អតីតទាហានរបបខ្មែរក្រហម
(ក្រចេះ) ៖ គឹម គីម ភេទប្រុស មានអាយុ៧២ឆ្នាំ មានកូនប្រាំមួយនាក់ ស្លាប់ម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។
នៅក្នុងរបបខ្មែរក្រហមគាត់មានបងប្អូនចំនួនប្រាំបីនាក់ ប្រុសប្រាំនាក់ និងស្រីបីនាក់ ស្លាប់បួននាក់។ នៅក្នុងឆ្នាំ១៩៧២ មានការប្រយុទ្ធតទល់គ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ចាម។ គីម មានតួនាទីជាទាហានរបស់កងទ័ពខ្មែរក្រហម។ ក្នុងការប្រយុទ្ធគ្នានោះ គាត់មានរបួសស្មាដោយសារតែការខ្ទាតនៃអំបែង គ្រាប់បែកទៅប៉ះជាមួយនឹងស្មារបស់គាត់។
គាត់បានប្រាប់ថានៅក្នុងរបបខ្មែរក្រហមមានការខ្វះខាតអាហារសម្រាប់បរិភោគជាខ្លាំង។ មិនមានម្ហូបដែលមានរស់ជាតិឆ្ងាញ់ហូបនោះទេ មានតែសម្លស្ងោរដើមចេក ត្រកួន និងព្រលឹត។ មានពេលខ្លះគាត់មិនបានហូបបាយមួយយប់មួយថ្ងៃក៏មានដែរ ដោយសារតែជាប់ការប្រយុទ្ធនៅសមរភូមិ។ ការបម្រើការជាកងទ័ពនៅក្នុងរបបនោះគឺមានភាពលំបាក ដោយសារតែមិនបានសម្រាកគ្រប់គ្រាន់។
ពេលខ្លះគាត់ត្រូវចេញទៅសមរភូមិទាំងយប់ អាហារហូបមិនគ្រប់គ្រាន់ និងមានប្រជាជនស្លាប់បាត់បង់ជីវិតជាច្រើន ដូចជាទាហាន ប្រជាជនធម្មតា ព្រមទាំងកងនារីដឹកជញ្ជូន ដោយសារតែត្រូវគ្រាប់កាំភ្លើង គ្រាប់បែក និងគ្រាប់ប្លោង។
បន្ទាប់ពីនោះ គីម មិនបានទៅសមរភូមិមួយរយៈកាល ដោយសារតែគាត់បានត្រឡប់ទៅផ្ទះវិញ។ នៅពេលដែលបានទៅដល់ផ្ទះ គាត់ក៏រស់នៅមិនបានសុខស្រួលដែរ ពីព្រោះអង្គការបានគិតថា គាត់ជាជនក្បត់។ អង្គការបានបញ្ជូនទាហានប្រាំបួននាក់ ដើម្បីនាំខ្លួន គីម និងគ្រួសារទៅ។ គាត់ និងគ្រួសារបានចេញទៅជាមួយនឹងទាហានរហូតទៅដល់រណ្ដៅគ្រាប់បេមួយកន្លែងដែលមានទឹកពេញ។
ទាហានទាំងប្រាំបួននាក់នោះបានទៅឈរនៅជុំវិញរណ្ដៅគ្រាប់បេនោះ ប្រដាប់ដោយកាំភ្លើងម្នាក់មួយនៅនឹងដៃ។ ទៅដល់ទីនោះទាហានបានឲ្យគាត់ និងភរិយាលុតជង្គង់ចុះ។ មានទាហានកុមារម្នាក់ដែលនៅចាំនៅទីនោះមុន បានសួរទៅកាន់គាត់ថា៖
«លោកឯងអ្នកណាការឲ្យ? ខ្ញុំថាអង្គការ ការឲ្យ! លោកឯងមកនេះ ហៅមករៀនសូត្រទេ មិនទាន់ឲ្យទៅផ្ទះវិញទេ។ គេការឲ្យពីថ្ងៃណា ខែណា ការប៉ុន្មានគូរ? ខ្ញុំថាការមួយសារហ្នឹង ការ១៦គូរ។ រាល់ថ្ងៃបានទទួលដំណែងអ្វីខ្លះ? ខ្ញុំថាអត់ទទួលដំណែងអីទេ រាល់ថ្ងៃធ្វើជីអាចម៍គោ។ ហើយបានវ៉ៃសមរភូមិណាខ្លះ? ខ្ញុំថាអត់មានវ៉ៃសមរភូមិណាទេ»។
គាត់បានព្យាយាមបិទបាំងអំពីអត្តសញ្ញាណរបស់គាត់មិនឲ្យអង្គការដឹងឡើយ ព្រោះបើអង្គការបានដឹងរឿងអង្គការអាចនឹងសម្លាប់គាត់ និងគ្រួសាររបស់គាត់។ នៅពេលដែលសួរចម្លើយរួចរាល់អង្គការមិនបានយកទោសគាត់ឡើយ។
គីម បានបន្ថែមថា គាត់បានឃើញអង្គការសម្លាប់មនុស្សដោយផ្ទាល់នឹងភ្នែក។ អង្គការបានសម្លាប់ដៃគូរបស់គាត់ដោយអង្គការចោទថាក្បត់ជាមួយនឹងអង្គការ។ រំលងប្រហែលជាបីថ្ងៃ គាត់បានឃើញអង្គការបានដឹកប្រជាជនពីចម្ងាយមកតាមរយៈរថយន្ត និងរទេះសេះ យកទៅសួរចម្លើយ។ នៅពេលនោះ គីម កំពុងតែនៅលើដើមឈើទាល ហើយគាត់បានឃើញគ្រប់សកម្មភាពទាំងអស់ នៅពេលអង្គការបានសួរចម្លើយ និងសម្លាប់ប្រជាជន។
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ គីម បានរស់នៅជុំជាមួយគ្រួសារបានសុខសាន្តមកដល់ពេលបច្ចុប្បន្ន៕
សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ