ខ្ញុំត្រូវជីកទំនប់លើកប្រឡាយទាំងខ្ញុំមានជំងឺគ្រុនចាញ់

(ស្វាយរៀង) ៖ កែវ សាប៊ន អាយុ៧៦ឆ្នាំ​ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ សាប៊ន រស់នៅខេត្តស្វាយរៀងដែលជាស្រុកកំណើត។ នៅសម័យខ្មែរក្រហម សាប៊ន និងគ្រួសារ ត្រូវ​បានជម្លៀសទៅខេត្តព្រៃវែង និងខេត្តបាត់ដំបង​។

ការជម្លៀសពីកន្លែងមួយទៅមួយមានការលំបាកលើការរស់នៅដោយសារគ្មានជម្រកត្រឹមត្រូវ និងត្រូវធ្វើដំណើរឆ្ងាយញៗ ដោយថ្មើរជើង ព្រមទាំងគ្មានអាហារបរិភោគគ្រប់គ្រាន់។

ពេលទៅដល់ខេត្តបាត់ដំបង សាប៊ន និងគ្រួសារ តំរូវឲ្យធ្វើការងារ និង​ស្នាក់នៅផ្សេងពីគ្នាតាមអាយុ និងកម្លាំង។ ម្តាយនៅសហករណ៍រោងបាយ កូននៅកងកុមារ ចំណែក សាប៊ន និងបងប្អូននៅក្នុងកងចល័ត​។

នៅពេលថ្ងៃ សាប៊ន ន នៅពេលថ្ងៃត្រូវធ្វើការជីក រែកដី និងលើកទំនប់ នៅពេលយប់គាត់​ត្រូវបោកស្រូវថែមទៀត។ ដោយសារ​នឹករលឹកកូនពេក សាប៊ន ដោយសារនឹករលឹកកូន គាត់ តែងតែទៅមើលកូននៅកងកុមារ។  ពេលគេដឹងក៏ដាក់ទណ្ឌកម្ម ដោយ​បន្ថយរបបអាហារ និងបន្ថែមការងារឲ្យធ្វើ។ ក្នុងរបបខ្មែរក្រហមការទៅសួរសុខទុក្ខសាច់ញាតិ​ត្រូវបានហាមឃាត់ ទោះបីសមាជិកគ្រួសារមានជំងឺក៏ដោយ។ ចំណែកក្មេងតូចៗត្រូវបានមើលថែទាំដោយចាស់ៗនៅកងកុមារ។

រឿងរ៉ាវដែល សាប៊ន ចងចាំមិនភ្លេចក្នុងរបបខ្មែរក្រហម គឺពេលដែលគាត់មានជំងឺគ្រុនចាញ់ មិនទទួល​បានការព្យាបាលត្រឹមត្រូវ និងគេបំរុងនាំយកទៅសម្លាប់ថែមទៀតដោ​យ​សារតែគាត់ឈឺរយៈពេលយូរមិនអាចបំពេញការងារឲ្យអង្គការបាន។ សាប៊ន បានដឹងព័ត៌មាននេះតាមរយៈអ្នកធ្វើការជាមួយ ពេលនោះគាត់ភិតភ័យយ៉ាងខ្លាំងហើយ​បានស្នើសុំគេទៅធ្វើការដូចធម្មតាវិញដោយប្រាប់ថា ខ្លួនបានជាសះស្បើយពីជំងឺគ្រុនចាញ់ហើយ។

របបអាហារ សាប៊ន និងគ្រួសារ ទទួលបានរបបអាហារដូចប្រជាជនផ្សេងទៀតដែរ គឺបាយឬបបរមួយវែករាងដូចក្រចកសេះពីរដងក្នុង១ថ្ងៃ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាប៊ន ម្តាយ និងកូនស្រី បានធ្វើដំណើរដោយថ្មើរជើងពីខេត្តបាត់ដំបងមករស់នៅខេត្តស្វាយរៀងវិញ។

បច្ចុប្បន្ន សាប៊ន មានជំងឺក្រពេះ ពោះវៀន លើសឈាម និងឈឺសន្លាក់ជង្គង់។

ជាចុងក្រោយ សាប៊ន បានផ្តាំផ្ញើឲ្យក្មេងជំនាន់ក្រោយចងចាំពីរបបខ្មែរក្រហម និងជួយទប់ស្កាត់​របបនេះកុំឲ្យកើតមាននៅ្យត្រឡប់មកប្រទេប្រទេសកម្ពុជាសាជាថ្មី៕

សម្ភាសន៍ដោយ កើត សុរចនា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin