ចម្លងចេញពីចម្លើយសារភាពរបស់ អ៊ុន ឃន នាទីជាប្រធានក្រុមឡានទឹក

នៅក្នុងចម្លើយសារភាពរបស់ អ៊ុន ឃន ដែលបានស្រង់ចេញពីឯកសារបានឆ្លើយជូនអង្គការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៧។ ឃន ត្រូវបានអង្គការចោទប្រកាន់ថាជាសមាជិកសេ.អ៊ី.អា (CIA) និងបានធ្វើសកម្មភាពក្បត់។ ខាងក្រោមនេះជាខ្លឹមសារនៃចម្លើយចំនួន ១៧ទំព័រ របស់ ឃន នាទីជាប្រធានក្រុមឡានទឹក៖[1]
អ៊ុន ឃន ឈ្មោះបដិវត្តន៍ អ៊ុន យន មានអាយុ ២១ឆ្នាំ និងមានទីលំនៅភូមិបឹង ឃុំរាយពាយ ស្រុកកងមាស តំបន់៤១។ ឃន បានចូលបដិវត្តន៍នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧៣ នៅភូមិទំនប់ តាមរយៈអ្នកនាំចូលឈ្មោះ ឈិន នាទីជាយុទ្ធជនកងស្រុក៤៤ (បច្ចុប្បន្នមិនដឹងព័ត៌មាន)។ ឃន តាំងពីចូលបដិវត្តន៍មកទទួលបាននាទីជាយុទ្ធជន រួចមកជាមេពួក បន្ទាប់មកជាសមាជិកកងតូច រួចបានឡើងជាអនុកងតូចនៅកងពល៤៥០ ហើយនៅឆ្នាំ១៩៧៦ ជាប្រធានក្រុមនៅក្រុមឡានទឹក។ ឃន មានអត្តចរិតចូលចិត្តនិយាយលេងសើចច្រើន និងខឹងឆេវឆាវ។ ឃន មានឪពុកឈ្មោះ អ៊ុន គ្រុយ អាយុ ៥០ឆ្នាំ មុខរបរជាជាងធ្វើផ្ទះ និងម្តាយឈ្មោះ ជា ឆន អាយុ ៤៨ឆ្នាំ មុខរបរធ្វើស្រែ។ ឪពុកម្តាយរបស់ឃន គ្មាននិន្នាការនយោបាយឡើយ។ ឃន មានបងប្អូនចំនួន ៨នាក់ (ប្រុស ៥នាក់ ស្រី ៣នាក់) និងមានប្តីប្រពន្ធ ៣នាក់។ បងប្អូនរបស់ឃន ចូលបដិវត្តន៍ ៣នាក់ និងរស់នៅក្នុងសហករណ៍ ៥នាក់។
ឃន ចូលបដិវត្តន៍ដំបូង នៅកងយោធាស្រុក៤៤ តាមរយៈ ឈឹន នាទីជាយុទ្ធជនកងស្រុក៤៤ និងត្រូវបានទទួលស្គាល់ដោយ ហម នាទីជានយោបាយវរសេនាតូច៤៥ កងតំបន់៤១, ហ៊ាន នាទីជានយោបាយវរសេនាតូច៤១ កងតំបន់៤១ (បច្ចុប្បន្នមិនដឹងព័ត៌មាន), ហ៊ាន នាទីជានយោបាយវរសេនាតូច៧៦០ (បច្ចុប្បន្នមិនដឹងព័ត៌មាន), ទៀត នាទីជានយោបាយអនុសេនាធំប្រចាំវរសេនាធំ៧១ ជាអ្នកដឹកនាំ (បច្ចុប្បន្នមិនដឹងព័ត៌មាន) និង ថន នាទីជានយោបាយកងតូច កងពិសេសវរសេនាធំ៤២ (បច្ចុប្បន្នក្បត់)។ ក្រោយមក ឃន បានមកធ្វើការនៅក្នុងអង្គភាពឡានទឹក ដែលមានបងម៉ាន នាទីជានយោបាយកងធំឡានទឹក ជាអ្នកដឹកនាំរហូតដល់ឆ្នាំ១៩៧៦។
នៅពេលរស់នៅក្នុងអង្គភាពកងពល៤៥០ គឺស្ថិតក្រោមការដឹកនាំរបស់ ជាតិ នាទីជាអនុនយោបាយកងធំ, ថ នាទីជាយោធាកងតូច និង គីន នាទីជាសមាជិកកងតូច កងពិសេសប្រចាំវរសេនាធំ៤២ កងពល៤៥០ ដែលបច្ចុប្បន្នបុគ្គលទាំងនេះមិនដឹងជានៅឯណាទេ។ នៅថ្ងៃមួយ ជាតិ, ថ និងគីន បានហៅឃន និងមិត្ត ២នាក់ទៀតគឺ៖ ខឿន និង យ៉ន ដែលជាអនុក្រុម និងមេពួក នៃកងពិសេសប្រចាំវរសេនាធំ ៤២ សព្វថ្ងៃនៅក្រុមឡានទឹក មកអប់រំជាសម្ងាត់នៅខាងត្បូងមន្ទីរពេទ្យឫស្សីកែវ ក្រុងភ្នំពេញ។ ឃន, ខឿន និងយ៉ន ត្រូវបានអប់រំឱ្យឃើញពីទិដ្ឋភាពនៃការលំបាករបស់បដិវត្តន៍សង្គមនិយម ដោយបានលើកពន្យល់ថា ការរស់នៅក្រោមការដឹកនាំរបស់បក្សសព្វថ្ងៃនេះ កើតមានការលំបាកស្មុគស្មាញគ្រប់បែបយ៉ាង តាំងពីការហូបចុក និងការស្លៀកពាក់ គឺខ្វះមុខខ្វះក្រោយ រហែកមុខរហែកក្រោយ ពុំដែលបានស្អាតបាតឡើយ។ ការហូបចុកពុំដែលបានគ្រប់គ្រាន់ ខ្វះព្រឹកខ្វះល្ងាច ហើយឃើញតែហូបបបរជារាល់ថ្ងៃ រស់នៅគ្មានសិទ្ធិសេរីភាពអ្វីដែរ មួយថ្ងៃៗធ្វើការតាំងពីព្រឹកទល់យប់គ្មានពេលសម្រាកទេ។ របបសង្គមនិយមគឺតឹងតែងណាស់ មិនឱ្យដើរទៅណាមកណាទេ សូម្បីយើងជាកងទ័ពធ្លាប់លំបាកវេទនាក្នុងសង្រ្គាម ព្រាត់ប្រាស់គ្រួសារ បងប្អូន ឪពុកម្តាយ រហូតដល់ចប់សង្រ្គាមហើយ មិនឱ្យទៅជួបមុខដែរ ហើយការសប្បាយគ្មាន ព្រោះរបបសង្គមនិយមអ្វីៗសុទ្ធតែជាសមូហភាព សុទ្ធតែជារបស់រដ្ឋ របស់អង្គការ គឺគ្មានកុន គ្មានល្ខោន គ្មានបុណ្យទាន និងគ្មានប្រាក់ខែចាយទេ ធ្វើបដិវត្តន៍មានតែការលំបាក សូម្បីតែកង់កញ្ចាស់មួយគ្មានផង។
ជាតិ, ថ និងគីន បានអប់រំបន្ថែមទៀតថា បើយកទៅប្រៀបធៀបនឹងរបបសង្គមចាស់វិញ គឺខុសគ្នាឆ្ងាយណាស់ ពីមុនរស់នៅជាឯកជន មានអាហារ មានសម្លៀកបំពាក់គ្រប់គ្រាន់ ពុំដែលស៊ីបបរលាយត្រកួន ឬស្លៀកពាក់រហែកឡើយ មានតែការសប្បាយ ចង់ដើរហើរទៅណាមកណាបានតាមចិត្ត ព្រោះមានសេរីភាពត្រឹមត្រូវ។ នៅសង្គមចាស់មានបុណ្យសក្តិ មានប្រាក់ខែចាយ ហើយមិនបាច់ធ្វើការងារអ្វីផង ក៏មានស៊ីមានចាយគ្រប់គ្រាន់ដែរ ដូច្នេះបើចង់សប្បាយ ចង់មានបុណ្យសក្តិ មានតែផ្លូវម្យ៉ាងគត់គឺត្រូវរួបរួមគ្នាផ្តួលរំលំបដិវត្តន៍នេះចេញ ហើយយករបបរបស់យើងមកវិញ។ ក្រោយពីទទួលបានមតិទាំងនេះមក ឃន បានយល់ស្របទាំងស្រុង ហើយបានចាប់ផ្តើមធ្វើសកម្មភាពជាមួយ ឃន និង យ៉ាងសកម្ម។ ដោយពិនិត្យឃើញពីគោលជំហរប្រឆាំងបក្សដាច់ខាត ជាតិ, ថ និង គីន បានបញ្ចូល ឃន, ឃន និង ខឿន ឱ្យចូលជាសមាជិក សេ.អ៊ី.អា នៅខែមិថុនា ឆ្នាំ១៩៧៦ នៅក្បែរមន្ទីរពេទ្យឫស្សីកែវ ក្រុងភ្នំពេញ។ ឃន, ឃន និង ខឿន ត្រូវអនុវត្តផែនការដូចជា៖
១. ត្រូវខិតខំបំផុសមហាជនឱ្យប្រឆាំងនឹងបក្ស។
២. ត្រូវធ្វើសកម្មភាពបំផ្លាញបដិវត្តន៍តាមគ្រប់រូបភាព និងតាមលទ្ធភាព។
៣. បង្កទំនាស់រវាងកម្មាភិបាល និងយុទ្ធជនឱ្យបក្សពិបាកដោះស្រាយ។
៤. ត្រូវបំផ្លាញទីកន្លែងណាដែលសំខាន់ៗរបស់បក្ស ដែលយើងអាចធ្វើទៅរួច។
៥. ត្រូវបង្កប់ខ្លួននៅក្នុងជួរតម្រង់ជួរផ្លូវបដិវត្តន៍ ហើយត្រូវលាក់ការណ៍ឱ្យបានជិត កុំឱ្យបែកការណ៍។
៦. ត្រូវរាវរកខ្សែរយៈ សេ.អ៊ី.អា ដើម្បីរួមគ្នាធ្វើសកម្មភាពក្នុងកងជួរផ្លូវបដិវត្តន៍។
ក្រោយមក យ៉ន បានធ្វើសកម្មភាពបំផុសបង្កទំនាស់នៅក្នុងអង្គភាពឱ្យច្របូកច្របល់ និងនិយាយបំផុសមហាជនឱ្យគេចវេះពីពលកម្មដាំដំណាំ ព្រមទាំងបំផ្លាញបដិវត្តន៍ដោយយកស្រូវទៅចោលឱ្យខូចអស់។ ចំណែក ខឿន បានធ្វើសកម្មភាពយកថ្នាំអង់ទ្រីនទៅចាក់ក្នុងស្រះឱ្យងាប់ត្រីអស់ យកស្រូវទៅចោលឱ្យរលួយអស់ ព្រមទាំងបំផុសយុទ្ធជន និងបង្កទំនាស់ក្នុងអង្គភាព។ ជាតិ, ថ និង គីន បានប្រជុំដាក់ធ្វើផែនការឱ្យ ឃន, ឃន និង ខឿន ចំនួនពីរដងគឺ ប្រជុំលើកទី១៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៦ វេលាម៉ោង ៩:៣០នាទី នៅកន្លែងជាប់មន្ទីរពេទ្យឫស្សីកែវ ក្រុងភ្នំពេញ។ និងប្រជុំលើកទី២៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៧៦ វេលាម៉ោង ១០:០០នាទីយប់ នៅទីកន្លែងប្រជុំខាងជើងឃ្លាំងចាស់។ រីឯខ្លឹមសារប្រជុំគឺ៖ ទទួលផែនការកម្ទេចឃ្លាំង គ្រឿងម៉ាស៊ីន និងកង់នៅខាងត្បូងរោងចក្រទឹកដោះគោឫស្សីកែវ, កម្ទេចរោងចក្រតម្បាញក្រណាត់សម្រាប់ចាក់កង់ឡាននៅឫស្សីកែវ, បាញ់មិត្តយើងដែលដើរចេញចូលតាមផ្លូវខាងជើងឃ្លាំងចាស់ និងបង្កទំនាស់ក្នុងអង្គភាព។
នៅខែមីនា ឆ្នាំ១៩៧៦៖ ឃន និង ខឿន បានប៉ុនប៉ងកម្ទេចដោយដុតរោងចក្រតម្បាញ និងឃ្លាំងគ្រឿងម៉ាស៊ីននៅឫស្សីកែវ តែមិនបានសម្រេច ព្រោះអ្នកយាមឃើញ ក៏ដកថយមកវិញ។ នៅខែកញ្ញា ឆ្នាំ១៩៧៦ ឃន បានចូលរួមជាមួយ ជាតិ, គីន, យ៉ន និង ខឿន ចាំលបបាញ់មិត្តយើងនៅផ្លូវខាងជើងឃ្លាំងចាស់ ពេលនោះបានបាញ់ត្រូវ ២នាក់ តែមិនដឹងថាស្លាប់ឬរស់ឡើយ។ ឃន បានបំផុសកងកម្លាំងឱ្យចូល សេ. អ៊ី. អាជាបន្តបន្ទាប់បានចំនួន ២នាក់ នៅក្នុងកង៤៥០ រួមមាន៖ ទី១. ចន នាទីជាអនុក្រុមនៅកងពិសេសប្រចាំវរសេនាធំ៥២ (សព្វថ្ងៃមិនដឹងនៅឯណា) ឱ្យធ្វើសកម្មភាពគេចវេះ បោះបង់ផលដំណាំ និងលួចថ្នាំពេទ្យនៅក្នុងកង។ និង ទី២. សាវ៉ាយ នាទីជាមេពួក នៅកងពិសេសប្រចាំវរសេនាធំ៤២ (សព្វថ្ងៃមិនដឹងនៅឯណា) ឱ្យធ្វើសកម្មភាពបេះបោចផលដំណាំ លួចសម្ភារសមូហភាព ខ្ជិលធ្វើការ និងធ្វើពុតជាឈឺ។
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៧៧ ឃន ត្រូវបានអង្គការចាត់តាំងឱ្យមកបើកបរឡានទឹក។ ឃន បានទាក់ទងជាមួយខ្សែរយៈ សេ.អ៊ី.អា ចាស់ ដែលមកពីកង៣១០ និង១៧០ មកនៅក្រុមឡានទឹក ដោយ សេ.អ៊ី.អា មកពីកង៣១០ មាន៖ រ៉ុម (មេក្រុម), ឡើម (យុទ្ធជន), នេន (យុទ្ធជន) និង ខេន (អនុក្រុម)។ សេ.អ៊ី.អា មកពីកង១៧០ មាន៖ យៀក (ក្រុមជាង), ហ៊ឹម (មេក្រុម), ខន (យុទ្ធជន) និង ស៊ឹម (អនុក្រុម)។ សេ.អ៊ី.អា មកពីកងចាស់៤៥០ មកនៅក្នុងក្រុមឡានទឹកមាន៖ ខឿន, យ៉ន, និន, ឡេត និងរូបខ្ញុំផ្ទាល់។ ឃន បានប្រជុំម្តងនៅវត្តមហាមន្ត្រី ដែលមានសមាជិក ៦នាក់ចូលរួម រួមមាន៖ ឃន (ប្រធាន), រ៉ុម (អនុប្រធាន), ហ៊ឹម, ម៉ៅ, ស៊ឹម និង ខឿន ដើម្បីដាក់ផែនការបំផ្លាញគ្រឿងម៉ាស៊ីនឡានត្រាក់ទ័រ ធ្វើឱ្យរាំងស្ទះពេលឆេះផ្ទះ និងកាត់ខ្សែភ្លើងនៅរោងជាង។ ឃន និងអ្នកទាំងនេះបានធ្វើសកម្មភាពបំពុស និងបំផ្លាញបដិវត្តន៍រួមមាន៖ បំផ្លាញសម្ភារជួសជុល, បើកឡានបុកគ្នា, ខ្ជិលច្រអូស, លួចសម្ភាររដ្ឋ, បង្កទំនាស់, ដកចោលដំណាំ និងធ្វើឱ្យខូចខាតគ្រឿងចក្រដោយចេតនា។
សកម្មភាពបំផ្លាញបដិវត្តន៍របស់ឃន រួមមាន៖
១. ពេលចេញទៅពន្លត់ភ្លើង បានធ្វើឱ្យខូចឡាននៅតាមផ្លូវ ២ដង ដោយជាន់អង់ប្រាយ៉ា ហើយរុញលេខឱ្យហួស បណ្តាលឱ្យគាំង។
២. បើកឡានឱ្យប៉ះជាមួយគេ បណ្តាលឱ្យបាក់ដែកកាងឡានអស់ ១។
៣. ធ្វើឱ្យខូចម៉ាស៊ីនឡានអស់១។
៤. កាត់ទុយោឡានទឹកឱ្យខ្លីអស់ទាំង ៤ នាំឱ្យបាញ់ទឹកមិនបានឆ្ងាយ។
៥. ពេលដោះគ្រឿងម៉ាស៊ីនឡាន ធ្វើឱ្យបាត់ខ្ចៅខ្ចងមួយចំនួនធំ ដោយដោះរួចទម្លាក់ចោលមិនទុកឱ្យដឹងកន្លែងពេលដាក់ចូលទៅវិញមិនគ្រប់ចំនួនដើរដោះគ្រឿងខ្ចៅចាស់ៗមកដាក់វិញ។
៦. ធ្វើឱ្យបាក់ក្រវ៉ាត់ប៊ីស្តុង ឡានអស់ ១។
៧. ធ្វើឱ្យឆ្លងភ្លើងឆេះកំផ្លេ ឡានអស់ ២។
៨. ធ្វើឱ្យឆេះអាគុយអស់ ១។
៩. ធ្វើឱ្យបាត់ចបកាប់ ២ និងពូថៅ ១។
១០. បើកឡានកិនដែកគោលបណ្តាលឱ្យធ្លាយកង់ឡានអស់ ៤។
១១. ធ្វើឱ្យឆេះស្វានខ្សែភ្លើងអស់មួយ និងបាក់ខួងអស់ ៣។
១២. ធ្វើឱ្យខូចវីស អស់ ១។
១៣. ធ្វើឱ្យខូចក្រឡេបូមទឹកអស់។
១៤. ធ្វើឱ្យខូចស៊ីប៉ាប់អស់ ៣។
១៥. ធ្វើឱ្យខូចស្ន់បសម្រាប់បាញ់ទឹកបែកអស់ ១។
១៦. បានមួលឱ្យដាច់ខ្ចៅគ្រឿងម៉ាស៊ីនអស់ជាច្រើន។
[1] ឯកសារ J00438 ចម្លើយសារភាពរបស់ អ៊ុន ឃន ដែលតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ ឃន ឈ្មោះបដិវត្តន៍ អ៊ុន យន ប្រធានក្រុមឡានទឹក ដែលរងការចោទប្រកាន់ថាជាភ្នាក់ងារ សេ.អ៊ី.អា ក្បត់បដិវត្តន៍។ ឃន បានសារភាពថា ខ្លួនត្រូវបានបុគ្គលឈ្មោះ ជាតិ, ថ និង គីន អូសទាញឱ្យចូលរួមក្នុងអង្គការសម្ងាត់កាលពីឆ្នាំ ១៩៧៦ នៅម្ដុំឫស្សីកែវ តាមរយៈការបំផុសគំនិតប្រៀបធៀបពីភាពខ្វះខាតក្នុងរបបថ្មី និងភាពស៊ីវិល័យក្នុងរបបចាស់។
ក្រោយមក អ៊ុន ឃន បានសហការជាមួយបក្ខពួកដទៃទៀត អនុវត្តផែនការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ រួមមាន៖ ការលបបាញ់ប្រហារ, ការបំផុសកម្លាំងក្បត់ និងសកម្មភាពធ្វើឱ្យខូចខាតគ្រឿងចក្រ ឡានទឹក ព្រមទាំងសម្ភារជាច្រើនមុខក្នុងគោលបំណងផ្តួលរំលំបដិវត្តន៍។
កំណត់ចំណាំ៖ ចម្លើយប្រវត្តិក្បត់ដែលបានឆ្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយរបស់ខ្មែរក្រហម។
អត្ថបទដោយ អេង សុខម៉េង

