អតីតទាហាន លន់ នល់ នៅរស់រានមានជីវិត
(ស្វាយរៀង) ៖ រាម សាវុត អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារុត មានបងប្អូនចំនួនប្រាំនាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ សារុត រៀនបានត្រឹមថ្នាក់ទី១០ ក្នុងរបបសង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្អូនចំនួន៣នាក់ ដែលជាអតីតទាហានសម័យ លន់ នល់។
ឆ្នាំ១៩៧២ ដោយសារឃើញក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក សាវុត បានសម្រេចចិត្តចូលបម្រើការងារជាទាហាន លន់ នល់ ប្រចាំការនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់អំណាចគាត់បានឈប់ធ្វើជាទាហាន និងបានវិលត្រឡប់មករស់នៅលាក់ប្រវត្តិរូបជាប្រជាជនធម្មតា នៅស្រុកកំណើត ឯភូមិព្រៃធំ ឃុំព្រៃធំ ចូលរួមធ្វើការជាមួយប្រជាជនជាកងចល័តជីកប្រឡាយ និងរែកដី។ គាត់បានរៀបរាប់ថាគាត់បានរស់នៅលាក់ប្រវត្តិរូបជាអតីតទាហានរហូតដល់របបខ្មែរក្រហមត្រូវបានបញ្ជប់។ សារុត នៅពេលនោះមានវ័យប្រមាណជា១៨ឆ្នាំ គឺពេញកម្លាំងឲ្យខ្មែរក្រហមប្រើតែម្តង។ មួយថ្ងៃៗ គាត់ត្រូវជីកដី រែកដី លើកប្រឡាយ អារដើមត្នោតយកមកធ្វើអុស គាត់ត្រូវធ្វើការតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ ដោយទទួលបានរបបអាហារមិនគ្រប់គ្រាន់ ព្រមទាំងមានយប់ខ្លះគាត់ត្រូវបន្ថែមម៉ោងធ្វើការគឺជាកងសន្តិសុខយាមភូមិមិនបានសម្រាករហូតទល់ភ្លឺ។
ក្រោយមក សារុត និងគ្រួសារ និងប្រជាជនក្នុងភូមិ មួយចំនួនត្រូវបានជម្លៀសទៅ ឃុំកន្តួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឆ្នាំ១៩៧៨ នៅទីនេះ សាវុត បានរៀបការជាមួយប្រពន្ធគាត់សព្វថ្ងៃឈ្មោះ គង់ សារិន។ គាត់បន្តថា ការរៀបការនៅពេលនោះគឺគាត់ស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំទេ។ ប៉ុន្តែអ្នករៀបការជាមួយគាត់ចំនួន២៤គូទៀតគាត់មិនបានដឹងថា ជាការរៀបចំដោយខ្មែរក្រហមឬយ៉ាងណានោះទេ។ សារុត បានរៀបរាប់ថា ការរៀបការអង្គការឲ្យអង្គុយជាជួរៗទល់មុខគ្នា និងមានតំណាងពីរបីគូឡើងបេ្តជា្ញចិត្តនៅមុនពេលពិធីត្រូវបានបញ្ជប់។ នៅពេលយប់មានឈ្លបខ្មែរក្រហមដើរតាមដានតាមផ្ទះខ្លាចមានប្តីប្រពន្ធណាដែលរស់នៅមិនចុះសំរុងគ្នាអង្គការនឹងយកទៅសម្លាប់ចោល។
រាម សារុត៖ «ការរស់នៅក្នុងរបបខ្មែរក្រហមរស់មួយថ្ងៃគិតមួយថ្ងៃ ការរស់នៅគ្មានសិទ្ធិសេរីភាពទេ ខ្មែរក្រហមបានយកប្រជាជនខ្លួនឯងជាសត្រូវ និងគ្មានការទុកចិត្ត។ ខ្ញុំបានរស់ឆ្លងផុតរបបខ្មែរក្រហម ដូចបានកើតជាថ្មីម្តងទៀត ខ្ញុំសូមផ្តាំទៅក្មេងៗជំនាន់ក្រោយឲ្យចងចាំថារបបខ្មែរក្រហមពិតជាឃោរឃៅព្រៃផ្សៃជាទីបំផុត»។
នៅសហករណ៍ ស្រុកកណ្តាលស្ទឹង សាវុត ធ្លាប់ឃើញសាកសពដែលកប់មិនត្រឹមត្រូវ នៅហើមធំក្លិនក្នុងព្រៃ។ គាត់ក៏ធ្លាប់ឃើញការធ្វើទារុណកម្មប្រជាជន និងនាំទៅសម្លាប់នៅអតីតមន្ទីរសន្តិសុខវត្តកោះផងដែរ។
រឿងរ៉ាវដែល សាវុត ចងចាំមិនអាចបំភ្លេចបានគឺការដែលអង្គការប្រើឲ្យធ្វើការគ្មានពេលសម្រាក និងការដែលខ្មែរក្រហមបំបាត់សិទ្ធិសេរីភាពប្រជាជន។
ពេលរបបខ្មែរក្រហមដួលរលំ គាត់ និងគ្រួសារបានត្រឡប់ពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករស់នៅខេត្តស្វាយរៀងរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន សាវុត មានជំងឺឈឺចង្កេះ។ គាត់សប្បាយចិត្តដែលបានរៀបរាប់រឿងរ៉ាវពីសម័យខ្មែរក្រហមប្រាប់ដល់ក្មេងៗជំនាន់ក្រោយ។ គាត់គិតថាការរៀនសូត្រពីរបបនោះគឺបានចូលរួមទប់ស្កាត់កុំឲ្យរបបខ្មៅងងឹតនេះត្រឡប់មកវិញម្តងទៀត។
អត្ថបទដោយៈ អេង សុខម៉េង
សម្ភាសន៍ដោយៈ សុខ ចន្ទ្រា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១