អ្នកជំងឺព្យាបាលតែពីថ្នាំរាងដូចអាចម៍ទន្សាយ

ទិត្យ សុផាន

(ស្វាយរៀង) ៖ ទិត្យ សុផាន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម សុផាន ត្រូវបានជម្លៀសពីភូមិស្វាយរលំ ទៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនេះ សុផាន ត្រូវបានខ្មែរក្រហមប្រើឲ្យបុកស្រូវ និងធ្វើការងារផ្សេងៗទៀតនៅរោងបាយ។ ដោយសារតែ សុផាន មានជំងឺ​បេះ​ដូងគាត់តែងថាដួល និង​សន្លប់ នៅកន្លែងដែលគាត់ធ្វើការជារឿយៗ ហើយត្រូវបញ្ជូនទៅសម្រាកនៅឯមន្ទីរពេទ្យជាញឹកញាប់។ សុផាន ឲ្យដឹងថា ពេទ្យនៅសម័យនោះព្យាបាលគាត់ និងអ្នកជំងឺដទៃទៀតតែថ្នាំតូច​ៗ មានរាងដូចអាចម៍ទន្សាយប៉ុណ្ណោះទោះឈឺអ្វីក៏ដោយ។

ប្តី របស់ សុផាន ត្រូវបានខ្មែរក្រហមនៅសហករណ៍ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រើឲ្យបររទេះគោដឹកស្បៀង​ រួម​មាន៖ អង្ករ ម្ហូប ត្រី ទៅឲ្យប្រជាជននៅសហករណ៍ផ្សេងទៀតនៅជិតតំបន់គាត់រស់នៅ។ ចំណែកឯឪពុកដោយ​សារ​គាត់មានជំងឺ​ប្រចំាកាយមិនអាចធ្វើការងារធ្ងន់ៗបាន គេប្រើ​ឲ្យគាត់ធ្វើចុងភៅ នៅរោងបាយ។

សុផាន បានឃើញទាហានខ្មែរក្រហម បាញ់គំរាមប្រជាជនឲ្យចាក់ចេញពីភូមិស្វាយរលំ ដោយយកលេសថា វៀតណាមនឹងមកសម្លាប់ប្រជាជនបើមិនចាកចេញ។ ពេលនោះមានប្រជាជនមួយចំនួនដែលមិនព្រមចេញត្រូវបានខ្មែរក្រហម​ធ្វើបាប។ រីឯប្រជាជនដែលព្រមចេញពីស្រុកកំណើតគឺគេឲ្យធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតំបន់ដទៃផ្សេងទៀត។ សុផាន បានឃើញទុក្ខវេទនារបស់ប្រជាជនដែលជម្លៀសចេញដោយសារតែមានជនចាស់ជរា និង ក្មេង​ៗ ត្រូវធ្វើដំណើរគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។ សុផាន​ រៀបរាប់ថាអ្នក​ធ្វើដំណើរទាំងអស់យប់កន្លែងណាសម្រាកកន្លែងនោះ ហើយការសម្រាកគឺគ្មានកន្លែងត្រឹមត្រូវទេ ខ្លះជ្រកក្រោមតង់ និងខ្លះទៀតស្នាក់នៅក្រោមដើមឈើ។

សុផាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានឃើញទាហានខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិរបស់​ប្រជាជនរួមមាន៖ ស្រូវ អង្គរ និងរបស់របបប្រើប្រាស់ផ្សេងៗទៀត យកទៅទុកក្នុងសហករណ៍។ សុផាន ក៏បានឃើញ​សកម្មភាពសម្លាប់មនុស្សដូចជា៖ ការបណ្ដើរប្រជាជនយកទៅសម្លាប់​ជាក្រុមៗដោយចងដៃជាខ្សែៗដោយបិទមុខជិត និងការដឹកកងចល័តនារីទាំងឡានៗយកទៅសម្លាប់ដោយទម្លាក់ចូលទឹកទន្លេនៅឯម្តុំអ្នកលឿង​។ សុផាន ក៏បានឃើញ​សកម្មភាពដែលខ្មែរក្រហមបំផ្លាញ សាសនា ​ដូចជា ផ្សឹកព្រះសង្ឃ វាយចេតិយ បំផ្លាញព្រះពុទ្ធបដិមាករ និងយកទីធ្លាវត្តធ្វើជាកន្លែងបុកអង្ករ ចិញ្ចឹមសត្វជាដើម។

បច្ចុប្បន្ន សុផាន មានជំងឺប្រចំាកាយគឺជំងឺបេះដូងរីកដែលបណ្តាលឲ្យគាត់ឆាប់ហត់។ សុផានក៏មានជំងឺឈឺត្រចៀក ស្ពឹកដៃ ជើង ព្រមទាំងជំងឺឈឺចង្កេះមិនអាចអង្គុយយូរបាន៕

សំភាសន៍ដោយ ហម សាវឿន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

អត្ថបទ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin