ហូបតែបបររាវដូចទឹក

(សៀមរាប) ៖ លេង វន់ មានអាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ វន់ បានចូលរៀនកាលនៅអាយុ១០ឆ្នាំ ប៉ុន្តែត្រូវបានបញ្ចប់ការសិក្សាដោយសារតែសង្គ្រាមនៅក្នុងស្រុក ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅពេលបញ្ចប់ការសិក្សា វន់ ក៏បានទៅធ្វើស្រែចម្ការវិញដើម្បីជួយសម្រួលជីវភាពឪពុកម្ដាយរបស់គាត់។

នៅអំឡុងឆ្នាំ១៩៧០និង១៩៧៥ វន់ មិនសូវជាធូរធារប៉ុន្មាននោះទេ ដោយសារពេលនោះតំបន់មួយចំនួននៃខេត្តសៀមរាបត្រូវបានខ្មែរក្រហមកាន់កាប់។ នៅពេលនោះដែរប្រជាជនគឺចាប់ផ្ដើមរស់នៅក្នុងរបបថ្មីមួយដោយហូបអាហាររួមគ្នា និងធ្វើស្រែប្រមូលផលរួម។ វន់ បាននិយាយថា ពេលនោះគឺមិនសូវមានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ លើសពីនេះទៅទៀតការខ្វះអាហារជារឿងមួយ ប៉ុន្តែជម្លោះរវាងទាហានខ្មែរក្រហមនិងទាហានសាធារណរដ្ឋខ្មែរបានធ្វើឲ្យគ្រួសារជាច្រើនបានទទួលរងការខូចខាតនិងរស់នៅក្នុងភាពភ័យខ្លាច។ ពេលខ្លះគ្រួសាររបស់ វន់ បានរត់គេចពីគ្រាប់ប្លោងទៅពួននៅក្នុងលេណដ្ឋាន និងពេលខ្លះក៏បានគេចខ្លួនទៅនៅក្នុងព្រៃ។

នៅឆ្នាំ១៩៧៥ វន់ ត្រូវបានចាត់ទុកជាប្រជាជនចាស់និងរស់នៅជាសហករណ៍។ គាត់ និយាយថាគាត់គ្មានអាហារហូបគ្រប់នោះទេដោយមួយថ្ងៃ គាត់បរិភោគបបរដែលរាវដូចទឹក។ ពេលខ្លះបើមានដំឡូង គេដាំបបរលាយជាមួយដំឡូង។ បន្ទាប់ពីបានទទួលរបបអាហារ វន់ យកចានបបររបស់ខ្លួនទៅបរិភោគនៅក្នុងរោងមួយទៀតសម្រាប់សហករណ៍ដែលមកពីភូមិជាមួយគ្នា។ នេះមានន័យថានៅសម័យខ្មែរក្រហម មានការបែងចែករោងតាមភូមិនីមួយៗ សម្រាប់ឲ្យអង្គុយឬនៅពេលដែលអង្គការមានការប្រជុំ។ ការបង្អត់អាហារបែបនេះធ្វើឲ្យប្រជាជនធ្លាក់ខ្លួនឈឺដោយអស់កម្លាំងបូកផ្សំនឹងការធ្វើការលើសម៉ោងនិងលើសពីកម្លាំងដែលអាចធ្វើបាន។

ខ្មែរក្រហមមានកងពេទ្យរបស់ខ្លួនសម្រាប់ព្យាបាលអ្នកជំងឺនៅពេលធ្លាក់ខ្លួនឈឺម្ដងៗ។ ប្រជាជនមានអការ   ខុសៗគ្នា។ ដោយសារតែប្រជាជនត្រូវបានជម្លៀសឲ្យទៅនៅក្នុងខ្ទម និងធ្វើការក្នុងវាលស្រែធំល្វឹងល្វើយ ប្រជាជនភាគច្រើនបានកើតជំងឺគ្រុនចាញ់។ ប្រជាជនខ្លះទៀតកើតជំងឺរាករូសដោយសារការបរិភោគមិនមានអនាម័យ។ ហើយប្រជាជនខ្លះក៏បានបរិភោគអាហារផ្សេងៗ ដូចជាផ្សិតនិងរុក្ខជាតិផ្សេងទៀតដោយសារភាពអត់ឃ្លាន ដែលនាំឲ្យពុលអាហារ។ អ្នកដែលឈឺជំងឺខុសៗគ្នាទាំងនេះត្រូវបានព្យាបាលដោយថ្នាំតែមួយប្រភេទដែលគ្មានប្រសិទ្ធិភាព ខ្លះមានសំណាងល្អជាទៅវិញនិងខ្លះទៀតត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម។

សព្វថ្ងៃ វន់ មានជំងឺទឹកនោមផ្អែមនិងលើសឈាម។   វន់ មិនអាចបរិភោគអាហារណាដែលមានជាតិស្ករច្រើនទេដូចជាបាយ និងផ្លែឈើដែលមានជាផ្អែមខ្លាំង។ លោកគ្រូពេទ្យបានប្រាប់ វន់ ឲ្យធ្វើលំហាត់ប្រាណឲ្យបានច្រើន ប៉ុន្តែគាត់មិនអាចធ្វើលំហាត់ប្រាណបានច្រើនទេដោយសារតែគាត់ឈឺជើងនិងលំបាកក្នុងការធ្វើចលនា។

សម្ភាសន៍ដោយ ហាំ សៀងហេង

អត្ថបទដោយ ហៀង នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin