ប្រជាជនត្រូវប្រជុំស្វ័យទិតៀនទៅវិញទៅមក
(ស្វាយរៀង) ៖ ម៉ាង សាវ៉ាង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៦ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សាវ៉ាង និយាយថា នៅសម័យ លន់ នល់ ក្នុងភូមិ កណ្តាល តែងមានការទម្លាក់គ្រាប់បែកជាញឹកញាប់។ សាវ៉ាង នៅចាំបានថាថ្ងៃមួយគ្រាប់បែកបានធ្លាក់នៅតំបន់នោះបានបំផ្លាញទ្រព្យសម្បត្តិដូចជា ផ្ទះ និងសម្ភារៈប្រជាជនអស់មួយចំនួន។ គ្រប់ផ្ទះនៅសម័យនោះមានជីករណ្តៅត្រង់សេសម្រាប់ជាជម្រកសុវត្ថិភាពក្នុងការលាក់ខ្លួន ពេលមានការទម្លាក់គ្រាប់បែក។ សាវ៉ាង បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងពេលសម្ភាសន៍កាលពីខែសីហា ឆ្នាំ២០២១ថា គាត់បានឈប់រៀនត្រឹមថ្នាក់ទី៧ ក្នុងសម័យ លន់ នល់ ដើម្បីជួយធ្វើស្រែ ចម្ការ ឪពុក ម្តាយ។ ដោយសារតែនៅពេលនោះស្រុកមានសង្រ្គាម ការសិក្សាមានការលំបាក។
ពេលខ្មែរក្រហមចូលកាន់អំណាច សាវ៉ាង មានកូន២នាក់ កូនទី១ អាយុ៦ឆ្នាំ កូនទី២ អាយុ៣ឆ្នាំ ក្រុមគ្រួសារត្រូវជម្លៀសចេញពីភូមិកំណើត និងពីកន្លែងមួយទៅកន្លែងមួយក្នុងខេត្ត។ ខ្មែរក្រហមបានកំណត់ឲ្យ សាវ៉ាង រស់នៅភូមិឃ្លាំង ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហៅថា សហករណ៍ភូមិឃ្លាំង។ នៅទីនេះ សាវ៉ាង ត្រូវធ្វើការងារ ដក ស្ទូង ជីកព្រែក រែកដី និងលើកទំនប់ នៅតំបន់ដូនស ដល់ទីរួមខេត្តស្វាយរៀង។ សាវ៉ាង មិនបាននៅមើលថែទាំកូនតូចៗទេ។ ក្មេង ៗ ត្រូវនៅជាមួយចាស់ៗក្នុងកងកុមារ។ ចំណែកប្តី ត្រូវឡើងត្នោតយកទឹកដើម្បីធ្វើស្ករសម្រាប់សហករណ៍ រោងបាយ។ ក្នុងសហករណ៍ឃ្លាំង តែងមានកិច្ចប្រជុំដើម្បីធ្វើស្វ័យទិតៀនគ្នាទៅវិញទៅមក។ ម្នាក់ៗអាចរិះគន់ពីគ្នាឲ្យអង្គការស្តាប់។ តាមរយៈស្វ័យទិតៀននេះអង្គការនឹងបានដឹងថា មានប្រជាជនណា មិនសូវសកម្មនឹងការងារត្រូវយកទៅរៀនសូត្រគឺយកទៅសម្លាប់ចោល។ ចំណែករបបអាហារវិញ សាវ៉ាង ដូចប្រជាជនដទៃទៀតដែរ ពីដំបូងហូបបាយ ក្រោយមកប្តូរមកហូបបបរពីរពេលក្នុងមួយថ្ងៃ គឺថ្ងៃត្រង់ និងល្ងាច។ សាវ៉ាង និយាយថាគាត់ហូបមិនដែលឆ្អែតទេក្នុងរបបនោះប៉ុន្តែមិនហ៊ាននិយាយខ្លាចគេយកទៅសម្លាប់។
សារ៉ាង ធ្លាប់ឮគេនិយាយពីការសម្លាប់មនុស្សច្រើននាក់ ដោយទម្លាក់ក្នុងរណ្តៅធំៗ។ នៅក្នុងភូមិតែងតែមានការបាត់ខ្លួនមនុស្សជារឿយៗ។
សាវ៉ាង ធ្លាប់ឃើញសកម្មភាពរៀបការក្នុងរបបខ្មែរក្រហមដែលមានចាប់ពី៥០ ទៅដល់១០០គូ។ បី្ត ប្រពន្ធ ត្រូវរៀបការមកពីតំបន់ផ្សេងៗ។ មួយចំនួនបានស្ម័គ្រចិត្តអ្នកដែលមិនពេញចិត្តក៏មិនហ៊ានប្រកែក។ សារ៉ាង និយាយថា ការរស់នៅក្នុងរបបខ្មែរក្រហម រស់១ថ្ងៃគិត១ថ្ងៃ មិនដឹងថា ថ្ងៃណាត្រូវស្លាប់ទេ ណាមួយហូបមិនគ្រប់គ្រាន់ និងត្រូវយកទៅសម្លាប់។
ក្រោយឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ សាវ៉ាង បានត្រលប់មករស់នៅស្រុកកំណើតវិញ។
បច្ចុប្បន្ន សាវ៉ាង មានជំងឺលើសឈាម និងជំងឺក្រពះពោះវៀន។
សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង