កំណត់ហេតុប្រវត្តិ ចាប់ វឿន ហៅស្រ៊ាន សមាជិកវរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤

ចាប វឿន ហៅ ស្រ៊ាន អាយុ ២៥ ឆ្នាំ មុនពេលចាប់ខ្លួនមាននាទីជាសមាជិកវរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤ ភូមិភាគកណ្តាល។ ស្រ៊ាន មានស្រុកកំណើតនៅភូមិម្សាគ្រង ឃុំម្សាគ្រង ស្រុកស្ទោង ខេត្តកំពង់ធំ។[1]
ស្រ៊ាន បានរៀនសូត្រដល់ថ្នាក់ទី១១ នៅសាលាវត្តស្ពឺ ស្រុកស្ទោង។ ក្រោយពីឈប់រៀន គាត់បាននៅជួយការងារស្រែចម្ការរបស់ឪពុកម្តាយ។ នៅឆ្នាំ១៩៧១ ស្រ៊ាន បានចូលធ្វើជាឈ្លបនៅមន្ទីរសង្កាត់ម្សាគ្រង ក្រោមការគ្រប់គ្រងរបស់ឈ្មោះ សើរ អនុប្រធានសង្កាត់ម្សាគ្រង, ឈ្មោះ ធត ប្រធានសង្កាត់ម្សាគ្រង, ឈ្មោះ ធត ប្រធានឈ្លបសង្កាត់ម្សាគ្រង និងឈ្មោះ សល់ ប្រធានមន្ទីរសង្កាត់ម្សាគ្រង។
នៅពេលនោះ ស្រ៊ាន មាននិស្ស័យចូលចិត្តដើរលេង សើចក្អាកក្អាយ និងសេពគប់មិត្តភក្តិខាងពាលាអាវ៉ាសែ។ នៅពេលឃើញដូច្នេះ ឈ្មោះ សើរ បានអប់រំ ស្រ៊ាន អំពីការរស់នៅក្នុងបដិវត្តន៍ ដែលលំបាក គ្មានសិទ្ធិសេរីភាព និងបានលើកឡើងអំពីបុណ្យសក្ដិ និងមុខតំណែង។ សើរ បានប្រាប់ថា ប្រសិនបើធ្វើតាមខ្លួន នាពេលអនាគតនឹងមានតំណែងខ្ពស់។ ក្រោយពីអប់រំរួច សើរ បានបញ្ចូល ស្រ៊ាន ជាសមាជិក សេ.អ៊ី.អា. ដោយមានឈ្មោះ សល់ ជាអ្នកទទួលស្គាល់។ សមាជិក សេ.អ៊ី.អា. មានភារកិច្ចបំផុសប្រជាជនឱ្យប្រឆាំងមាគ៌ាបក្ស និងកសាងកម្លាំង សេ.អ៊ី.អា.។ ក្រោយពីចូលជាសមាជិក សេ.អ៊ី.អា. ស្រ៊ាន បានទាក់ទងជាមួយឈ្មោះ សើរ, ធត, ណាក់, ណៃ និង វឿន ដើម្បីធ្វើសកម្មភាពបំផុស និងប្រមូលកម្លាំងប្រជាជននៅភូមិបត់ត្រង់ ភូមិគោកទ្រា និងភូមិកំពង់ប្រងំ ដែលមានសមាសភាពជាកសិករ គ្រូបង្រៀន និងប្រជាជនទូទៅ ឱ្យចូលរួមជាកម្លាំងត្រៀមធ្វើបាតុកម្មវាយយកស្រុកស្ទោង និងដណ្តើមរដ្ឋអំណាចពីបដិវត្តន៍។ ប៉ុន្តែផែនការនេះមិនបានសម្រេចឡើយ ដោយសារនៅសង្កាត់ចំណារខាងកើត មានការបះបោររបស់ប្រជាជន ហើយអង្គការបានរៀបចំផែនការចាប់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធ។
ក្រោយមក អង្គការបានដកឈ្មោះ សើរ និង ឡិប ទៅសង្កាត់ផ្សេង ចំណែកឈ្មោះ ធត ត្រូវបានបញ្ជូនទៅសមរភូមិមុខ ហើយឈ្មោះ សល់ ត្រូវបានដាក់ឱ្យនៅមន្ទីរស្រុកស្ទោង។ ចំណែកឈ្លបសង្កាត់ម្សាគ្រង ត្រូវបានអង្គការរំសាយមួយរយៈ។ ស្រ៊ាន ក៏បានត្រឡប់ទៅផ្ទះវិញ។ មុនពេលត្រឡប់ទៅផ្ទះ ស្រ៊ាន បានប្រជុំជាមួយ ណាក់, ណៃ និង វឿន ដើម្បីរៀបចំផែនការបន្តសកម្មភាព ដោយកំណត់ឱ្យប្រមូលកម្លាំងប្រជាជនឱ្យបានច្រើន និងត្រូវរាយការណ៍ទៅឈ្មោះ សល់ ដើម្បីរៀបចំផែនការដណ្តើមរដ្ឋអំណាចពីបដិវត្តន៍ម្តងទៀត។ ក្នុងសកម្មភាពនេះ ស្រ៊ាន, ណាក់, ណៃ និង វឿន បានកសាងកម្លាំងបានចំនួន ៥ នាក់ រួមមាន ឈ្មោះ ឡន អតីតគ្រូបង្រៀន, គឹម អតីតជំទប់ទី១, ហោ កសិករ, គាត កសិករ និង ចន កសិករ។ ខ្លឹមសារអប់រំមានលក្ខណៈដូចសមាជិក សេ.អ៊ី.អា. ផ្សេងៗទៀត។ នៅខែសីហា ឆ្នាំ១៩៧២ ឈ្មោះ សល់ ត្រូវបានផ្លាស់ពីតួនាទីជាប្រធានមន្ទីរស្រុកស្ទោង មកធ្វើជាប្រធានមន្ទីរសង្កាត់ម្សាគ្រងវិញ។ ស្រ៊ាន បានទាក់ទងជាមួយ សល់ ហើយ សល់ បានណែនាំឱ្យគាត់បន្តបង្កប់ខ្លួនក្នុងជួរបដិវត្តន៍ និងខិតខំប្រមូលកម្លាំងបន្ថែមទៀត។
នៅខែកុម្ភៈ ឆ្នាំ១៩៧៣ ស្រ៊ាន បានមកបង្កប់ខ្លួននៅក្នុងអង្គភាពវរសេនាតូច៣១២ នៃភូមិភាគឧត្តរ ហើយបានភ្ជាប់ទំនាក់ទំនងជាមួយឈ្មោះ ឌឿន អតីតកម្មករសេរីនៅខេត្តស្វាយរៀង។ ក្រោយពីភ្ជាប់ទំនាក់ទំនងរួច ឌឿន បាននាំ ស្រ៊ាន ទៅផឹកទឹកត្នោតជូរនៅភូមិត្រាំខ្លា ខេត្តកំពង់ធំ និងបានអប់រំគាត់ដោយលើកឡើងអំពីឥទ្ធិពលរបស់ខ្មាំង ដែលមានកម្លាំងខ្លាំង និងមានយន្តហោះ បេ-៥២ ខណៈបដិវត្តន៍មានកម្លាំងខ្សោយ និងមិនអាចយកឈ្នះបានឡើយ។ ឌឿន បានណែនាំឱ្យ ស្រ៊ាន ប្រឆាំងបដិវត្តន៍ និងអះអាងថា ខ្លួនមានមេកម្លាំង សេ.អ៊ី.អា. ឈ្មោះ សី ដែលមាននាទីជាប្រធានកងពល១៧៤។ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ១៩៧៣ នៅសមរភូមិនៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម ស្រ៊ាន បានចូលរួមជាមួយ ឌឿន, ឆែម, វ៉ាត, ស៊ិន, ហុក, វឿន និង ណែម បានធ្វើសកម្មភាពបំផុសយុទ្ធជនឱ្យរត់ទៅផ្ទះចំនួន ៥០ នាក់ ដោយលើកឡើងអំពីការលំបាករបស់បដិវត្តន៍ និងឥទ្ធិពលខ្លាំងរបស់ខ្មាំង។
នៅពេលការប្រយុទ្ធមានសភាពខ្លាំង ស្រ៊ាន និងបក្ខពួក ដែលស្ថិតក្រោមការបញ្ជារបស់ វឿន និង ដួង បានដកទ័ពរត់ចោលខ្សែត្រៀមចំនួន ៣ លើក បណ្ដាលឱ្យខ្មាំងចាប់បានកម្លាំងបដិវត្តន៍ចំនួន ៦ នាក់ និងបាញ់សម្លាប់អស់ ១៥ នាក់។ បន្ថែមពីនេះកម្លាំង សេ.អ៊ី.អា. បានដើរបាញ់អុកឡុកនៅតាមមូលដ្ឋានក្នុងឃុំដួនដំ, ឃុំផ្តៅជុំ និងឃុំទ្រាន ធ្វើឱ្យប្រជាជនមានការព្រួយបារម្ភ និងបាត់បង់ជំនឿលើបដិវត្តន៍។ នៅខែសីហា ឆ្នាំ១៩៧៣ ឈ្មោះ វឿន បានចាត់តាំង ស្រ៊ាន ឱ្យទាក់ទងជាមួយកម្លាំង សេ.អ៊ី.អា. ដែលជាខ្សែរបស់ខ្លួន រួមមាន ឈ្មោះ វន ប្រធានកងតូច, ឡេ សមាជិកវរសេនាតូច៧០៤, ស្រ៊ាន ប្រធានកងតូច, ថាល ប្រធានកងធំ, ង៉ោន យុទ្ធជនឆ្នាំ១៩៧០, គ្រុត អតីតទាហាន និង ឈាន យុវជនកងធំទី៤ វរសេនាតូច៧០២។ នៅដើមឆ្នាំ១៩៧៤ អង្គការបានដក ដួង ពីអង្គភាពកងធំទី១ វរសេនាតូច៧២១ ទៅបម្រើការនៅផ្នែកនគរបាលវរសេនាតូច នៃតំបន់សៀមរាប។ ក្នុងពេលនោះ សី បានចាត់តាំង វឿន និង ស្រ៊ាន ឱ្យទាក់ទងជាមួយឈ្មោះ ស៊ិន ប្រធានកងធំទី១, ឡុង សមាជិកកងធំ និង ឡាញ់ នាទីសិស្សព្រៃទទឹង។ តាមចម្លើយសារភាព ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. ត្រូវបានចាត់តាំងឱ្យធ្វើសកម្មភាពក្នុងសមរភូមិសៀមរាប ដោយបានដកទ័ពចោលខ្សែត្រៀម ដែលនាំឱ្យខ្មាំងរំដោះបានចំនួន ៣ ឃុំ ក្នុងស្រុកសូទ្រនិគម។ នៅខែតុលា ឆ្នាំ១៩៧៤ ឡេ និង វឿន បានចាត់តាំង ស្រ៊ាន ឱ្យទាក់ទងជាមួយកម្លាំង សេ.អ៊ី.អា. ចំនួន ៥ នាក់ រួមមាន វ៉ន សមាជិកវរសេនាតូច៧០៩, យឿន កម្មករ, ថៃ សមាជិកវរសេនាតូច, ណេន ប្រធានកងតូច និង គន សមាជិកកងធំវរសេនាតូច។ អ្នកទាំង ៥ នាក់ មានភារកិច្ចកម្ទេចកម្មាភិបាល និងយុទ្ធជននៅលើសមរភូមិ បំផុសយុទ្ធជនក្នុងអង្គភាពឱ្យរត់មកផ្ទះ និងទាក់ទងសក្ដិ៥ គឹមសាន នៅបន្ទាយវាលវង់ ដើម្បីឱ្យទ័ពព័ទ្ធវាយកម្ទេចកម្លាំងបដិវត្តន៍។ លើសពីនេះ កម្លាំង សេ.អ៊ី.អា. ត្រូវធ្វើសកម្មភាពលួចដុតស្រូវរបស់ប្រជាជននៅសង្កាត់ឃុំស្រិត អស់មួយជង្រុក ស្មើនឹង ៣០០ ថាំង ដោយធ្វើនៅពេលយប់។
នៅឆ្នាំ១៩៧៥ មុនថ្ងៃរំដោះ ស្រ៊ាន ត្រូវបានចាត់តាំងជាប្រធានក្រុមទទួលផែនការពីឈ្មោះ វឿន និង ដួង នៅឃុំលលួស ស្រុកសូទ្រនិគម។ អ្នកចូលរួមប្រជុំមានចំនួន ៥ នាក់ គឺ គន, យឿន, ណេន, វ៉ន និង ឆែម។ ខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើការកម្ទេចកម្មាភិបាល និងយុទ្ធជននៅលើសមរភូមិ ជាដើម។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការបានរៀបចំកង១១៧ របស់ភូមិភាគឧត្តរ ដោយចាត់តាំងឈ្មោះ សី ជាអនុសេនាកងពល និងឈ្មោះ វ៉េង ជាយោធាកងពល។ ឈ្មោះ លី ទទួលបន្ទុកភស្តុភារកងពល, ឈ្មោះ ហោះ ជាសមាជិកកងពល, ដួង មាននាទីនៅវរសេនាធំទី៣, រៀប ជាសមាជិកវរសេនាធំទី៣, វឿន មាននាទីនៅវរសេនាតូច៣០៩, សែន ជាភស្តុភារវរសេនាតូច៣០៩, ម៉េង ជាសមាជិកវរសេនាតូច៣០៩ និង ស្រ៊ាន ជាសមាជិកកងតូចនៅវរសេនាតូច៣០៩។ នៅពេលនោះ ស្រ៊ាន បានទាក់ទងភ្ជាប់ខ្សែចាស់ជាមួយ ដួង ហើយតាមរយៈ ដួង និងស្រ៊ាន បានភ្ជាប់ទំនាក់ទំនងជាមួយកម្លាំង សេ.អ៊ី.អា. ចំនួន ៥ នាក់ រួមមាន៖ ឈួន សមាជិកវរសេនាតូច៣០១, បេ ភស្តុភារវរសេនាតូច៣០១, ម៉េង អនុលេខាវរសេនាតូច៧០៣ កងពល១៧៤, អ៊ាល សមាជិកវរសេនាតូច៧០២ និង វ៉ាត លេខាវរសេនាតូច៧០៤។ អ្នកទាំង ៥ នាក់ បានធ្វើសកម្មភាពបំភ្លៃមាគ៌ាក្នុងពេលស្ទូងស្រូវ ដោយស្ទូងស្រូវបញ្ឈរគល់សន្ទូងចូលក្នុងដី និងស្ទូងរង្វើលៗ។ លុះពេលស្រូវកំពុងចេញផ្លែ ស្រ៊ាន, ឆែម, វ៉ាត, ឡេ និង ឈួន បានកាប់ទំនប់ប្រព័ន្ធភ្លឺស្រែ បង្ហូរទឹកចេញ ធ្វើឱ្យស្រូវខូចខាតអស់ចំនួន ១០ ហិកតា នៅឃុំក្រឡា ស្រុកកំពង់សៀម។
នៅខែតុលា ឆ្នាំ១៩៧៥ ស្រ៊ាន, វ៉ាត, បេ, ម៉េង, ឆែម, ឡេ, ស៊ិន, ហុក និង ណេន បានមកទទួលផែនការ។ ខ្លឹមសារផែនការរួមមាន ការបំផ្លាញកម្លាំងបដិវត្តន៍ បំផ្លាញស្រូវ និងដំណាំផ្សេងៗ កសាងកម្លាំង សេ.អ៊ី.អា. បន្ថែម ព្រមទាំងរៀបចំផែនការវាយយកក្រុងកំពង់ចាម។ នៅខែធ្នូ ឆ្នាំ១៩៧៥ ស្រ៊ាន, វឿន, សែម, វ៉ាត, ឡេ, ឆែម, ម៉េង, ថៃ និង អ៊ាល បានធ្វើសកម្មភាពរៀបចំកម្លាំងនៅក្នុងអង្គភាពវរសេនាតូច៣០៩ រួមជាមួយកម្លាំង សេ.អ៊ី.អា. មួយចំនួន ដើម្បីវាយចូលក្រុងកំពង់ចាម។ តាមផែនការ កម្លាំងមួយផ្នែកត្រូវវាយចេញពីជ្រុងខាងជើងក្រុង តាមអង្គភាពវរសេនាតូច៣០៤ ហើយចូលទៅកាន់កណ្តាលក្រុងកំពង់ចាម។ ប៉ុន្តែផែនការនេះមិនបានសម្រេចទេ ដោយសារបែកការណ៍ ហើយអង្គការបានចាប់ខ្លួនឈ្មោះ សាន និង ហេង។ បន្ទាប់ពីផែនការបរាជ័យ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានរំសាយត្រឡប់ទៅតាមអង្គភាពរៀងៗខ្លួនវិញ។ នៅខែមករា ឆ្នាំ១៩៧៦ អង្គការបានចាត់តាំងអង្គភាពវរសេនាធំទី៣ ឱ្យទៅធ្វើស្រែនៅភាគខាងលិចខេត្តកំពង់ចាម។ នៅពេលនោះ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានចូលរួមធ្វើសកម្មភាពបំផ្លាញពោតអស់ចំនួន ៨ ហិកតា ដោយមិនដាំដុះតាមផែនការរបស់អង្គការ។ កម្លាំង សេ.អ៊ី.អា. ក៏បានបំភ្លៃមាគ៌ារបស់អង្គការផងដែរ ដោយណែនាំឱ្យកាប់សម្អាតស្មៅ និងស្លឹកចេកនៅព្រែកដើមចាន់ ស្រុកកំពង់សៀម។ ស្រ៊ាន បានដឹកនាំយុវជនកាប់បំផ្លាញកូនដើមចេកអស់ ដោយទុកតែដើមធំៗប៉ុណ្ណោះ។ បន្ទាប់មក ឈ្មោះ ដួង បានបញ្ជាឱ្យ វឿន និងកម្លាំង សេ.អ៊ី.អា. រួមមាន រុន ប្រធានកងធំនៅវរសេនាតូច៧០៩ កងពល១៧៤, ឌឿន ភស្តុភារកងធំវរសេនាតូច៧០៩, ស្រ៊ាន, ឆែម, វ៉ាត, ឈួន, ណេន, បេ និង ឡេ រួមគ្នាធ្វើសកម្មភាពអុកឡុក ដោយដើរបាញ់បង្អើលអ្នកយាមនៅរោងយាមកំពង់ផែកំពង់ចាមជាញឹកញាប់។ នៅខែមេសា ឆ្នាំ១៩៧៦ នៅព្រែកដើមចាន់ ស្រ៊ាន, ឆែម, វ៉ាត, បេ, ឈួន, ណេន, អុល, ជុំ, ឌឿន, រុន និង ឡេ បានទទួលផែនការពី រឿន, ដួង និង សែម ដើម្បីកសាងកម្លាំងនៅក្នុងអង្គភាពទ័ព សម្រាប់ត្រៀមវាយយកក្រុងកំពង់ចាម និងកំពង់ធំ ព្រមទាំងបន្តបំផ្លាញកម្លាំងបដិវត្តន៍។ ក្រោយពេលទទួលផែនការ នៅពេលលើកប្រព័ន្ធភ្លឺស្រែនៅភាគខាងលិចក្រុងកំពង់ចាម ស្រ៊ាន បានណែនាំយុទ្ធជនឱ្យបំផ្លាញផែនការរបស់អង្គការ។ នៅពេលស្ទូងស្រូវ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានបង្ហូរទឹកចោល។ ចំពោះស្រូវដែលក្រហមជិតរលួយ ពួកគេបានបិទទឹកទុកឱ្យរលួយខូចអស់ប្រមាណ ១០ ហិកតា និងរារាំងមិនឱ្យយុវជនបោចស្មៅ។
នៅខែកញ្ញា ឆ្នាំ១៩៧៦ ដួង បានចាត់តាំង ស្រ៊ាន, ឆែម និង វ៉ាត ឱ្យទៅស៊ើបពិនិត្យឃ្លាំងអាវុធ និងឃ្លាំងគ្រាប់នៅក្នុងបន្ទាយស៊ប់ ក្រុងកំពង់ចាម ដើម្បីរៀបចំកម្លាំងវាយយកក្រុងកំពង់ចាមជាលើកទី២។ បន្ទាប់ពីស៊ើបការណ៍រួច ស្រ៊ាន, ឆែម និង វ៉ាត បានត្រឡប់មករាយការណ៍ជូន ដួង ដើម្បីរៀបចំកម្លាំងត្រៀមវាយ។ ផែនការនោះត្រូវបានបែងចែកជា ៧ មុខសញ្ញា៖
- មុខសញ្ញាទី១ វរសេនាតូច៣០៩ មាន វ៉ាត និង សែម ដឹកនាំវាយពីខាងត្បូងតាមមាត់ទន្លេចូលក្រុងកំពង់ចាម។
- មុខសញ្ញាទី២ វរសេនាតូច៣០៨ មាន ហេង និង ញ៉េម ដឹកនាំវាយពីខាងលិចចូលក្រុងកំពង់ចាម។
- មុខសញ្ញាទី៣ កាំភ្លើងធំវរសេនាតូច៦០២ មាន យន និងមនុស្សម្នាក់ទៀត (ដែលអង្គការបានចាប់ខ្លួន) ដឹកនាំផ្នែកកាំភ្លើងធំ នៅខាងលិចវត្តអង្គរ។
- មុខសញ្ញាទី៤ វរសេនាតូច៣០៥ មាន ហំ និង ពេជ (អង្គការចាប់ខ្លួន) ដឹកនាំវាយពីជ្រុងខាងលិចឈៀងខាងជើង ចូលក្រុងកំពង់ចាម។
- មុខសញ្ញាទី៥ វរសេនាតូច៣១១ មាន សែ និង រាប (អង្គការចាប់ខ្លួន) ដឹកនាំវាយពីខាងជើង ចូលក្រុងកំពង់ចាម។
- មុខសញ្ញាទី៦ វរសេនាតូច៣០៤ មាន វ៉ាង និង អិន (អង្គការចាប់ខ្លួន) ដឹកនាំវាយពីខាងកើត ចូលក្រុងកំពង់ចាម។
- មុខសញ្ញាទី៧ វរសេនាតូច៣០២ មាន សារ៉ាយ និង មួន (អង្គការចាប់ខ្លួន) ដឹកនាំវាយពីខាងកើត ចូលក្រុងកំពង់ចាម។
កម្លាំងទាំងនេះស្ថិតក្រោមការបញ្ជារបស់ វ៉េង, ស៊ីម, ដួង, រាប, ហំ និង សារ៉ាយ ដែលជាកម្មាភិបាលនៅកងពល១១៧ (បច្ចុប្បន្នកងពល១៧៤)។ ប៉ុន្តែផែនការនេះមិនបានសម្រេចឡើយ ដោយអង្គការបានចាប់ខ្លួនកម្លាំង សេ.អ៊ី.អា. មួយចំនួនជាមុន។ បន្ទាប់មក អង្គភាពវរសេនាធំទី៣ បានចុះទៅធ្វើស្រែនៅបឹងស្នាយ ស្រុកកំពង់សៀម។ នៅទីនោះ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. ដែលនៅសេសសល់ បានបន្តធ្វើសកម្មភាពបំភ្លៃផែនការរបស់បក្ស ដោយណែនាំយុវជនឱ្យស្ទូងស្រូវរង្វើលៗ។ ស្រ៊ាន បានប្រាប់ឱ្យស្ទូងស្រូវញឹកពេក រហូតសន្ទូងបែកគុម្ព ស្រូវស្កក និងខូចខាតអស់ប្រមាណ ១៥ ហិកតា។
នៅខែមេសា ឆ្នាំ១៩៧៧ អង្គភាពរបស់ ដួង បានត្រឡប់ពីខេត្តកំពង់ធំ មកកាន់ខេត្តកំពង់ចាមវិញ។ វ៉ាត និង សែម បានចាត់តាំង ស្រ៊ាន ឱ្យទទួលបន្ទុកផ្នែកភស្តុភារកងធំ ហើយឱ្យទាក់ទងជាមួយខ្សែរបស់ពួកគេ រួមមាន អ៊ី, ហ៊ួយ និង សួរ ដើម្បីសហការជាមួយ ឆែម, វ៉ាត, ឡេ, ណេន, ជុំ, អុល, ហុក និងស៊ិន។ គោលដៅនៃការសហការគ្នានោះ គឺពង្រឹងកម្លាំងសម្រាប់ធ្វើសកម្មភាពបំផ្លាញបដិវត្តន៍ ដូចជាបំផ្លាញស្រូវ និងដំណាំយុទ្ធសាស្ត្រ បំភ្លៃមាគ៌ាបក្ស និងរៀបចំផែនការវាយបក្សនៅខែកញ្ញា ឆ្នាំ១៩៧៧។ នៅខែឧសភា ឆ្នាំ១៩៧៧ ស្រ៊ាន, ឡេ និង ឆែម បានកសាងកម្លាំងបានចំនួន ៣ នាក់ គឺ ពេជ ប្រធានកងធំនៅវរសេនាតូច៧០២, រីម សមាជិកកងធំវរសេនាតូច៧០២ និង រ៉ាន់ ប្រធានក្រុម។ ស្រ៊ាន បានអប់រំអ្នកទាំងបីអំពីការលំបាក និងភាពតឹងតែងនៃជីវភាពក្នុងបដិវត្តន៍ ការធ្វើការដោយគ្មានពេលសម្រាក ការហូបចុកមិនគ្រប់គ្រាន់ និងបានណែនាំឱ្យត្រៀមលក្ខណៈសម្រាប់ធ្វើសកម្មភាពប្រឆាំងបដិវត្តន៍នៅថ្ងៃខាងមុខ។
នៅខែកក្កដា ឆ្នាំ១៩៧៧ អង្គការបានចាត់តាំងកម្លាំងក្នុងកងពល១៧៤ ចំនួន ៦០ នាក់ ឱ្យទៅធ្វើការបោសសម្អាតខ្មាំងនៅស្រុកចំការលើ តំបន់៤២ ខេត្តកំពង់ចាម។ នៅពេលនោះ អង្គការបានចាត់តាំង ស្រ៊ាន, អ៊ាល និង គន ឱ្យទៅសហការជាមួយឈ្មោះ រៀប ដែលជាយោធានៅវរសេនាធំ៦០១ កងពល១៧៤ (ក្រោយមកអង្គការបានចាប់ខ្លួន)។ ពេលនោះ ស្រ៊ាន ត្រូវបានចាត់តាំងឱ្យទាក់ទងជាមួយខ្សែរបស់ រៀប រួមមាន ឈ្មោះ រៀម ជាសមាជិកវរសេនាតូច៧០៤, សៅ ជាប្រធានសេដ្ឋកិច្ចវរសេនាតូច៣១១, ហ៊ាន ជាប្រធានកងធំវរសេនាតូច៧០១ និង ញ៉ក់ ជាសមាជិកវរសេនាតូច។ អ្នកទាំងអស់គ្នាបានសហការធ្វើសកម្មភាពបំផ្លាញមាគ៌ារបស់បក្ស ប៉ុន្តែដោយសារបែកការសម្ងាត់ អង្គការបានចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួន។ ចំពោះ ស្រ៊ាន វិញ អង្គការមិនបានចោទប្រកាន់នៅពេលនោះទេ។ ក្រោយមក ស្រ៊ាន, អ៊ាល និង គន បានបន្តសកម្មភាព ដោយទាក់ទងជាមួយឈ្មោះ ហុក នៅសង្កាត់បុសខ្នុរ ស្រុកចំការលើ ដើម្បីបន្តសកម្មភាពបំផ្លិចបំផ្លាញផែនការរបស់បក្ស។ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានចាប់អ្នកដែលត្រូវបោសសម្អាតទាំងកណ្ដាលថ្ងៃ បណ្ដាលឱ្យមានសភាពអ៊ូអរ និងធ្វើឱ្យប្រជាជននៅក្នុងភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅពេលនាំអ្នកទាំងនោះទៅវាយចោល ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានកប់សាកសពមិនជិត បណ្ដាលឱ្យបែកការសម្ងាត់របស់បក្ស និងនាំឱ្យអ្នកដែលជាប់សមាសភាពមានការជ្រួលច្របល់ រួចនាំគ្នារត់ចូលព្រៃអស់មួយរយៈពេល។
បន្ទាប់មក ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានផ្លាស់ទៅបោសសម្អាតអ្នកជាប់សមាសភាពនៅតំបន់ស្វាយទាប ស្រុកចំការលើវិញ។ រៀប, ស្រ៊ាន, ញ៉ក់, សៅ និង ហុក បានទាក់ទងជាមួយកម្លាំង សេ.អ៊ី.អា. នៅយោធាតំបន់៤២ ដែលមានឈ្មោះ រ៉ាត់ ជាសមាជិកវរសេនាតូច៣១១ (ក្រោយមកអង្គការបានចាប់ខ្លួន)។ ខ្លឹមសារនៃការទាក់ទងគឺដើម្បីពិភាក្សាអំពីផែនការបោសសម្អាតអ្នកជាប់សមាសភាព។ ស្របតាមផែនការបោសសម្អាតឈ្មោះ រៀប បានណែនាំឱ្យ ហុក នាំប្រជាជនដែលមិនជាប់សមាសភាពមកកម្ទេច ដើម្បីបំផ្លាញមាគ៌ាបដិវត្តន៍។ ហុក បានធ្វើប្រវត្តិរូបប្រជាជនទាំងនោះដោយប្ដូរព័ត៌មានថា ជាទាហាន មេឃុំ ឬជំទប់ឃុំដែលមានសមាសភាព ហើយរាយការណ៍ជូនអង្គការ។ នៅខែសីហា ឆ្នាំ១៩៧៧ អង្គការបានបន្តចាត់តាំង ស្រ៊ាន, ញ៉ក់, រៀប, ហ៊ាន, សៅ និង គន ឱ្យទៅបោសសម្អាតខ្មាំង។ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានចុះទៅឃុំថ្មពួន ស្រុកព្រៃឈរ ហើយបានបំផុសប្រជាជនដែលជាប់សមាសភាព ដូចជា ទាហាន ប៉ូលិស គ្រូបង្រៀន មេឃុំ និងជំទប់ ឱ្យរត់ទៅលាក់ខ្លួន។ អ្នកដែលបានលាក់ទាំងនោះ ក្រោយមកអង្គការបានបោសសម្អាតអស់។ នៅពេលអនុវត្តផែនការរបស់អង្គការ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានធ្វើឱ្យបែកការណ៍ បណ្ដាលឱ្យប្រជាជនក្នុងភូមិមានការជ្រួលច្របល់។ នៅពេលសម្លាប់អ្នកជាប់ចោទ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានធ្វើឱ្យមនុស្សម្នាក់រួចខ្លួន ហើយរត់ចូលភូមិទៅប្រាប់ប្រជាជនថា យោធាកំពុងនាំប្រជាជនទៅវាយសម្លាប់។ តាមចម្លើយសារភាព ស្រ៊ាន បានអះអាងថា សកម្មភាពនេះមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលនយោបាយរបស់បក្ស និងធ្វើឱ្យប្រជាជនបាត់បង់ជំនឿលើបក្ស។
នៅខែកញ្ញា ឆ្នាំ១៩៧៧ អង្គការបានដកអង្គភាពរបស់ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. មកភ្នំប្រុស-ភ្នំស្រី ខេត្តកំពង់ចាមវិញ។ នៅទីនោះ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានបន្តអនុវត្តផែនការបោសសម្អាតអ្នកជាប់សមាសភាពនៅឃុំត្រាំងក្រាំង ដោយធ្វើសកម្មភាពដូចមុន និងបំផុសអ្នកជាប់សមាសភាពឱ្យរត់គេចខ្លួន។ ជាលទ្ធផល មានប្រជាជនប្រមាណ ១០ គ្រួសារ បានរត់ទៅឃុំតាំងគោក និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយ ៥ គ្រួសារទៀតបានរត់ទៅស្រុកមុខកំពូល។ នៅពេលចាប់ខ្លួនអ្នកជាប់ចោទយកទៅវាយចោល ពួកគេបានកប់សាកសពមិនជិត ទុកឱ្យប្រជាជនអាចមើលឃើញសាកសពទាំងនោះ។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៧៧ អង្គការបានដកអង្គភាពរបស់ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. មកនៅភាគខាងលិចក្រុងកំពង់ចាម។ ឈ្មោះ រៀប បានណែនាំ ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. ថា ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងនៅក្រុងកំពង់ចាម ត្រូវអប់រំយុវជន និងកម្មាភិបាលថ្នាក់ក្រោម កុំឱ្យមានការភ្ញាក់ផ្អើល។
រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៧៧ មានការផ្ទុះគ្រាប់នៅខេត្តកំពង់ចាម។ នៅពេលនោះ កម្លាំង សេ.អ៊ី.អា. បានផ្សព្វផ្សាយថា មានយន្តហោះមកទម្លាក់គ្រាប់បែក។ នៅថ្ងៃដដែលនោះ រៀប បានណែនាំឱ្យធ្វើសកម្មភាពឃោសនាតាមក្រសួង និងមន្ទីរនានាថា ការផ្ទុះគ្រាប់នេះបណ្ដាលមកពីការទម្លាក់គ្រាប់បែករបស់យន្តហោះ។ បន្ទាប់មក ស្រ៊ាន និងកម្លាំង សេ.អ៊ី.អា. បានដើរឃោសនាតាមមន្ទីរ ក្រសួង និងតាមកងពលនានានៅក្រុងកំពង់ចាម ដោយអះអាងថា ការផ្ទុះគ្រាប់ដែលបានកើតឡើង គឺបណ្ដាលមកពីយន្តហោះទម្លាក់គ្រាប់បែក។ នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន ចាប វឿន ហៅ ស្រ៊ាន សមាជិកវរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤ ព្រមទាំងកម្លាំង សេ.អ៊ី.អា. ពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
***
ចម្លើយសារភាពរបស់អ្នកទោសនៅក្នុងរបបខ្មែរក្រហម ភាគច្រើនត្រូវបានទទួលក្រោមការបង្ខិតបង្ខំយ៉ាងធ្ងន់ធ្ងរ និងការធ្វើទារុណកម្មក្នុងពេលឃុំឃាំង ពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ ចាប វឿន ហៅ ស្រ៊ាន ដែលមាននាទីជាសមាជិកវរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤ មិនអាចយកមកសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។
ចម្លើយសារភាពនេះត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៧ ដោយមានអ្នកសួរចម្លើយឈ្មោះ ជុន, ខុម និង ស្រ៊ីម។ តាមខ្លឹមសារនៃចម្លើយសារភាព ស្រ៊ាន បានទម្លាក់កំហុសលើកម្មាភិបាល និងយុទ្ធជនមួយចំនួននៅកងពល១៧៤ សរុបប្រមាណ ៣៥ នាក់ ដោយមិនរាប់បញ្ចូលឈ្មោះអ្នកដែលអង្គការបានចាប់ខ្លួននាពេលកន្លងមកនោះទេ។
***
[1] ចាប វឿន ហៅស្រ៊ាន អាយុ ២៥ឆ្នាំ, ចម្លើយសារភាពលេខ J00592, ចម្លើយសារភាពនេះបង្ហាញឈ្មោះកម្មាភិបាលខ្មែរក្រហមនៅកងពល១៧៤ និងកម្មាភិបាល ប្រមាណ ៤៧នាក់, ថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៧, ២៨ ទំព័រ, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទ៖ អេង សុខម៉េង
អត្ថបទទាក់ទង

ចាន់ ស៊ីថា រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅខ្មែរក្រហម

៣៨ ថ្ងៃនៃការរង់ចាំ តើទាហានខ្មែរទាំង ១៨ នាក់របស់យើង នឹងវិលត្រឡប់មកកម្ព...

សកម្មភាពបំផ្លាញទ្រព្យសម្បត្តិដែលមានតម្លៃ

ម៉ៅ អ៊ុត៖ ប្ដីរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់

នួន អ៊ាម ៖ ប្រធានទទួលភ្ញៀវភូមិភាគកណ្ដាល


