មានអ្នករបួស និង​ស្លាប់ជារៀងរាល់ថ្ងៃ

(ក្រចេះ) ៖ ឆាំ យ៉ាត ភេទស្រី មានអាយុ៦៩ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅក្នុងរបបខ្មែរក្រហម គាត់រស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ អង្គការបានជម្លៀសឲ្យគាត់ឲ្យធ្វើការនៅតំបន់    ឆ្ងាយ​ពីផ្ទះរបស់គាត់។ ការងារដែលគាត់ធ្វើនៅពេលនោះគឺ គាស់គល់ឈើ ស្ទូងស្រូវ ច្រូតស្រូវ និងដាំដំឡូង។ នៅក្នុង​អំឡុងពេលដែលខ្មែរក្រហមកាន់អំណាច យ៉ាត បាននិយាយថា ប្រជាជនដែលរស់នៅក្នុងសហករណ៍ ឬតំបន់ជាមួយគាត់ មិនមាននរណាម្នាក់ទទួលបានអាហារហូបគ្រប់​គ្រាន់ឡើយ។

នៅពេលព្រឹកមុននឹងចេញទៅធ្វើការ អង្គការបានចែកពោតស្ងោរឲ្យម្នាក់បន្តិចទុកសម្រាប់ហូបធ្វើជាអាហារថ្ងៃ  ត្រង់។ ដោយសារតែកន្លែងធ្វើការឆ្ងាយពីសហករណ៍ ធ្វើដំណើរទៅត្រូវចំណាយរយៈពេលយូរ ព្រមទាំងហត់ទៀតនោះ មានប្រជាជនមួយចំនួន គាត់បានយកពោតស្ងោរនោះ​ហូបដើម្បីមានកម្លាំងធ្វើដំណើរ ហេតុដូច្នេះហើយ ដល់ពេលត្រូវហូបអាហារថ្ងៃត្រង់ គាត់នៅសល់តែពោតបន្តិចប៉ុណ្ណោះសម្រាប់ហូប ព្រោះគាត់ហូបអស់ខ្លះហើយពីព្រឹកមក។

ប្រជាជនម្នាក់ៗ ត្រូវតែធ្វើយ៉ាងណាធ្វើការងារខ្លួនឲ្យរួចរាល់តាមអ្វីដែលអង្គការកំណត់ ប្រសិនជាធ្វើមិនហើយរួចរាល់ទេ បន្ទាប់ពីហូបអាហារពេលល្ងាចហើយ អង្គការនឹងហៅទៅប្រជុំកសាងខ្លួន និងបើកសិទ្ធិឲ្យប្រជាជនទាំងអស់ទិតៀនគ្នាទៅវិញទៅមក។

ចំពោះឯកសណ្ឋាន ដែលកងទ័ពខ្មែរក្រហមស្លៀកមាន​​ពណ៌ស្លឹកឈើ និងប្រជាជនធម្មតាមានពណ៌ខ្មៅ។ប្រសិនបើ​ប្រជាជនមិនមានសម្លៀកបំពាក់ពណ៌ខ្មៅ គាត់​ត្រូវ​​យក​ទៅជ្រលក់ឲ្យខ្មៅ។ នៅក្នុងមួយឆ្នាំប្រជាជនម្នាក់ទទួលបានសម្លៀក​តែមួយសម្រាប់។ ​

នៅពេលជិត​ដល់សម័យរំដោះ អង្គការបានជម្លៀស យ៉ាត ចេញអំពីស្រុកឆ្លូង ទៅកាន់ត្រើយម្ខាងនៃទន្លេមេគង្គ។ នៅពេលភ្លាមៗនោះប្រធានសហករណ៍បានហៅប្រជាជនប្រជុំបន្ទាន់ ដើម្បីឲ្យរៀបចំសម្ភារៈត្រៀមខ្លួនឡើងទូកចេញទៅកាន់ទីកន្លែងថ្មី។

នៅពេលដែលមានការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម ជាមួយនឹងកងទ័ពវៀតណាម យ៉ាត តែងតែឃើញកងយុវជន-យុវនារី ទៅសែងអ្នករបួស ឬសាកសពជារៀងរាល់ថ្ងៃ។ គាត់បានប្រាប់ថា ពេលណាដែលមានប្រជាជនប្រព្រឹត្តខុស ដូចជាលួចអាហារហូប ឬខុសអ្វីផ្សេង អង្គការតែងតែចាប់ទៅវាយធ្វើបាប។ ជារៀងរាល់យប់គាត់តែងឮសំឡេងសម្រែកយំទ្រហឹង បង្ហាញអំពីភាពឈឺចាប់នៅពេលដែលអង្គការធ្វើទារុណកម្ម។

របបខ្មែរក្រហមជារបបមួយដែលបានសម្លាប់ប្រជាជនណាដែលមានជាប់ខ្សែស្រឡាយជាមួយនឹងជនជាតិវៀតណាម។ យ៉ាត បានប្រាប់ថា មានប្រជាជនម្នាក់គាត់បានយកភរិយាជាជនជាតិវៀតណាម ពេលដែលអង្គការដឹងដំណឹងថា ​ពាក់ព័ន្ទនឹងវៀតណាម យប់ឡើងមិនទាន់ អង្គការបានហៅទៅ ដោយប្រាប់ថាមានការប្រជុំ ប៉ុន្តែជាក់ស្ដែងគឺនាំយកទៅសម្លាប់ចោល។

សព្វថ្ងៃនេះ ឆាំ យ៉ាត មានជំងឺលើសសម្ពាធឈាម ខ្វះជាតិស្ករ និងក្រពះពោះវៀន៕

អត្ថបទដោយ៖ នេន ស្រីមុំ

សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin