គេបង្ខំប្តីខ្ញុំធ្វើការរហូតដល់ស្លាប់

 

(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គង់ សារ៉េត អាយុ ៧៤ ឆ្នាំ ជាមន្រ្តីចូលនិវត្តន៍ រស់នៅ ភូមិកៀនសាំង សង្កាត់កៀនសាំង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មុនឆ្នាំ១៩៧៥ សារ៉េត រស់នៅទីក្រុងភ្នំពេញជាមួយគ្រួសារ និងស្វាមីដែលជាអនុរក្សពន្ធនាគារ។ ពេលខ្មែរក្រហមឡើងកាន់អំណាចបានជម្លៀស សារ៉េត និងគ្រួសារឲ្យទៅរស់នៅខេត្តស្វាយរៀង។ សារ៉េត ឲ្យដឹងថារបបខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងតាមទីប្រជុំនានា ទូទាំងប្រទេសឲ្យទៅរស់នៅតាមទីជនបទ និងប្រើឲ្យធ្វើការជាទម្ងន់គ្មានពេលសម្រាក ដូចជាធ្វើស្រែចម្ការ លើកទំនប់ ជីកប្រឡាយ និងរែកដី ជាដើម ប្រជាជនដែលទ្រាំនឹងការលំបាកមិនបានបានស្លាប់ដោយនឹងគ្មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបបនេះនោះទេ។
សារ៉េត លើកឡើងថា ក្នុងសហករណ៍ខេត្តស្វាយរៀង ស្ថានភាពរស់នៅ និងលក្ខខណ្ឌការងារលំបាកខ្លាំង ប្រជាជនត្រូវធ្វើការឥតឈប់។ ចំណែករបបអាហារគឺមិនគ្រប់គ្រាន់ ប្រជាជនត្រូវបានវាល់អង្ករចែកតាមសហករណ៍ អង្ករមិនសាកសម្យចំនួនប្រជាជន។ អ្នកជំងឺមិនទទួលបានការព្យាបាលត្រឹមត្រូវ អ្នកជំងឺស្រាលទៅធ្វើការធម្មតា ចំណែកអ្នកជំងឺធ្ងន់ៗហូបថ្នាំបុរាណឬថ្នាំខ្មែរ ដែលគ្មានប្រសិទ្ធភាព។
សារ៉េត បានឃើញហេតុការណ៍នៃការបង្ខំឲ្យរៀបការក្នុងរបបខ្មែរក្រហម។ សារ៉េត រៀបរាប់ថា ការរៀបការម្តងៗមានចំនួនចាប់ពី ៣០ រហូតដល់១០០គូ។ បុរស និង -ស្រី្ត ដែលត្រូវរៀបការគ្មានសំលៀកបំពាក់ប្រពៃណីដូចសម័យ-បច្ចុប្បន្ននេះទេគឺមានតែ អាវខ្មៅ ខោខ្មៅ និងស្បែកជើងកង់ឡាន។ បុរស-ស្រី្ត មិនបានដឹងខ្លួនជាមុនថាត្រូវរៀបការ មិនដែលស្គាល់គ្នា ហើយមួយចំនួនទៀតមិនពេញចិត្តចំពោះការផ្សំផ្គុំរបស់ខ្មែរក្រហម តែមិនហ៊ានជំទាស់ខ្លាចគេយកទៅសម្លាប់ចោល។
សារ៉េត ក៏បានដឹងពីហេតុការណ៍នាំមនុស្សទៅសម្លាប់ក្នុងរបបខ្មែរក្រហមដែរ គឺមានទាហានខ្មែរក្រហមក្មេងៗស្ពាយកាំភ្លើងពីរឬបីនាក់នៅខាងមុខបណ្ដើរ ទៅសម្លាប់ដោយចងខ្សែជាជួរ មានក្រណាត់ខ្មៅបិទបាំងភ្នែក និងមានទាហានខ្មែរក្រហមពីរ បីនាក់ដើរពីក្រោយ។
នៅ ឆ្នាំ១៩៧៧ ប្តី របស់ សារ៉េត ជាអតីតអនុរក្សពន្ធធនាគារសម័យ លន់ នល់ បានស្លាប់ដោយសារតែធ្វើការងារធ្ងន់បាក់កម្លាំង និងហូបមិនគ្រប់គ្រាន់។ ចំណែកឪពុកត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយចោទថា ជាប្រ-ជាជនថ្មីដែលជម្លៀសមកពីភ្នំពេញ និងមាននិន្នាការជាប់របបចាស់។
បន្ទាប់ពីការស្លាប់របស់ឪពុក និងប្តី នៅឆ្នាំ១៩៧៨ សារ៉េត បានរត់ភាសខ្លួនទៅប្រទេសវៀតណាម។ ពេលទៅដល់វៀតណាម រដ្ឋាភិបាលវៀតណាមបានចែករបបអង្ករឲ្យ គង់ សារ៉េត និងប្រជាជនដទៃទៀតបរិភោគ។ មេឃុំនៅប្រទេសវៀតណាមដោយឃើញ សារ៉េត ចេះអាន និងសរសេរអក្សរខ្មែរបានស្ទាត់ជំនាញក៏បានប្រើឲ្យ សារ៉េត ដើរស្រង់ឈ្មោះប្រជាជនក្នុងឃុំ។ បន្ទាប់មកវៀតណាមបានឲ្យ សារ៉េត រៀនភាសាវៀតណាម ដើម្បីត្រៀមចូលរៀនពេទ្យ។ នៅចុងឆ្នាំ១៩៧៨ សារ៉េត បានចូលរៀនពេទ្យ នៅមន្ទីរពេទ្យម៉ុកវ៉ា ស្រុកម៉ុកវ៉ា ខេត្តឡុងអាន ប្រទេសវៀតណាម រយៈពេល៣ខែ។ ក្រោយរបបខ្មែរក្រហមដួលរលំ សារ៉េត បានត្រឡប់មកប្រទេសកម្ពុជាវិញបានចូលបំរើការងារនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង នៅខែឧសភា ឆ្នាំ១៩៧៩ រហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០១៦។
បច្ចុប្បន្ន សារ៉េត មានជំងឺប្រចាំកាយ ដូចជាជំងឺពុកឆ្អឹង និងជំងឺឈឺសន្លាក់។ សារ៉េត មានកំហឹងឈឺចាប់ដែលខ្មែរក្រហមបានសម្លាប់ឪពុក និងប្តី ព្រមទាំងសាច់ញាតិដទៃទៀត។

សារ៉េត ថ្លែងថាបើសិនជាគ្មានរបបខ្មែរក្រហមទេ ជីវភាពគាត់រឹតតែប្រសើរជាងពេលបច្ចុប្បន្ន ព្រោះប្តីគាត់ធ្លាប់ជាអនុរក្សពន្ធនាគាររបប លន់ នល់ បំរើការងារនៅពន្ធនាគារតេបីក្រុងភ្នំពេញ។
គង់ សារ៉េត សំណូមពរឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ចងក្រងឯកសារសម័យខ្មែរក្រហមផ្សេងៗដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្រ្តដ៏ជូរចត់នាអតីតកាល និងដើម្បីចូលរួមទប់ស្កាត់របបនេះកុំឲ្យកើតឡើងម្តងទៀតក្នុងប្រទេសកម្ពុជា៕

សម្ភាសន៍ដោយ ហម សារឿន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

រូបថត ប្តីរបស់ សារ៉េត ស្លាប់ក្នុងរបបខ្មែរក្រហម
រូបថត ប្តីរបស់ សារ៉េត ស្លាប់ក្នុងរបបខ្មែរក្រហម
ផ្ទះរបស់ សារ៉េត
ផ្ទះរបស់ សារ៉េត

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin