នៅក្នុងរបបខ្មែរក្រហមគ្មានកន្លែងស្នាក់នៅត្រឹមត្រូវ

(កណ្ដាល) សុខ​ ហ៊ុយ អាយុ៦៦ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហ៊ុយ បានរស់នៅឆ្លងកាត់ជីវិតពោរពេញដោយភាពភ័យរន្ធត់ ការព្រាត់ប្រាស់ និងទារុណកម្មក្នុងរបបខ្មែរក្រហម។

ស្ថិតនៅក្នុងរបប លន់ នល់ ហ៊ុយ និងគ្រួសារ បានភៀសខ្លួនពីស្រុកកំណើតទៅកាន់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧៣ យោធាខ្មែរក្រហម បានវាយលុកកាន់កាប់តំបន់ព្រៃស បង្ខំឱ្យគ្រួសារគាត់ជម្លៀសបន្តទៅភូមិព្រែកត្រឡប់ ស្រុកលើកដែក និងឆ្ពោះទៅផ្សារអ្នកលឿង។ នៅទីនោះ ហ៊ុយ ត្រូវបានចាត់តាំងឱ្យចូលធ្វើការងារនៅក្នុងជួរទាហាន លន់ នល់ បានត្រឹម៤ថ្ងៃប៉ុណ្ណោះ ទីតាំងនោះត្រូវខ្មែរក្រហមវាយកាន់កាប់ទាំងស្រុង ហើយគាត់ត្រូវបែកពីគ្រួសារទៅឈរជើងនៅពពែភ្នំ ចំពេលគ្រួសារត្រូវជម្លៀសទៅខេត្តព្រៃវែង។ លុះដល់ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមគ្រប់គ្រងប្រទេស គាត់បានលួចរត់ចេញពីជួរទ័ព ត្រឡប់មកសង្កាត់ព្រៃស រហូតបានជួបជុំគ្រួសារវិញ ហើយត្រូវយោធាខ្មែរក្រហមដឹកតាមរថយន្តត្រឡប់មកស្រុកកំណើតវិញ។

នៅពេលត្រឡប់មកដល់ស្រុកកំណើតវិញ អង្គការបានចាត់តាំង ហ៊ុយ ឱ្យចូលក្នុងកងយុវជន ដោយបង្ខំឱ្យធ្វើពលកម្មជារៀងរាល់ថ្ងៃដូចជា ធ្វើស្រែ ជីកប្រឡាយ ពង្រាបដី កាប់ឆ្ការព្រៃ លើកទំនប់ និងកាប់គាស់គល់ឈើធំៗ។ ក្រុមយុវជនត្រូវលើកទំនប់ប្រវែង៥០ម៉ែត្រ ទទឹង៣ម៉ែត្រក្នុងមួយថ្ងៃ បើធ្វើមិនទាន់ត្រូវបន្តធ្វើដល់យប់អធ្រាត្រ។ ចំណែកឯ របបអាហារវិញមានភាពខ្សត់ខ្សោយខ្លាំង ដោយទទួលបានត្រឹមបបររាវៗមួយវែក ឬពោតស្ងោរមួយផ្លែក្នុងមួយថ្ងៃ។ ហ៊ុយ បាននិយាយថា ចំពោះកន្លែងស្នាក់នៅ ត្រូវសង់ដោយខ្លួនឯងពីមែកឈើ និងដើមត្រែង ដែលលេចធ្លាយទទឹកនៅរដូវវស្សា បង្កជាទុក្ខវេទនា និងប្រឈមនឹងជំងឺផ្សេងៗ។

បន្ថែមពីលើនេះ គាត់បានជួបប្រទះនូវភាពភ័យរន្ធត់ចិត្តក្រោយបានឃើញនូវអំពើហិង្សាព្រៃផ្សៃលើអ្នកលួចកាច់ពោត និងការវាយកម្ទេចព្រះពុទ្ធប្បដិមានៅវត្តត្រយូ ដើម្បីលុបបំបាត់សាសនា។ ចំពោះផ្នែកសុខភាព អ្នកជំងឺមិនទទួលបានការព្យាបាលបានត្រឹមត្រូវឡើយ ម្យ៉ាងវិញទៀតប្រជាជនត្រូវលាក់បាំងជំងឺ ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។ លុះដល់ឆ្នាំ១៩៧៩ ទើបកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាយរំដោះប្រទេស ធ្វើឱ្យ ហ៊ុយ និងគ្រួសារទទួលបានសេរីភាពឡើងវិញ និងបានត្រឡប់មកស្រុកកំណើត ប្រកបរបរធ្វើស្រែចម្ការមកដល់សព្វថ្ងៃ៕

សម្ភាសន៍ដោយ៖ យុង បញ្ញា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin