យោធាខ្មែរក្រហមបានភ្ជង់កាំភ្លើងឱ្យខ្ញុំចេញពីទីក្រុង

(កណ្ដាល) អុជ ឆុន មានអាយុ៧៧ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នៅក្នុងឆ្នាំ១៩៧០ ឆុន មានអាយុ២២ឆ្នាំ។ ឆុន បានរៀបការជាមួយប្តីដែលបម្រើការជាទាហាន លន់ នល់។ ក្រោយរៀបការ ប្តីរបស់ ឆុន ត្រូវទៅបំពេញភារកិច្ចនៅទីក្រុងភ្នំពេញ។ ប្តីរបស់ ឆុន ត្រឡប់មកផ្ទះវិញម្តងក្នុងចន្លោះពេលពី៣ទៅ៥ខែ។ ឆុន ខិតខំធ្វើស្រែចម្ការ ព្រមទាំងឆ្លៀតពេលធ្វើនំលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។ មកដល់ឆ្នាំ១៩៧២ ឆុន បានសម្រេចចិត្តនាំឪពុកក្មេកដែលកំពុងមានជំងឺទៅរស់នៅជាមួយប្តីនៅទីក្រុងភ្នំពេញ។

នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញ ប្តីរបស់ ឆុន បានចេញទៅបើកប្រាក់ខែទាហាន ហើយពេលនោះយោធាខ្មែរក្រហមបានសម្រុកចូលមកដល់ផ្ទះរបស់ ឆុន។ ឆុន បាននិយាយថា៖ «ខ្មែរក្រហមបានភ្ជង់កាំភ្លើងគំរាមឱ្យខ្ញុំចាកចេញពីទីក្រុងភ្លាមៗ»។ ឆុន បាននាំឪពុកក្មេកចេញពីផ្ទះទាំងភ័យស្លន់ស្លោ។ ចំណែកឯប្តីរបស់ ឆុន ពេលឃើញយោធាខ្មែរក្រហមវាយលុកចូលមក គាត់បានរត់ចូលផ្ទះអ្នកភូមិរួចប្តូរសម្លៀកបំពាក់ទាហានចេញ។ ប្តីរបស់ ឆុន បានស្លៀកតែក្រមាមួយដើម្បីកុំឱ្យយោធាខ្មែរក្រហមចំណាំបាន។ នៅតាមផ្លូវ ឆុន បានឃើញយោធាខ្មែរក្រហមចាប់ចងទាហាន លន់ នល់ ជាជួរនិងដោះសម្លៀកបំពាក់អ្នកទាំងនោះចេញ ហើយបាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ឆុន រួមជាមួយឪពុកក្មេកត្រូវជម្លៀសតាមផ្លូវជាតិលេខ១រហូតដល់កៀនស្វាយក្រៅ។ នៅទីនោះ ឆុន បានជួបប្តីព្រមទាំងបងថ្លៃវិញ។ ឆុន និងគ្រួសារបានព្រមព្រៀងគ្នាធ្វើពុតជាមនុស្សមិនដឹងអី ដើម្បីលាក់បាំងប្រវត្តិជាទាហាន។ អ្នកទាំងបីបានប្រាប់ទាហានខ្មែរក្រហមថាខ្លួនគ្រាន់តែជាអ្នកបើកឡានស៊ីឈ្នួលប៉ុណ្ណោះ។

ក្រោយមក ក្រុមគ្រួសាររបស់ ឆុន បានបន្តដំណើរទៅដល់ភូមិអង្គរជ័យ។ ផ្ទះរបស់ ឆុន ត្រូវភ្លើងឆេះអស់ព្រោះគ្រាប់ប្លោង។ ឆុន ស្នាក់នៅទីនោះបាន៥ថ្ងៃ កើតក្តីភ័យខ្លាចចំពោះការតាមដានរបស់យោធាខ្មែរក្រហម បានសម្រេចចិត្តរត់គេចខ្លួនទៅកាន់ខេត្តព្រៃវែងដើម្បីជួបជុំឪពុកម្តាយបង្កើតរបស់ ឆុន។ រស់នៅព្រៃវែងបានមួយរយៈខ្លី យោធាខ្មែរក្រហមបានជម្លៀស ឆុន ព្រមទាំងប្តីបន្តទៅកាន់ខេត្តពោធិ៍សាត់តាមរថភ្លើង។ នៅខេត្តពោធិ៍សាត់ ឆុន ត្រូវអង្គការបង្ខំឱ្យធ្វើការងារស្រែចម្ការ។ អង្គការបានបំបែក ឆុន ចេញពីប្តី។ នៅក្នុងពេលនោះ ឆុន កំពុងពពោះហើយគាត់រស់នៅក្នុងភាពអត់ឃ្លាន រងការភ័យខ្លាចជាប្រចាំរហូតដល់ពេលសម្រាលកូនរួច។ ក្រោយសម្រាលកូន អង្គការបានចាប់បញ្ជូន ឆុន ព្រមទាំងប្រជាជនដទៃទៀតចូលព្រៃដើម្បីសម្លាប់ចោល ព្រោះដឹងថាកងទ័ពរំដោះកំពុងវាយរុលចូលមក។ សំណាងល្អ កងទ័ពរំដោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានមកជួយសង្គ្រោះទាន់ពេលវេលា។

ចំណែកប្តីរបស់ ឆុន ត្រូវបានយោធាខ្មែរក្រហមចាប់ចងជាជួរបាញ់សម្លាប់។ ប្តីរបស់ ឆុន ត្រូវគ្រាប់កាំភ្លើងចំជើងឆ្វេងមិនបានប៉ះពាល់ដល់អាយុជីវិតឡើយ។ ពេលយោធាខ្មែរក្រហមដើរចេញ ប្តីរបស់ ឆុន បានរត់គេចខ្លួន និងជួបជាមួយនឹងបុរសម្នាក់បានជួយព្យាបាលរបួសរហូតជាសះស្បើយ។ បន្ទាប់មក ប្តីរបស់ ឆុន បានចេញដំណើរដើរស្វែងរកប្រពន្ធរបស់ខ្លួនគ្រប់ទីកន្លែង។ ប្តីរបស់ ឆុន បានទទួលដំណឹងពីអ្នកដំណើរថា ឆុន នៅមានជីវិត។ ការណ៍នេះធ្វើឱ្យប្តីរបស់ ឆុន រីករាយយ៉ាងខ្លាំង បន្តដំណើរទៅខេត្តព្រៃវែងដើម្បីជួបជុំប្រពន្ធវិញ។ គ្រួសាររបស់ ឆុន បានរស់នៅខេត្តព្រៃវែងមួយរយៈ ទើបសម្រេចចិត្តវិលត្រឡប់មករស់នៅភូមិអង្គរជ័យ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងប្រកបរបរធ្វើស្រែចម្ការរហូតដល់បច្ចុប្បន្ន។

សម្ភាសន៍ដោយ៖ យុង បញ្ញា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin