ក្បឿងជាក្ដារ ដីឥតជាដីស

(កណ្ដាល) ប្រាក់ ពេជ្រ មានអាយុ៥៩ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ពេជ្រ មានបញ្ហាឈឺសន្លាក់ដៃជើង និងចុកឆ្អឹងដៃជើងជាប្រចាំ។

នៅក្នុងឆ្នាំ១៩៧៣ នៅតំបន់ដែល ពេជ្រ រស់នៅមានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោង។ តំបន់ដែលទទួលរងការទម្លាក់គ្រាប់ខ្លាំង គឺជាតំបន់ព្រៃភ្នំ និងទន្លេ ជាកន្លែងដែលសង្ស័យថាមានកងទ័ពវៀតណាមខាងជើងរស់នៅទីនោះ។ ផលប៉ះពាល់នៃឥទ្ធិពលរបស់គ្រាប់បែកដែលទម្លាក់ បានប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងសត្វពាហនៈ មួយចំនួនដែលរស់នៅក្នុងតំបន់នោះ។

ពេជ្រ បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅរស់នៅសហករណ៍នៅតំបន់វត្តកោះចង្រ្កម ប្រមាណពីរខែ។ កុមារដែលរស់នៅក្នុងភូមិរបស់គាត់ត្រូវបានបំបែកចេញពីឪពុកម្ដាយ រួចយកទៅដាក់ឱ្យស្នាក់នៅវត្តកោះចង្រ្កម។

ពេជ្រ បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម បានសាងសង់កន្លែងមួយសម្រាប់ធ្វើទារុណកម្ម និងសម្លាប់អ្នកទោស។ ស្ថិតក្នុងពេលកំពុងសាងសង់ ខ្មែរក្រហមបានហាមប្រាមមិនឱ្យកុមារចូលទៅក្នុងទីនោះឡើយ ដោយកុហកថាមានសត្វពស់ធំមួយកំពុងរស់នៅក្នុងនោះ។

នៅក្នុងរបបខ្មែរក្រហម បងប្រុសរបស់ពេជ្រ ឈ្មោះ កេត ព្រមទាំងសមាជិកគ្រួសារចំនួនប្រាំនាក់ទៀត ត្រូវបានអង្គការជម្លៀសទៅឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមាជិកគ្រួសារនោះ ត្រូវបានខ្មែរក្រហមសម្លាប់ចោលនៅសល់បងថ្លៃរបស់ ពេជ្រ ម្នាក់ប៉ុណ្ណោះដែលមានជីវិតត្រឡប់មកស្រុកកំណើតវិញ។ ក្រៅពីនោះ បងប្រុសរបស់ ពេជ្រ ម្នាក់ទៀត ជានិស្សិតមហាវិទ្យាល័យ ត្រូវបានអង្គការនាំខ្លួនទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។ ពេជ្រ បានបញ្ជាក់បន្ថែមថា នៅក្នុងរបបនោះ គឺសម្លាប់មនុស្សស្លូតត្រង់អស់ជាច្រើននាក់ ដោយសារការចងកំហឹង និងហេតុផលផ្សេងៗទៀត។ ប្រជាជនមួយចំនួន ត្រូវបានអ្នកមានអំណាចចាប់យកទៅសម្លាប់ដោយសាមីខ្លួន និងអ្នកជុំវិញខ្លួនមិនដឹងអំពីទោសកំហុសអ្វីទាំងអស់។

ពេជ្រ បាននិយាយថានៅក្នុងរបបខ្មែរក្រហម កុមារទាំងអស់រៀនអក្សរបានតិចតួចបំផុត។ នៅក្នុងរបបនោះ សាលារៀនត្រូវបានវាយបំផ្លាញចោល ឬយកទីតាំងសាលាធ្វើអ្វីផ្សេង ហើយសិស្សត្រូវរៀននៅក្រោមដើមឈើ ឬក្រោមផ្ទះរបស់ប្រជាជន ហើយមិនមានសម្ភាររៀនសូត្រឡើយ យកក្បឿងប្រក់ផ្ទះមកសរសេរអក្សរជំនួសក្ដារឆ្នួន និងដីឥដ្ឋរឹងៗជំនួសដីស។ ក្នុងពេលនោះ មិនមែនត្រឹមតែសាលារៀននោះទេ វត្តអារាម និងព្រះពុទ្ធប្បដិមា ត្រូវបានវាយបំផ្លាញចោល។

ពេជ្រ បានលើកឡើងថា ចំពោះរបបអាហារ នៅក្នុងរបបខ្មែរក្រហម ប្រជាជនដែលរស់នៅក្នុងសហករណ៍ជាមួយ ពេជ្រ គឺបានហូបតែបបររាវប៉ុណ្ណោះ។ ពេជ្រ បានបន្តថា ខ្មែរក្រហមបាននាំប្រជាជនយកទៅសម្លាប់ ហើយបានប្រើហេតុផលថា ប្ដូរការដ្ឋានធ្វើការងារ។ ប្រជាជនដែលនាំខ្លួនទៅទាំងអស់ មិនដែលបានឃើញត្រឡប់មកសហករណ៍វិញឡើយ។

សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin