រែក និងជីកដី ១ថ្ងៃ ៤ ម៉ែត្រ ៤ ជ្រុង

(ខេត្តស្វាយរៀង) សោម សូត្រ អាយុ ៦០ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សូត្រ មានឪពុកឈ្មោះ ឈឹម សួន និងម្តាយឈ្មោះ ជុំ សួង។ កាលពីកុមារភាព សូត្រ រៀនបានត្រឹមថ្នាក់អក្ខរកម្ម។

រឿងរ៉ាវដែល សូត្រ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការជម្លៀសពីខេត្តស្វាយរៀងទៅខេត្តពោធិ៍សាត់។ នៅពេលទៅដល់សមាជិកគ្រួសារទាំងអស់ត្រូវបានបំបែកចេញពីគ្នា ដោយឪពុកនៅកន្លែងមួយ ម្តាយនៅកន្លែងមួយ និងកូនៗនៅកន្លែងផ្សេងទៀត។ បងប្អូនទាំងអស់ត្រូវរស់នៅដាច់ដោយឡែកពីគ្នាទៅតាមប្រភេទអាយុ ហើយពុំមានឱកាសជួបជុំគ្នាឡើយ។

នៅពេលនោះ សូត្រ មានអាយុប្រមាណ ១០ ឆ្នាំ និងសមាជិកកងចល័តម្នាក់ទៀត ​ត្រូវរែកដីក្នុងមួយថ្ងៃឱ្យបានទំហំ ៤ ម៉ែត្រ ៤ ជ្រុង។ សូត្រ ត្រូវសែងដីឡើងពីរណ្តៅមកលើមាត់ច្រាំង ហើយពេលខ្លះដោយសារអស់កម្លាំងខ្លាំងពេក គាត់បានរអិលដួល ប៉ុន្តែត្រូវខំងើបឡើងវិញ ហើយបន្តសែងដីរហូតដល់គ្រប់ផែនការកំណត់។ នៅម៉ោង ៥ ល្ងាច អង្គការបានចែករបបអង្ករដោយកំណត់ចំនួន ៥ កំប៉ុង សម្រាប់ហូបគ្នា ១០ នាក់​។ នៅពេលយប់ អង្គការតម្រូវឱ្យ សូត្រ ទូលស្រូវ និងអង្ករយកទៅទុកក្នុងឃ្លាំងរួមរបស់សហករណ៍។ នៅពេលទៅដល់ការដ្ឋានដំបូង សូត្រ សង្កេតឃើញមានមនុស្សរាប់រយនាក់។ ប៉ុន្តែក្រោយមកមនុស្សបានបាត់ខ្លួនម្តងបន្តិចៗ រហូតនៅសល់ប្រមាណ ៣០ នាក់។ ការបាត់ខ្លួនរបស់មនុស្សពីការដ្ឋានសហករណ៍នេះ មួយចំនួនបណ្តាលមកពីការផ្លាស់ប្តូរកន្លែងរស់នៅ និងមួយចំនួនទៀតត្រូវនាំទៅសម្លាប់ចោល។

នៅសម័យនោះ សូត្រ បានជួបប្រទះនូវជីវភាពរស់នៅលំបាកវេទនាយ៉ាងខ្លាំង។

បច្ចុប្បន្ន សូត្រ មានបញ្ហាសុខភាពមួយចំនួន រួមមានការឈឺចាប់នៅឆ្អឹង និងសរសៃ ព្រមទាំងជំងឺក្រពះ និងពោះវៀន៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin