅត្រង់ចំណុចខាងជើងស្ពានជ្រោយចង្វារ ចម្ងាយ ១២០ម៉ែត្រ។ និង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៧៥ សាន បានសម្លាប់យុទ្ធជនចំនួន ៣នាក់ បន្ថែមទៀត រួមមាន៖ ឈ្មោះថេន, ឈ្មោះ សឿន និង ឈ្មោះ អឿន ដែលអ្នកទាំង៣ បម្រើការងារនៅវរសេនាតូច៧៧៨។
ក្រៅពីនេះ សាន មានខ្សែទាក់ទងរួមមាន៖ ណាន ឡន អាយុ ២១ឆ្នាំ និង សេង កុល អាយុ ២៤ឆ្នាំ រស់នៅភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ តំបន់៤២។ អ្នកទាំងពីរបានទទួលការអប់រំពី សាន ក្នុងការបញ្ចេញសកម្មភាពតាមផែនការរបស់ សំ វ៉ាន់ ហើយបច្ចុប្បន្នត្រូវបានអង្គការចាប់ខ្លួន។ និងឈ្មោះ វ៉ាន់ និងឈន វ៉ាន អាយុ ២៥ឆ្នាំ បម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា។ អ្នកទាំង២ ត្រូវបាន សាន អប់រំណែនាំឱ្យធ្វើសកម្មភាពសម្លាប់កម្មាភិបាល និងយុទ្ធជនដែលចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នៅមន្ទីរពេទ្យកាល់ម៉ែតក៏មានខែ្សបណ្តាញរបស់សាន មានចំនួន ៤នាក់ គឺឈ្មោះ៖ ទី១. សៀ ឡាង, ទី២. ងួន សារិម អាយុ ១៨ឆ្នាំ, ទី៣. ញឹម ញី អាយុ ២១ឆ្នាំ និង ទី៤. អ៊ន ជឿន អាយុ ១៩ឆ្នាំ។ អ្នកទាំង៤ បានទទួលផែនការពី សាន ដើម្បីធ្វើសកម្មភាពក្បត់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយការចាក់ថ្នាំសម្លាប់យុទ្ធជនដែលចូលសម្រាកព្យាបាល។ ចំណែកសកម្មភាពនៅក្នុងរោងចក្រ សាន បានបង្កើតខ្សែរយៈទាក់ទងជាមួយឈ្មោះ យ៉ែម, សេន, ឌន, ធឿន, ហឿន និង ផាន ដោយអ្នកទាំង ៦នាក់នេះ បានធ្វើសកម្មភាពបំផ្លិចបំផ្លាញសម្ភារផ្សេងៗនៅក្នុងរោងចក្រ តាមការចាត់តាំងរបស់សាន។
សកម្មភាពចាត់តាំង និងការប្រជុំដាក់ផែនការរបស់សាន និងបក្ខពួក៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៧៥ វេលាម៉ោង ៨:០០នាទីយប់ សាន និងបក្ខពួក បានរៀបចំការប្រជុំសម្ងាត់មួយនៅម្តុំស្តាតចាស់។ សមាសភាពចូលរួមប្រជុំនាពេលនោះ រួមមាន៖ ហ៊ុន ព្រួញ (ប្រធាន), ម៉ន, ម៉ុន ភាក់, យ៉ែម, សេន, ឌន, ធឿន, ហឿន, ផាន និង សាន។ នៅក្នុងការប្រជុំនោះ សាន និងបក្ខពួក បានទទួលផែនការ៖ កម្ទេចរោងចក្រ, បំផុសបំផុលកម្មាភិបាល និងយុទ្ធជនបដិវត្តន៍ឱ្យប្រឆាំងនឹងបក្ស, ធ្វើសកម្មភាពលបបាញ់សម្លាប់យុទ្ធជន និងកម្មាភិបាលដែលធ្វើដំណើរដាច់ស្រយាល ដើម្បីប្លន់យកអាវុធ និងកម្ទេចកម្លាំងយោធា។
នៅក្នុងឯកសារប្រវត្តិរូបដែលមានចុះហត្ថលេខារបស់សែម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៥ បានបញ្ជាក់ថា៖ ម៉ន, ភាក់ និង សាន ត្រូវបានអង្គការចាប់ខ្លួនជាបន្តបន្ទាប់។ ចំណែកឯ ផាន, ហឿន, សេន, យ៉ែម, ធឿន និង ឌុន ត្រូវបានអង្គការចេញបញ្ជាឱ្យធ្វើការតាមដាន និងរៀបសំណុំរឿងដើម្បីចាប់ខ្លួននៅពេលក្រោយ។
[1] ឯកសារ J00៣៦៤៖ ឯកសារសរុបចម្លើយសារភាពរបស់ ជ្រិង សាន ដែលត្រូវបានកត់ត្រាចប់រួចរាល់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៥ និងមានចុះហត្ថលេខារបស់ សែម។ នៅក្នុងឯកសារនេះ សាន បានរៀបរាប់អំពីសកម្មភាពក្បត់បដិវត្តន៍, ខ្សែបណ្ដាញចាត់តាំង, សកម្មភាពចាត់តាំង រហូតដល់ផែនការបំផ្លិចបំផ្លាញសម្ភាររបស់អង្គការ។
***
កំណត់ចំណាំ៖ ចម្លើយសារភាពរបស់អ្នកទោសសុទ្ធសឹងតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះចម្លើយសារភាពនេះមិនអាចសន្និដ្ឋានថាពិត ឬយ៉ាងណានោះទេ។
***
អត្ថបទដោយ អេង សុខម៉េង

