ជីវិតរបស់ សួន សិ នៅក្នុងរបបខ្មែរក្រហម
(សៀមរាប) ៖ សួន សិ មានអាយុ៦១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សិ មានបងប្អូនទាំងអស់ប្រាំបីនាក់ ប៉ុន្ដែបួននាក់ត្រូវបានបាត់ជីវិត។ នៅក្នុងឆ្នាំ១៩៧០ សិ និងសមាជិកគ្រួសារផ្សេងទៀតបានជម្លៀសចេញទៅ តំបន់ភ្នំគូលែនព្រោះមានការទម្លាក់គ្រាប់បែកច្រើនពេក។ សិ បានរៀបរាប់ថា ប្រជាជនមួយចំនួនបានស្លាប់និងរបួសដោយសារតែរត់គេចពីគ្រាប់ផ្លោងមិនទាន់។
សិ ជាប្រជានជនចាស់នៅក្នុងរបបខ្មែរក្រហម។ គាត់ ត្រូវបានអង្គការចាត់ឲ្យទៅនៅក្នុងកងនារីនៅឯស្រុកដំដែក។ ការងាររបស់ សិ មានដូចជាបិទភ្លឺស្រែ និង ស្ទូង។ សិ មិនស្គាល់សមាជិកនៅក្នុងកងនារីនោះទេ ហើយក៏មិនមានអាហារសម្រាប់បរិភោគនោះទេ។ បន្ទាប់មក សិ បានរត់ចេញពីជំរំបន្ទាប់ពីនៅបានរយៈពេលពីរថ្ងៃ ហើយក៏មិនត្រូវបានអង្គការចាប់បាន ឬ ដាក់ពិន័យនោះទេ។
សិ បានហូបអាហារតែពីរពេលក្នុងមួយថ្ងៃ។ ការហូបចុកផ្លាស់ប្ដូរទៅតាមការប្រមូលផល។ ប្រសិនជាមានការប្រមូលផលបានទាប នោះប្រជាជនទាំងអស់ ត្រូវបរិភោគបបរ។ ប៉ុន្តែបើមានការប្រមូលផលបានខ្ពស់ នោះអង្គការនឹងដាំរួមនឹងសម្លបាយសម្រាប់ឲ្យប្រជាជនបរិភោគទាំងអស់គ្នាដោយទទួលបានមួយចានស្រាក់មួយនាក់។
សិ បាននិយាយថា អង្គការមិនបានចែកសម្លៀកបំពាក់ទៅកាន់ប្រជាជននោះទេ។ ខោអាវទាំងអស់គឹត្រូវបានយកមកគក់ជាមួយនឹងគ្រាប់រុក្ខជាតិម្យ៉ាង ដែលមានសារធាតុពណ៌ខ្មៅ។ សិ ត្រូវថែរក្សាសម្លៀកបំពាក់យ៉ាងល្អ។ នៅក្នុងករណីដែលមានភាពរហែក សិ ត្រូវយកថង់ប្លាស្ទិកឬក្រណាត់អ្វីមួយដើម្បីយកមកប៉ះ ដើម្បីស្លៀកបន្ត។
សិ មានសមាជិកគ្រួសារបួននាក់ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមរួមមានបងនិងប្អូន។ បង របស់ សិ បានចេញទៅធ្វើសង្គ្រាមជាមួយនឹងទ័ពខ្មែរក្រហម ប្រឆាំងនឹងទាហានលន់ នល់ នៅឯព្រលានយន្តហោះពោធិ៍ចិនតុង ហើយក៏បានបាត់ខ្លួនរហតមកដល់សព្វថ្ងៃ។
អង្គការបានសម្លុតដាក់ទោសប្រជាជនណាដែលហ៊ានតមាត់។ សិ រៀបរាប់ថាប្រជាជនមួយចំនួនត្រូវបានខ្មែរក្រហមដាក់ទោសដោយចាប់ចងជាស្លាបសេក ហើយព្រមទាំងបង្អត់បាយ បង្អត់ទឹកផងដែរ។ ប្រសិនបើប្រជាជនមានទោសស្រាលនោះ អង្គការដាក់ទោសតែពីរឬបីថ្ងៃ បន្ទាប់មកក៏ដោះលែងមកវិញ។ ប៉ុន្ដែប្រសិនបើជាទោសធំវីញដូចជាចាប់បានអ្នកដែលមានចំណេះដឹងខ្ពស់ នោះអ្នកទោសនោះនឹងត្រូវបានសម្លាប់។
សព្វថ្ងៃ សិ រស់នៅជាមួយនឹងកូនប្រុសដែលមានជំងឺវិកលចរិក ហើយ សិ មានរបរលក់ដូរបន្តិចបន្តួចផងដែរ។ សិ ក៏មានកូនស្រីមួយនាក់ដែរ បានជួយសម្រួលបន្ទុកគ្រួសារ។ សិ មានជំងឺសន្លាក់ និងឈឺចង្កេះ តាំងពីរបបខ្មែរក្រហមមក។
សម្ភាសន៍ដោយៈ ផា សុភាក់
អត្ថបទដោយៈ ហៀង នីតា