របបខ្មែរក្រហមកម្រនឹងមានបាយហូបណាស់

(តាកែវ)៖ ខាត់ សៀង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សៀង ឈឺសាច់ដុំ និងមានបញ្ហាខួរក្បាលដែលកើតឡើងពីការដួលបោកក្បាលខាងក្រោយ ហើយមានជំងឺក្រពះពោះវៀន។
នៅក្នុងរបប លន់ នល់ ការរស់នៅមានភាពភ័យខ្លាច ត្រូវរត់គេចពីគ្រាប់បែក គ្រាប់ប្លោង និងរត់គេចពីការចាប់យកទៅធ្វើជាទាហាន។ នៅរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ សៀង ជីកប្រឡាយ និងលើកទំនប់ នៅក្រាំងតាចាន់រយៈពេលកន្លះខែ។ ខ្មែរក្រហមមិនអនុញ្ញាតឱ្យ សៀង រស់នៅជាមួយកូនរបស់គាត់ឡើយ និងបានជម្លៀសគាត់ទៅនៅវត្តបន្ទាយ ក្រាំងតាចាន់ និងនៅតាមវាលស្រែ។ ក្នុងរបបខ្មែរក្រហម អង្គការបានចាត់ទុក សៀង ជាប្រជាជនមូលដ្ឋាន។ ចំពោះប្រជាជនជម្លៀសពីភ្នំពេញ ក្នុងនោះមានប្អូនរបស់សៀង ម្នា្កក់ដែរ ត្រូវបានអង្គការបញ្ជូនឱ្យទៅស្នាក់នៅ និងធ្វើការងារនៅព្រៃល្វា និងជ្រៃអូរភ្លៅ។
ចំពោះការហូបចុកគឺធ្វើរួមគ្នា, ពេលដល់ម៉ោងបាយ អង្គការបានវាយជួងជាសញ្ញា ហើយប្រជាជនត្រូវទៅយកអាហារនៅកន្លែងរោងបាយ។ សៀង បានបន្តថា នៅក្នុងរបបខ្មែរក្រហមកម្រនឹងមានបាយហូបណាស់ មានតែបបររាវ។ នៅក្នុងរបបនោះ ការព្យាបាលជំងឺឱ្យប្រជាជនមិនសូវមានប្រសិទ្ធិភាពនោះទេ គ្រូពេទ្យមិនសូវមានជំនាញច្បាស់លាស់ គ្មានថ្នាំគ្រប់គ្រាន់ មានតែថ្នាំដែលផ្សំពីរុក្ខជាតិ។ នៅពេលនោះ សៀង អាណិតតែអ្នកដែលមានកូនតូចកើតជំងឺកញ្ជ្រឹលមិនអាចនៅមើលថែកូនបាន ហើយថែមទាំងគ្មានថ្នាំសម្រាប់ព្យាបាលជំងឺ។
ការរៀបការនៅរបបខ្មែរក្រហម គ្មានរៀបចំកម្មវិធីអ្វីទេគ្រាន់តែឱ្យទៅស្នើឬប្រាប់គណៈកងថាពេញចិត្តនរណាម្នាក់ អង្គការពិនិត្យរួចរៀបចំឱ្យ។ នៅពេលរៀបការនោះមិនមែនមានតែមួយគូទេ គឺមានចាប់ពី១០ ដល់១៥គូឡើងទៅ។ ការរៀបការនេះអង្គការគ្រាន់តែឱ្យគូប្ដី-ប្រពន្ធនោះឡើងប្តេជ្ញាចិត្ត បន្ទាប់ពីប្តេជ្ញាចប់ត្រូវទៅសម្រាករៀងខ្លួន។ នៅក្នុងរបបខ្មែរក្រហម សៀង ធ្លាប់បានឃើញអង្គការដឹកមនុស្សតាមរ៉ឺម៉កយកទៅ ហើយដែលមិនដែលឃើញអ្នកទាំងនោះត្រឡប់មកវិញទេ។ នៅក្នុងរបបនោះ គណៈកងម្នាក់ឈ្មោះ មឹម នៅខ្នាររោង ដែលអាណិតប្រជាជន មិនហ៊ានធ្វើបាបតាមបញ្ជារបស់ថ្នាក់លើ ត្រូវបានអង្គការនាំយកទៅវត្តកកោះ ក្រោមការចោទពីបទក្បត់។ សៀង ធ្លាប់បានឮប្រជាជននៅក្នុងសហករណ៍ជាមួយគ្នា និយាយប្រាប់ថា អង្គការយកព្រះពុទ្ធរូបទៅបោះក្នុងទឹកស្រះ ផ្សឹកព្រះសង្ឃដើម្បីឱ្យទៅធ្វើការដូចប្រជាជនធម្មតា។
ក្រោយពីរបបខ្មែរក្រហម បានដួលរលំ សៀង និងប្រជាជនដទៃទៀតបានត្រឡប់ទៅកាន់ផ្ទះសំបែងរៀងៗខ្លួន។ ជាចុងក្រោយ សៀង មានមតិផ្តាំផ្ញើថាដល់ក្មេងជំនាន់ក្រោយគួរគប្បីថែរក្សាសន្តិភាព កុំឱ្យរបបនោះកើតឡើងម្ដងទៀត៕
សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

