ជីតាស្លាប់ដោយសារបេះបន្លែជុំវិញផ្ទះនៅសម័យខ្មែរក្រហម
(រតនគិរី)៖ តែល ឡ មានអាយុ ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត។
នៅក្រោមរបបខ្មែរក្រហម តែល ឡ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។ គាត់ត្រូវធ្វើការនៅក្នុងកងចល័ត ដែលមានការងារដូចជាភ្ជូរស្រែ លើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីសម្រាប់ដាក់វាលស្រែ អស់រយៈពេលជិតមួយឆ្នាំ។
បន្ទាប់មក គាត់ត្រូវបានខ្មែរក្រហមឲ្យទៅធ្វើការនៅក្នុងកងកុមារ ដោយគាត់ត្រូវឃ្វាលគោ ឃ្វាលក្របីជិតមួយឆ្នាំ ទើបខ្មែរក្រហមផ្លាស់ប្តូរគាត់ឲ្យទៅធ្វើការនៅក្រុមនេសាទវិញ។
តែល ឡ បានរៀបរាប់ពីបទពិសោធន៍ផ្ទាល់របស់គាត់ថា នៅកងចល័តមានការងារលំបាកដោយសារការងារច្រើន មានដូចជាត្រូវដើរជួយច្រូតកាត់ស្រូវនៅតាមភូមិដែលមិនទាន់ច្រូតកាត់រួចរាល់។ ប្រជាជនទាំងអស់មានការលំបាក ដោយត្រូវធ្វើការទាំងយប់ទាំងថ្ងៃ មានអ្នកខ្លះបានបាត់បង់ជីវិតដោយសារធ្វើការហួសកម្លាំង និងបរិភោគមិនគ្រប់គ្រាន់។ ខ្មែរក្រហមបានចែកអង្ករទៅតាមសហករណ៍នីមួយៗ ដើម្បីដាំបបររាវ និងលាយជាមួយបន្លែដែលគ្មានជីវជាតិ ដោយក្នុងមួយនាក់ទទួលបានមួយកូនចានតូចក្នុងមួយពេល និងបរិភោគតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។
គាត់ត្រូវងើបទៅធ្វើការចាប់ពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារបានប្រហែលកន្លះម៉ោង ទើបបន្តទៅធ្វើការរហូតដល់ម៉ោង៦ល្ងាច។
មានពេលខ្លះគាត់ធ្វើការទាំងគ្រុនក្តៅ និងរងារ រហូតដល់ម៉ោង១១យប់ ទើបបានឈប់សម្រាក ដោយគ្មានពាក្យត្អូញត្អែរនោះទេ។ ប្រសិនបើប្រធានកង ដែលចាំឃ្លាំមើលដឹងថា មានការត្អូញត្អែរ តវ៉ា ឬខ្ជិលច្រអូសនោះ ប្រធានកងនឹងបង្អត់អាហារ ឬសម្លាប់ចោល។
អ្នកដែលមានជំងឺធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយភាគច្រើនបានបាត់បង់ជីវិតដោយសារទៅព្យាបាលមិនទាន់ពេល ឬដោយសារពេទ្យចាក់ថ្នាំខុស។ ការព្យាបាលនៅសម័យនោះគឺគ្មានជំនាញច្បាស់លាស់ និងត្រឹមត្រូវនោះទេ។ តែល ឡ មិនហ៊ានទៅព្យាបាលនៅមន្ទីរនោះទេ គាត់បានយកទឹកឃ្មុំលាយទឹកសម្រាប់ហូបជំនួសថ្នាំ។
គាត់បានបន្តទៀតថា អ្នកដែលបេះដំណាំដាំដោយផ្ទាល់ដៃរបស់ខ្លួន នឹងត្រូវខ្មែរក្រហមចោទថាលួច ឬជាជនក្បត់អង្គការ។ អ្នកនៅក្នុងភូមិម្នាក់ឈ្មោះ យាយយ៉ាញ់ បានត្រូវខ្មែរក្រហមចាប់យកទៅរៀនសូត្រ ដោយសារគាត់បានបេះត្រួញបន្លែជុំវិញផ្ទះរបស់គាត់សម្រាប់ហូប។
ជីតារបស់ តែល ឡ ត្រូវបានខ្មែរក្រហមចាប់ចង និងបញ្ជាឲ្យជីករណ្តៅ បន្ទាប់មកគាត់ត្រូវបានខ្មែរក្រហមបាញ់សម្លាប់ គឺដោយសារគាត់បេះបន្លែនៅពេលកងឈ្លបខ្មែរក្រហមទៅដល់។ ចំណែកឯឪពុកមារបស់ តែល ឡ វិញត្រូវបានខ្មែរក្រហមសម្លាប់ដោយសារគាត់ខ្ជិលទៅបុកស្រូវ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤