កុមារខ្មែរក្រហម
(ស្វាយរៀង) ៖ ព្រាប ចិន្តា មានអាយុ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ គាត់មានកូនពីរនាក់។
នៅសម័យ លន់ នល់ ចិន្តា រៀនបានត្រឹមថ្នាក់អក្ខរកម្ម។ គាត់ក៏ដូចជាក្មេងៗដទៃទៀតដែររៀនមិនបានត្រឹមត្រូវទេដោយសារសាលារៀនតែងតែបិទទ្វាជាញឹកញាប់ខ្លាចការទម្លាក់គ្រាប់បែក។ ប្រជាជនក្នុងភូមិត្រូវរត់គេចចូលក្នុងរណ្តៅត្រង់សេ ឬក្នុងជង្រុងស្រូវពេលមានការទម្លាក់គ្រាប់បែកម្តងៗពិសេសនៅពេលយប់។
ក្នុងរបបខ្មែរក្រហម ចិន្តា មានអាយុប្រហែល១៣ឆ្នាំ។ គាត់មិនបានរៀនទេ ផ្ទុយទៅវិញក្នុងវ័យកុមារគាត់ត្រូវធ្វើការដូចជាមើលគោ ក្របី ដើររើសគួរស្រូវ រើសអាចម៍គោ និងកាប់ទន្ទ្រានខេត្តសម្រាប់យកមកធ្វើជីជាដើម។
ចិត្តា រស់នៅសហករណ៍ឃុំកំពង់អំពិល ពេលទៅមើលគោគាត់បានឃើញខ្មែរក្រហមធ្វើទារុណកម្មប្រជាជនដោយចោទប្រកាន់ថាជាខ្មាំង។ ប្រជាជនត្រូវបានចងខ្សែបន្តគ្នាប្រហែល២០ ទៅ៣០នាក់ យកទៅមន្ទីរសន្តិសុខនៅក្នុងវត្តកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ គាត់បន្តថា ក្រោយមកនៅឆ្នាំ១៩៧៩ នៅទីតាំងសម្លាប់មនុស្សនោះមានបន្សល់ទុកលលាដ៍ក្បាលសាកសពរាប់ពាន់ត្រូវបានរកឃើញ និង បច្ចុប្បន្នត្រូវបានរក្សាទុកនៅក្នុងបូជនីយស្ថានតម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលមានទីតាំងក្នុងវត្តកំពង់អំពិល។ គ្រួសារជនរងគ្រោះតែងតែទៅធ្វើបុណ្យពេលចូលឆ្នាំ និងភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ។
ចិន្តាក៏បានឃើញពីភាពឃោរឃៅរបស់ទាហានខ្មែរក្រហមដែលបានបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃ ដោយសារតែគេមិនធ្វើតាមខ្លួន។ គាត់បន្តទៀតថាការសម្លាប់មនុស្សនៅពេលនោះគឺងាយស្រួល និងសាច់ញាតិជនរងគ្រោះគ្មានសិទ្ធិតវ៉ាឡើយ។ ម្នាក់ៗរស់នៅយកតែរួចខ្លួន និងមិនដឹងថា ជោគវាសនាខ្លួននៅថ្ងៃស្អែកទៅជាយ៉ាងណាឡើយ។ ម្នាក់ៗ ធ្វើអី្វៗតាមតែបញ្ជា និងផែនការរបស់អង្គការបានកំណត់។
ក្រោយមក ចិន្តា និងគ្រួសារត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់។ នៅទីនោះខ្មែរក្រហមបានបំបែកគាត់ឲ្យទៅរស់នៅ ក្នុងកងកុមារឆ្ងាយពីគ្រួសារ គាត់ត្រូវធ្វើការជីកដីបាតបឹងយកមកហាលលាយជាមួយនិងលាមកសត្វពាហនៈទុកធ្វើជីសម្រាប់ដាក់ស្រែ។
ចិន្តា ស្នាក់ខេត្តពោធិ៍សាត់បានមួយរយៈ របបខ្មែរក្រហមក៏បានដួលរលំ គាត់ក៏បានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើត និងប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្នចិន្តាមានជំងឺក្រពះ និងជំងឺពោះវៀន យូរៗម្តង ត្រូវចំណាយថវិកាដើម្បីទៅមន្ទីរពេទ្យដើម្បីព្យាបាល។ គាត់ក៏បានស្នើឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាចុះទៅពិនិត្យសុខភាពគាត់ក៏ដូចជាអ្នករស់រានមានជីវិតផ្សេងៗទៀតក្នុងភូមិកំពង់អំពិល និងបានស្នើសុំឲ្យមានការកសាងកន្លែងតម្កល់ឯកសារជំនាន់ខ្មែរក្រហមដើម្បីឲ្យយុវជន ជំនាន់ក្រោយសិក្សាស្វែងយល់បន្ថែម។
សម្ភាសន៍ដោយ សោម ស្រីនិច នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង