ត្រូវរស់នៅយ៉ាងលំបាកជាមួយកូនតូច៦នាក់

ម៉ែន អាន់ អាយុ៧២ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង អាន់ បានចូលរៀននៅក្នុងវត្តភូមិពោធិ៍ជាមួយព្រះសង្ឃ។ ជារៀងរាល់ថ្ងៃ អាន់ ត្រូវពរប្អូនយកទៅជាមួយដើម្បីមើលថែ និងត្រូវរំពាត់គ្រូជាញឹកញាប់ ប៉ុន្តែគាត់មិនចង់ឈប់រៀននោះទេព្រោះចង់ចេះអក្សរ និងមានចំណេះដឹង ហើយបានធ្វើការជាអ្នកធ្វើការរាជការ ជាគ្រូបង្រៀន ជាអ្នកកាត់ក្ដី ឬជាទាហានរស់នៅទីក្រុងភ្នំពេញ ដូចជាបងប្អូនម្ដាយរបស់គាត់។ អាន់ បានចូលរៀនរហូតដល់ចេះអានអក្សរ និងរាប់លេខមួយចំនួនទើបឈប់។

នៅក្នុងសម័យខ្មែរក្រហម អាន់ មានអាយុជាង៤០ឆ្នាំ និងមានកូនប្រមាណ៦នាក់។ គ្រួសាររបស់អាន់ មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះអង្គការបានចាត់តាំងកូនច្បងរបស់គាត់ទៅក្នុងកងកុមារដើម្បីធ្វើការងារកើបអាចម៍គោជាមួយកុមារផ្សេងទៀត ហើយកូនតូចៗផ្សេងទៀតត្រូវទៅក្នុងមណ្ឌលកុមារ។ នៅក្នុងកងកុមារ អាន់ មានការអាណិតកូនយ៉ាងខ្លាំង ព្រោះគាត់បានឃើញអង្គការបង្ខំឲ្យកូនរបស់គាត់ចេញទៅធ្វើការងារហាលភ្លៀង និងហូបអាហារមិនបានគ្រប់គ្រាន់ ប៉ុន្តែគាត់មិនអាចហាមឃាត ឬប្រឆាំងជាមួយអង្គការបាន។

ថ្ងៃមួយ អាន់ បានឃើញកូនរបស់គាត់រត់ត្រលប់មកផ្ទះវិញ ហើយប្រធានក្រុមកុមារបានមកតាមពីក្រោយ។ នៅពេលជួបប្រធានកង អាន់ បានសុំឲ្យកូនរបស់គាត់សម្រាកនៅផ្ទះមួយយប់ និងធានាថាជូនកូនទៅធ្វើការឲ្យទាន់ពេលវេលា។ ប៉ុន្តែប្រធានកងកុមារបានបដិសេធ ហើយធ្វើការស្ដីបន្ទោសប្ដីប្រពន្ធរបស់អាន់ ដែលមិនចេះអប់រំកូនកុំឲ្យត្រលប់មកផ្ទះវិញ និងបានវាយកូនរបស់គាត់នៅចំពោះមុខ។ អាន់ និងប្ដី មានការអត់ទ្រាំជាមួយប្រធានកងយ៉ាងខ្លាំងស្ទើរតែទប់ចិត្តមិនបាន។

ចំពោះ អាន់ ការរស់នៅក្នុងសហករណ៍ មិនបានសុខស្រួលប៉ុន្មានទេ ព្រោះអង្គការបានដាំបបរមួយខ្ទះ ដាក់អង្ករត្រឹមតែ៣កំប៉ុងប៉ុណ្ណោះ ហើយមួយថ្ងៃបានហូបអាហារត្រឹមពីរពេលគឺ លើកទី១ នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ និងនៅពេលល្ងាចម៉ោង៥។ នៅពេលដល់ម៉ោងហូបអាហារ  អង្គការបានវាយជួងផ្ដល់សញ្ញាឲ្យប្រជាជនឡើងទៅហូបបាយជាក្រុម ដោយមួយតុសមាជិក១០នាក់ ទទួលបានបបរមួយឆ្នាំង និងសម្លបន្លែព្រលឹត ឬត្រកួន លាយជាមួយត្រីបន្តិចបន្តួចមួយចាន។ នៅពេលហូបអាហារ ក្រុមរបស់អាន់ នាំគ្នាដួសទឹកបបរយកមកហុត ហើយកាកបបរនៅបាតឆ្នាំង ត្រូវចែកគ្នាម្នាក់មួយឬពីរវែកយកទៅផ្ទះទុកឲ្យកូនហូបពេលយប់។ ប៉ុន្តែនៅពេលស្រេកឃ្លានខ្លាំង អាន់ បានលួចបូតស្រូវដាក់ក្នុងហោប៉ៅ រួចយកមកលួចបុកក្នុងត្បាលថ្មនៅផ្ទះរួចដាំលាយកាកបបរដែលលាក់ទុកនៅពេលយប់។

បន្ទាប់មក អាន់ បានមានគភ៌ និងបង្កើតបានកូនមានសុខភាពល្អម្នាក់។ នៅពេលសម្រាលកូន អាន់ បានទទួលការជួយពីគ្រូពេទ្យរបស់អង្គការម្នាក់ឈ្មោះ ផាន់ណា ប៉ុន្តែមិនមានថ្នាំផឹក ឬអាំងភ្លើងដូចពីពេលមុននោះទេ។ ទោះបីជាយ៉ាងណា អាន់ បានផឹកទឹកត្នោតត្រាំជាមួយពន្លៃ និងរំដេង កំដៅខ្លួនដែលប្ដីរបស់គាត់បានទៅសុំពីកន្លែងធ្វើស្ករនៅសាលាបុណ្យ។ មួយវិញទៀត អាន់ បានទទួលបាយមួយចាន និងត្រីកន្ធរប្រលាកពីរក្បាលពីអង្គការយកមកអាំងហូប បន្ទាប់ពីសម្រាលកូនរួច ប៉ុន្តែត្រីនោះគាត់មិនបានហូបប៉ុន្មានទេព្រោះនៅពេលដែលអាំងសាច់វាបានជ្រុះចូលភ្លើងអស់។ នៅពេលជ្រុះសាច់ត្រី អាន់ បានយំស្ដាយយ៉ាងខ្លាំង រហូតដល់ឈ្មោះ ស៊ីម ធ្វើការកន្លែងសេដ្ឋកិច្ចមើលឃើញ និងទៅសុំអាហារពីសហករណ៍យកមកឲ្យគាត់ហូបបន្ថែម។

មិនយូរប៉ុន្មាន អាន់ ត្រូវចេញទៅធ្វើការជីកស្រះនៅត្រពាំងណុល និងត្រពាំងធំ ហើយកូនរបស់គាត់ត្រូវយកទៅដាក់ក្នុងមណ្ឌល តាមការចាត់តាំងរបស់អង្គការ។​ នៅពេលជីកស្រះ អាន់ ត្រូវធ្វើការចាប់ពីព្រឹករហូតដល់ម៉ោង១០យប់ ប៉ុន្តែគាត់អាចត្រឡប់ទៅបំបៅកូនបានមួយភ្លែតៗ។ ថ្ងៃមួយ អាន់ បានចេញទៅធ្វើការធម្មតា ប៉ុន្តែកូនរបស់គាត់នៅក្នុងមណ្ឌលបានយំយ៉ាងខ្លាំង ព្រោះមានជំងឺខ្យល់ចូលពោះ ហើយសុខភាពរបស់ក្មេងកាន់តែខ្សោយជាបន្តបន្ទាប់រហូតដល់បាត់បង់ជីវិត ព្រោះថ្នាំព្យាបាលជំងឺ។

នៅដើមខែមករា ឆ្នាំ១៩៧៩ គ្រួសាររបស់អាន់ និងគ្រួសារផ្សេងទៀតបានជិះរទេះចំនួន៣ចេញពីភូមិ។ ​នៅតាមផ្លូវ អង្គការឲ្យប្រជាជនទាំងអស់សម្រាកនៅកន្លែងមួយ និងបានរៀបចំឲ្យប្រជាជនទាំងអស់អង្គុយនៅមុខរណ្ដៅដើម្បីត្រៀមសម្លាប់។ ជាសំណាងល្អ អំឡុងពេលសម្លាប់ ស្ថានភាពចាប់ផ្ដើមចលាចល ព្រោះមានទាហានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយទាហានស្ម័គ្រចិត្តវៀតណាម វាយចូលមកទាន់ពេលវេលា រួចប្រាប់ឲ្យប្រជាជនទាំងអស់វិលត្រលប់ទៅផ្ទះវិញ។

ក្រោយរបបខ្មែរក្រហម អាន់ បានបាត់បង់ប្ដី និងកូនម្នាក់ទៀត ហើយស្ថានភាពគ្រួសាររបស់គាត់កាន់តែលំបាក ព្រោះត្រូវខិតខំរកស៊ីចិញ្ចឹមកូនតូចៗតែម្នាក់ឯង។ នៅពេលផ្ដល់បទសម្ភាសន៍ កូនរបស់ អាន់ បានរៀបការរួចរាល់ទាំងអស់គ្នា ហើយគាត់មានជំងឺលើសឈាម​ និងក្រពះពោះវៀន ដែលជាជំងឺប្រចាំកាយ។ ដើម្បីព្យាបាលជំងឺ អាន់ បានទៅទិញថ្នាំពីពេទ្យឯកជន និងបើកថ្នាំពីមណ្ឌលសុខភាពឃុំយកមកលេបជាប្រចាំ ប៉ុន្តែជំងឺរបស់គាត់មិនទាន់ជាសះស្បើយទាំងស្រុងនោះទេ។

សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin